អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​បា​ម៉ា អំពាវនាវ​ឲ្យ​ប្រជាជន​បន្ត​ជឿជាក់​លើ​ប្រព័ន្ធ​«​ប្រជាធិបតេយ្យ​»
11, Jan 2017 , 12:43 pm         3700
រូបភាព
​ក្នុងពេល​ផ្តល់​សុន្ទរកថា​ចុងក្រោយ សារ​មួយ​ដ៏​សំខាន់​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ​ការអំពាវនាវ​ឲ្យ​ប្រជាជន​បន្ត​ជឿជាក់​លើ​«​របប​ប្រជាធិបតេយ្យ​» ដោយ​បន្ត​ចូលរួម​ប្រឡូក​ក្នុង​ឆាក​យោ​បាយ​ឲ្យ​សកម្ម​ឬ​ឈរឈ្មោះ​ប្រកួត​យក​តំណែង​សាធារណៈ​ផង​។ លោក​សង្កត់ធ្ងន់ថា ការ​ចាញ់ឈ្នះ​ជា​រឿង​ធម្មតា​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​។

​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ការជឿជាក់​លើ​របប​ប្រជាធិបតេយ្យ ដោយ​បន្ត​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​បញ្ហានយោបាយ​និង​សាមគ្គី​គ្នា​។ ហើយ «​ឈ្នះ​ឬ​ចាញ់​ក្នុង​នយោបាយ​» ជា​រឿង​ធម្មតា​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​។  
 
​លោក អូ​បា​ម៉ា បាន​លើកឡើងថា​៖«​បង្ហាញថា​អ្នក​ពេញចិត្ត ហើយ​ចូលរួម​ក្នុង​នយោបាយ​។ ពេលខ្លះ​អ្នកនឹង​ឈ្នះ ហើយ​ពេលខ្លះទៀត​អ្នក​ក៏​ចាញ់​ដែរ​»​។​
 
​លោក​បាន​ព្យាយាម​ពន្យល់​បន្ថែមថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ រឿង​សំខាន់បំផុត​ដែល​ប្រជាជន​ត្រូវធ្វើ​គឺ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​សុន្ទ​នា​ឬ​ពិភាក្សា​ជាមួយ​អ្នក​ដែលមាន​គំនិត​ផ្ទុយ​។ ហើយ​ការរក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មិនចាំបាច់​ត្រូវ​ទាល់តែ​មានគំនិត​ដូចគ្នា​ទេ តែ​វា​ត្រូវការ​ការ​សាមគ្គី​និង​ចូលរួម​ទាំងអស់គ្នា​។ 
 
​លោក អូ​បា​ម៉ា បន្ត​ដូច្នេះ​ថា​៖ «​ប្រជាធិបតេយ្យ​មិនត្រូវ​ការ​ភាពដូចគ្នា​ឡើយ តែ​វា​ត្រូវការ​ការ​សាមគ្គី​គ្នា​។ ហើយ​នយោបាយ​ត្រឹម​ជា​សមរភូមិ​មួយ​នៃ​គំនិត​យោបល់​។ នេះហើយ​ជា​វិធី​ដែល​គេ​រៀបចំ​ប្រជាធិបតេយ្យ​នោះ​»​។ 
 
​អ្វីដែល​លោក​លើកឡើង​សុទ្ធតែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​បរបទ​នយោបាយ​អាមេរិក​ក្រោយ​ពេលដែល សេដ្ឋី ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត អាមេរិក​។  ក្នុង​សុន្ទរកថា​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សង្កត់ធ្ងន់ថា​ជាថ្មី​ថា រដ្ឋបាល​លោក​នឹង​ធានាថា ការផ្ទេរអំណាច​ទៅ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ នឹងត្រូវ​រៀបចំឡើង​ដោយ​រលូន​ដូចដែល​លោក លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស (George W. Bush) ផ្ទេរអំណាច​ឲ្យ​លោក​ដូច្នេះ​ដែរ​។ ដែល​នេះ​ជា​ដំណើរការ​នៃ​ប្រជាធិបតេយ្យ​។ 
 
 យ៉ាងណា​ក៏ដោយចុះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទទួលស្គាល់ថា ប្រជា​ជា​ធិបតេយ្យ​អាច​ដើរទៅ​មុខ​បាន​ដរាបណា​មនុស្ស​គ្រប់គ្នា​មានឱកាស​ក្នុងការ​ទទួលបាន​ប្រយោជន៍​សេដ្ឋកិច្ច​។ ប្រយោជន៍​ទាំងនោះ​ដូចជា​ជីវភាព​រស់នៅ​ប្រសើរ​,​មានលទ្ធភាព​ចូលរួម​, មានការ​ងារ​ធ្វើ​ត្រឹមត្រូវ និង​ទទួលបាន​ប្រយោជន៍​សង្គម​ផ្សេងទៀត​។ នៅពេលដែល​គ្រប់គ្នា​មានឱកាស​ផ្នែក​សេដ្ឋកិច្ច ប្រជាធិបតេយ្យ​នឹង​អាច​ដំណើរ​ការល្អ ដោយសារ​វា​មានការ​ចូលរួម​សកម្ម​ពី​ប្រជាជន​ទូទៅ​៕
 
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next