ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​ខុសច្បាប់៤៤នាក់ ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន
11, Jan 2017 , 9:54 am        
រូបភាព
ភ្នំពេញ៖ កម្លាំង​តម្រួត​ថៃ​បាន​ឃាត់ខ្លួន ពលករ​ខ្មែរ​ចំនួន៤៤នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​ការសម្របសម្រួល​ពី​មេខ្យល់។ ពលករ​ខ្មែរ​ទាំងនេះ ចំណាកស្រុក​ពី​ខេត្តសៀមរាប។


 
បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ពលរដ្ឋ​ខ្មែរ​ទាំង៤៤នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​បាន​នៅលើ​រថយន្ត​ចំនួន​ពីរ​គ្រឿង ដែល​បើកបរ​ដោយ​ជនជាតិ​ថៃ ក្នុង​គោលបំណង​នាំទៅ​កន្លែង​ការងារ ដែលមាន​ការធានា​ពី​មេខ្យល់។
 
អាជ្ញាធរ​ថៃ បាន​ឲ្យ​ដឹងថា តាម​ការសាកសួ​រលើព​លករ​ខ្មែរ​ទាំងនោះ ពួកគេ​ត្រូវបាន​មេខ្យល់​សន្យា​នាំមក​រក​ការងារ​នៅ​ទីក្រុង​បាងកក ដោយ​មេខ្យល់​នោះ​ទាមទារ​ឲ្យ​ពួកគេ​ចំណាយ​ប្រាក់​ក្នុងម្នាក់ៗ ២ ៥០០ បាត (ជិត៣០ម៉ឺន​រៀល)។
 
អាជ្ញាធរ​ថៃ បាន​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​ថៃ កំពុង​រឹតបន្តឹង​ទៅលើ​ការ​លបលួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ក្រៅប្រទេស ដើម្បី​រក្សា​សន្តិសុខ​ប្រទេស​ថៃ។  ហើយ​អាជ្ញាធរ​ថៃ ក៏​កំពុង​ស្វែងរក​តាម​ចាប់​មេខ្យល់ ដែល​នាំ​ពលករ​ខុសច្បាប់​ចូល​ទៅរក​ការងារ​ផងដែរ៕
 
 
 
 
 
 

Tag:
 ពលករ​ខ្មែរ
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com