ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង នឹង​ហៅ​រដ្ឋមន្ត្រី​យុត្តិធម៌ សាកសួរ​ករណី​លោក កែម ឡី នៅ​ខែកុម្ភៈ​
13, Jan 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មក​សាកសួរ​ព័ត៌មាន​បន្ថែម​លើ​ករណី​លោក កែម ឡី នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ​។​


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អេង ឆៃអ៊ាង បាន​និយាយថា គណៈកម្មការ​របស់លោក​បានសម្រេច​ឯកភាពគ្នា ក្នុងការ​កោះហៅ​លោក អង្គ វង្ស​វ​ឌ្ឍ​នា មក​ឆ្លើយបំភ្លឺ​ចំពោះមុខ​គណៈកម្មការ​ខ្លួន​រួចរាល់​ហើយ​។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង មិនទាន់​ដាក់សំណើ​នេះ​ទៅ​ប្រមុខ​រដ្ឋាភិបាល​នោះទេ ដោយ​រង់ចាំ​លោក​បញ្ចប់​បេសកកម្ម​នៅក្រៅ​ប្រទេស​សិន​។ «​នៅពេល​ខ្ញុំ​រួចរាល់​ពី​ការងារ​ត្រឡប់មកវិញ​នៅ​ចុងខែ​មករា​នេះ ខ្ញុំ​នឹង​រៀបចំ​ការអញ្ជើញ​រដ្ឋមន្ត្រី​យុត្តិធម៌​មក​សាកសួរ​នៅក្នុង​ខែ​ពីរ​(​កុម្ភៈ​) ។ ប៉ុន្តែ​យើង​មិនទាន់​កំណត់​ថ្ងៃ​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អេង ឆៃអ៊ាង ដែល​អះអាងថា លោក​នឹង​ព្យាយាម​ជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​សព​លោក កែម ឡី ។​
 
​គម្រោង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ ធ្វើឡើង​បន្ទាប់ពី​លោក អេង ឆៃអ៊ាង បរាជ័យ​ក្នុង​ការកោះហៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង មក​សាកសួរ​ករណី​ឃាតកម្ម​លោក កែម ឡី នេះ ដែល​ត្រូវបាន​ប្រធានរដ្ឋសភា​បដិសេធ​។​
 
​អ្នកស្រាវជ្រាវ និង​ជា​អ្ន​វិភាគ លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្តា​ម៉ា​ត​មួយ នា​ស្ថានីយ៍​សាំង​កាល់​តិច Caltex ក្បែរ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ។ ភ្លាមៗ​ក្រោយ​ឃាតកម្ម​ទៅលើ​លោក កែម ឡី សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ ដែល​បាន​អះអាងថា​ឈ្មោះ ជួប សម្លាប់​។ ប៉ុន្តែ​ជាង​៥​ខែ​ហើយ ដែល​គ្រួសារ​សព​លោក កែម ឡី នៅតែ​ទាមទា​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន លោក កែម ឡី ព្រមទាំង​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​របស់​ហាង​សាំង​កាល់​តិច​នោះ​ផង ៕

Tag:
 អេង ឆៃអ៊ាង​
 ​ អង្គ វង្ស​វ​ឌ្ឍ​នា​
 ​ កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com