ជាតិ
នយោបាយជាតិ
ឯកឧត្តម សម រង្ស៊ី បន្តប្រើសម្តីវាយប្រហារ ខណៈបក្សទាំងពីរ គ្រោងជួបគ្នា
× ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី បានវាយប្រហារសម្តេច ហ៊ុន សែន ខណៈបក្សទាំងពីរគ្រោងជួបគ្នាក្នុងពេលឆាប់ៗនេះ។ អ្នកវិភាគនយោបាយ មើលឃើញថា សារនយោបាយបែបវាយប្រហាររបស់មេបក្សប្រឆាំង អាចផ្តល់ផលមិនល្អ ដល់គម្រោងនៃការចរចា។ តែអ្នកនាំពាក្យបក្សកាន់អំណាច បែរជាអះអាងថា សម្តីរបស់មេបក្សប្រឆាំង មិនមានឥទ្ធិពល ដល់គម្រោងនៃការចរចា នោះទេ។ ចំណែកឯ អ្នកនាំពាក្យបក្សប្រឆាំងឯណោះវិញ សូមមិនបកស្រាយអ្វីទាំងអស់ ពាក់ព័ន្ធនឹងបញ្ហានេះ។
បើគ្មានការប្រែប្រួលនោះទេ បក្សកាន់អំណាច និងបក្សប្រឆាំង អាចនឹងមានជំនួបជាមួយគ្នា នៅក្រោយថ្ងៃទី១១ មករា ឆ្នាំ២០១៧នេះ។ គម្រោងនៃការរៀបចំកិច្ចចរចានយោបាយនេះ ត្រូវបានសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសកាលពីប៉ុន្មានថ្ងៃមុន ក្រោយទទួលបានសំណើពីឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
ខណៈដែលការចរចាខាងនយោបាយ ជិតនឹងកើតឡើង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ស្រាប់តែឆ្លៀតវាយប្រហារយ៉ាងធ្ងន់ៗ ទៅលើសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ កាលពីថ្ងៃទី៩ មករា មេបក្សប្រឆាំង ដែលត្រូវបានរដ្ឋាភិបាលទប់ស្តាត់មិនឲ្យវិលមកកម្ពុជាវិញ បានសរសេរលើទំព័រហ្វេសប៊ុកបែបនេះថា៖«អ្នកទោសនយោបាយនៅប្រទេសកម្ពុជា គ្រាន់តែជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដែលគាត់ប្រើប្រាស់ជាថ្នូរ ដើម្បីបង្ខំគណបក្សសង្គ្រោះជាតិ ឲ្យធ្វើអ្វីៗតាមតែគាត់ចង់បាន»។
ការសរសេររបស់ឯកឧត្តម សម រង្ស៊ី គឺអមជាមួយនឹងអត្ថបទរបស់កាសែត ខេមបូឌា ដេលី ដែលបានចុះផ្សាយពីលិខិតបែកធ្លាយមួយ ដោយបង្ហាញថាបក្សកាន់អំណាច មានចេតនាក្នុងការបំបែកផ្ទៃក្នុងបក្សប្រឆាំង។ ខេមបូឌា ដេលី ដែលអះអាងថា មានគេផ្ញើលិខិតបែកធ្លាយនោះ ទៅកាន់ស្ថាប័នខ្លួន បានសរសេរថា សម្តេច ហ៊ុន សែន បានស្នើឲ្យឯកឧត្តម កឹម សុខា ចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនណា ដែលប្រមាថលើគ្រួសារ សម្តេច ហ៊ុន សែន។
ខេមបូឌា ដេលី បានដកស្រង់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ មកសរសេរបែបនេះថា៖« ក្នុងករណី ដែលសមាជិកគណបក្សសង្គ្រោះជាតិណាមួយ មានចេតនាអាក្រក់ទាំងនេះ ហើយត្រូវបានរកឃើញ នោះគណបក្សមានសិទ្ធិបណ្ដេញជនទាំងនេះចេញ»។
បើតាមខ្លឹមសារក្នុងអត្ថបទរបស់កាសែត ខេមបូឌា ដេលី ដដែល ការប្រមាថចំពោះគ្រួសាររបស់សម្តេច ហ៊ុន សែន គឺសំដៅទៅលើ ការលើកឡើងថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់សម្តេច ប៊ុន រានី ជាមួយនឹងឧត្តមសេនីយ៍វៀតណាម។
តាមរយៈលិខិតបែកធ្លាយនោះ ឯកឧត្តម សម រង្ស៊ី សង្ស័យថា រដ្ឋាភិបាល កំពុងរិះរកមធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឱ្យមានការបណ្ដេញឯកឧត្តម ចេញពីគណបក្សសង្គ្រោះជាតិ។ នេះបើតាមខេមបូឌា ដេលី ដដែល។
អ្នកវិភាគនយោបាយ លោក មាស នី មិនបានលើកឡើងអ្វីចំពោះលិខិតបែកធ្លាយ ដែលត្រូវបានខេមបូឌា ដេលី និងសារព័ត៌មានមួយចំនួនទៀត បានចុះផ្សាយនោះទេ។ លោក មាស នី បែរមកចំអកឲ្យឯកឧត្តម សម រង្ស៊ី ថា ប្រើសារនយោបាយដដែលៗ ដែលបណ្តាលឲ្យសម្តីរបស់ខ្លួន បាត់បង់ឥទ្ធិពល។
លោក មាស នី រិះគន់ថា ឯកឧត្តម សម រង្ស៊ី ហាក់ដូចជាមិនស្គាល់កាលៈទេសៈ ដែលឆ្លៀតប្រើសម្តីធ្ងន់បែបនេះ ខណៈអ្នកនយោបាយក្នុងប្រទេសកម្ពុជា គ្រោងជួបគ្នា នៅពេលខាងមុខនេះ ដែលជាចំណុចចាម់ផ្តើម នាំឲ្យស្ថានការណ៍នយោបាយ ឈានទៅរកភាពល្អប្រសើរ។ អ្នកវិភាគរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំមើលទៅ អ្នកនយោបាយខ្មែរ ដូចជាមិនមានទេពកោសល្យក្នុងការប្រើពាក្យសម្តី។ គាត់ គួរតែដឹងថា ក្នុងកាលៈទេសៈនេះ អ្វីដែលគួរនិយាយ ហើយអ្វីមិនគួរនិយាយ។ គាត់គួរតែអត់ធ្មត់ ហើយរង់ចាំមើលសិន»។
លោក មាស នី បញ្ជាក់ចុងក្រោយថា គណបក្សប្រឆាំង អាចនឹងបែកបាក់ផ្ទៃក្នុង ប្រសិនបើឯកឧត្តម សម រង្ស៊ី នៅតែបន្តឥរិយាបថបែបនេះ។
ចំណែកឯ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបយ៉ាងខ្លីថា កម្ពុជា មិនមានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយ ដែលមានទោស។ ជាពិសេស លោក សុខ ឥសាន បានបដិសេធចំពោះការចោទប្រកាន់ថា សម្តេច ហ៊ុន សែន ជាអ្នកជាប់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍ខាងលើ ហើយមានចេតនា ក្នុងការបែកបំបាក់បក្សប្រឆាំង។
លោក សុខ ឥសាន បានចោទទៅឯកឧត្តម សម រង្ស៊ី វិញ ថា ជាអ្នកបង្កើតបញ្ហានេះឡើង ដោយខ្លួនឯង ហើយព្យាយាមទម្លាក់កំហុសឲ្យអ្នកដទៃ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានវាយប្រហារធ្ងន់ៗទៅកាន់ឯកឧត្តម សម រង្ស៊ី បែបនេះថា៖«គាត់ អស់អ្វីៗ ពីខ្លួនហើយ។ អ៊ីចឹងហើយ បានជាគាត់ ចេះតែភ័យ។ […..] ដល់ពេលអ៊ីចឹងទៅ គាត់ ចេះតែនិយាយទៅ។ គាត់ និយាយ លែងមានទំនួលខុសត្រូវហើយ»។
សម្រាប់លោក សុខ ឥសាន ឯកឧត្តម សម រង្ស៊ី ហាក់ដូចជាបាត់បង់តម្លៃក្នុងនាមជាអ្នកនយោបាយ នៅប្រទេសកម្ពុជាទៅហើយ។ ដូច្នេះ លោក ចាត់ទុកសារនយោបាយរបស់ឯកឧត្តម សម រង្ស៊ី ថាមិនមានឥទ្ធិពលអ្វី ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនាក់រវាងបក្សទាំងពីរ នោះទេ។ លោក បន្ថែមថា គម្រោងនៃការចរចា ក៏ប្រហែលជាមិនមានឧបសគ្គ ព្រោះតែសម្តីរបស់ឯកឧត្តម សម រង្ស៊ី ដែរ។
ដោយឡែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សូមមិនអត្ថាធិប្បាយអ្វីទាំងអស់ ដោយសារតែលោក មិនបានដឹងច្បាស់លាស់ ពីព័ត៌មាន ដែលទាក់ទងនឹងសេចក្តីថ្លែងការណ៍ នោះទេ។ លោក យឹម សុវណ្ណ និយាយថា៖«បើអាច សួរទៅលោកប្រធាន សម រង្ស៊ី ផ្ទាល់តែម្តងទៅ ឬក៏យកប្រសាសន៍របស់គាត់ នៅលើហ្វេសប៊ុកហ្នឹងតែម្តង ក៏បានដែរ ព្រោះរឿងខ្លះ ខ្ញុំមិនបានដឹងទេ»។
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ ក៏មិនបានបំភ្លឺដែរថា ហេតុការណ៍ ដែលបានកើតឡើងនេះ អាចនឹងប៉ះពាល់ដល់គម្រោងនៃការចរចានាពេលខាងមុន ឬយ៉ាងណានោះទេ។ លោក យឹម សុវណ្ណ សង្កត់ធ្ងន់ៗថា អ្វីដែលលោក កំពុងផ្តោតអារម្មណ៍ខ្លាំងជាងគេ គឺរក្សាស្ថានភាពនយោបាយឲ្យមានភាពល្អប្រសើរ ដើម្បីឈានទៅដល់ការចរចា ក្នុងការសុំឲ្យដោះលែងអ្នកទោសនយោបាយ រួមទាំងនិច្ចការបោះឆោះឆ្នោត។
លោក បញ្ជាក់ថា៖«រាល់ថ្ងៃហ្នឹងខ្ញុំគិតតែពីរឿងហ្នឹង ព្រោះវា សំខាន់ណាស់សម្រាប់ប្រទេសជាតិ។ ខ្ញុំមិនគិតអ្វីផ្សេងទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com