អន្តរជាតិ
ចិន សប្បាយចិត្តខ្លាំង ពេលហ្វីលីពីន មិនដាក់សាលក្រមសមុទ្រចិនខាងត្បូងក្នុងរបៀបវារៈកិច្ចប្រជុំអាស៊ាន ប្រធានាធិបតីហ្វីលីពីន (ខាងឆ្វេង) ចាប់ដៃប្រធានាធិបតីចិន (ខាងស្តាំ) នាពេលប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចទៅកាន់ចិន
× រដ្ឋាភិបាលក្រុងប៉េកាំង បានសាទរ និងរីករាយចំពោះប្រធានវិលជុំអាស៊ានហ្វីលីពីន ដែលបាននិយាយថាសាលក្រមសមុទ្រចិនខាងត្បូង ដែលជាលិខិតូបករណ៍ដ៏ចម្រូងចម្រាសរវាងចិន និងហ្វីលីពីន នឹងមិនត្រូវដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ានឆ្នាំនេះ។ ក្រុងប៉េកាំង ក៏បានបញ្ជាក់ជាថ្មីដែរថា បញ្ហាសមុទ្រចិនខាងត្បូង មិនដែលធ្លាប់ ហើយ ក៏នឹងមិនមែនជាបញ្ហារវាងចិន និងអាស៊ានឡើយ។
អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo នៅថ្ងៃទី៥ មករា កន្លងទៅ បានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូង មាននៅក្នុងរបៀបវារៈរបស់អាស៊ាន ហើយ អាស៊ាន នឹងបន្តធ្វើការជាមួយនឹងគ្នានៅក្នុងឆ្នាំនេះដោយផ្តោតសំខាន់លើ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលមិនទាន់បញ្ចប់នៅឡើយនោះ និងសេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងគោលការណ៍នៃក្រមប្រតិបត្តិ។
លោកអនុរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា សាលក្រមសមុទ្រចិនខាងត្បូងរបស់តុលាការមជ្ឈត្តកម្មក្រុងឡាអេ មិនមាននៅក្នុងរបៀបវារៈអាស៊ាននោះទេ ដោយលោក ពន្យល់ថា សាលក្រមសមុទ្រចិនខាងត្បូង បានក្លាយជាផ្នែកមួយនៃច្បាប់អន្តរជាតិរួចទៅហើយ។ ជាងនេះទៅទៀតនោះ លោក យល់ឃើញថា បើដាក់សាលក្រុមសមុទ្រចិនខាងត្បូងក្នុងរបៀបវារៈ នោះបរិយាកាសនៃកិច្ចប្រជុំ នឹងមិនល្អនោះទេ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឲ្យក្រុងប៉េកាំង សប្បាយចិត្តខ្លាំង។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសនាសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ មករា ក្រុងប៉េកាំង ពិតជាស្វាគមន៍សេចក្តីថ្លែងការណ៍របស់ហ្វីលីពីន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang ក៏បានសង្កត់ធ្ងន់ថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហារវាងចិន និងប្រទេសអាស៊ានមួយចំនួនប៉ុណ្ណោះ ពោលគឺ មិនមែនជាបញ្ហារវាងចិន និអាស៊ានទាំងមូលឡើយ។
នាឱកាសដដែល ក្រុងប៉េកាំង ក៏បានអះអាងជាថ្មីម្តងទៀតថា ចិន នៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីលើបញ្ហាសមុទ្រចិនខាងត្បូងជាមួយនឹងភាគីពាក់ព័ន្ធដោយផ្ទាល់តាមរយៈការចរចា និងពិគ្រោះយោបល់ និងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ជាមួយនឹងប្រទេសអាស៊ានផងដែរ។
សូមជម្រាបផងដែរ បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះផលប្រយោជន៍អធិបតេយ្យ ដែលមានរដ្ឋពាក់ព័ន្ធដូចជារដ្ឋអាស៊ាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ រៀងរាល់កិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន មិនដែលរំលងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ នោះ ក៏ព្រោះបញ្ហានេះ មានរឿងចម្រូងចម្រាសច្រើន ដែលមិនទាន់ដោះស្រាយឲ្យបានចប់សព្វគ្រប់។ ចិន ដែលកំពុងបង្កើនវត្តមានយោធានៅក្នុងតំបន់ជម្លោះនោះ បានទាមទារតំបន់ជម្លោះស្ទើរតែទាំងស្រុង ដោយយោងតាមកត្តាប្រវត្តិសាស្ត្រ ខណៈរដ្ឋអាស៊ានទាមទារដោយអាងច្បាប់។
នៅថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦ កន្លងទៅ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្រុងឡាអេ បានចេញសាលក្រមតាមបណ្តឹងរបស់ហ្វីលីពីន ដោយសម្រេចឲ្យហ្វីលីពីន ឈ្នះក្តីលើចិន។ តុលាការ បានបកស្រាយថា សំអាងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានផ្នែកច្បាប់នោះទេ។ ជាងនេះទៅទៀតនោះ តុលាការ ក៏បានចាត់ទុកសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានទាំងការបង្កើតកោះសិប្បនិម្មិតសុទ្ធសឹងតែខុសច្បាប់ទៀត។ យ៉ាងណាក៏ដោយ ចិន ប្រកាសយ៉ាងដាច់ខាតថា មិនទទូលស្គាល់ សាលក្រមនោះទេ។ សម្រាប់ចិន សាលក្រមនោះ ប្រៀបប្រដូចនឹងក្រដាសសម្រាមយ៉ាងដូច្នេះឯង៕
Tag:
ចិន
ហ្វីលីពីន
អាស៊ាន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com