អន្តរជាតិ
អធិរាជ អាគី​ហ៊ី​តុ អាច​នឹងដាក់​រាជ្យ​នៅ​ឆ្នាំ​២០១៩
11, Jan 2017 , 8:39 pm        
រូបភាព
​រដ្ឋាភិបាល​ជប៉ុន កំពុង​រៀបចំ​ផែនការ​ផ្លូវច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​អធិរាជ​អាគី​ហ៊ី​តុ អាចដាក់​រាជ្យសម្បត្តិ​នៅ​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ និង​ផ្ទេរ​រាជបល្ល័ង្ក​ថ្វាយ​រជ្ជទាយាទ ណា​រ៉ូ​ហ៊ី​តុ​។ បើសិនជា​មានរឿង​បែបនេះ​កើតឡើង​មែន អធិរាជ​អាគី​ហ៊ី​តុ នឹង​ក្លាយជា​អធិរាជ​ជប៉ុន​ដំបូង​គេ​ក្នុងពេល​២០០​ឆ្នាំ​ដែល​ដាក់រាជ្យ ខណៈដែល​ច្បាប់​ស្ដីពី​អធិរាជ មិន​អនុញ្ញាត​ឲ្យ​មានការ​ដាក់រាជ្យ​សម្បត្តិ​ឡើយ​។ អធិរាជ​អាគី​ហ៊ី​តុ បាន​លើក​ពី​រាជបំណង​ដាក់រាជ្យ ក្រោម​ហេតុផល​នៃ​ការចុះ​ខ្សោយ​ព្រះ​សុខភាព និង​ព្រះជន្ម​ជរា​របស់​ព្រះអង្គ​។​

​ប្រភព​ជាច្រើន​ពី​រដ្ឋាភិបាល​ជប៉ុន បាន​លើកឡើងថា រដ្ឋាភិបាល​កំពុងតែ​រិះរក​នីតិវិធី​ផ្លូវច្បាប់​ដែល​បើកផ្លូវ​ឲ្យ​អធិរាជ​អាគី​ហ៊ី​តុ ដាក់រាជ្យ​សម្បត្តិ​នៅ​ថ្ងៃទី​១ នៃ​ឆ្នាំ​២០១៩ និង​ផ្ទេរ​រាជ្យ​ថ្វាយ​បុត្រា ណា​រ៉ូ​ហ៊ី​តុ ដែលជា​រជ្ជទាយាទ​។ នេះ​មានន័យថា ពិធី​គ្រងរាជ្យ​បល្ល័ង្ក អាច​នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​៣១ ឆ្នាំ​២០១៨ ជា​ថ្ងៃ​ឆ្លង​ឆ្នាំ ឬក៏​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ឆ្នាំ​ថ្មី​តែម្ដង ហើយ​អធិរាជ អាគី​ហ៊ី​តុ ក៏​អាចដាក់​រាជ្យ​នៅ​អំឡុង​កាលបរិច្ឆេទ​ទាំងពីរ​នេះដែរ​។ 

​កាលពី​ខែសីហា ឆ្នាំមុន សារព័ត៌មាន​ជប៉ុន​បាន​ចុះផ្សាយ​ព្រោងព្រាត​ពី​ត៌មាន​នៃ​ការដាក់រាជ្យ​របស់​អធិរាជ អាគី​ហ៊ី​តុ​។ នៅពេលនោះ ទូរទស្សន៍​ជប៉ុន NHK ផ្សាយ​ថា អធិរាជ អាគី​ហ៊ី​តុ មិនមាន​បំណង​ដើម្បី​បន្ត​ជា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ទៀត​ទេ ខណៈដែល​ព្រះអង្គ មាន​ព្រះជន្ម​កាន់តែច្រើន និង​បាន​កាត់បន្ថយ​ព្រះរាជកិច្ច​ជាច្រើន ក៏ដូចជា​ផ្ទេរ​រាជកិច្ច​របស់​ទ្រង់ ឲ្យ​រជ្ជទាយាទ​ផងដែរ​។ ដោយសារ​រឿងនេះ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ទំនងជា​ចង់​ឲ្យ​ព្រះអង្គម្ចាស់ ណា​រ៉ូ​ហ៊ី​តុ ឡើង​គ្រងរាជ្យ​ឲ្យ​បាន​ឆាប់​នោះ​។​

​បើតាម​សារព័ត៌មាន The Japan Times រដ្ឋាភិបាល​លោក អា​បេ មាន​គម្រោង​បញ្ជូន​ច្បាប់​ពិសេស​មួយ​ទៅកាន់​ស្ថាប័ន​នីតិបញ្ញត្តិ​នៅ​ខែមករា​នេះ ដែល​សំដៅ​បើកផ្លូវ​ឲ្យ​អធិរាជ អាគី​ហ៊ី​តុ ដាក់រាជ្យ​បាន ប៉ុន្តែ​ច្បាប់​ពិសេស​នេះ នឹង​អនុវត្ត​សម្រាប់តែ​ករណី​អធិរាជ អាគី​ហ៊ី​តុ ប៉ុណ្ណោះ​។ សេចក្ដីព្រាងច្បាប់​ពិសេស​នេះ កំពុង​ពិនិត្យ​ដោយ​គណៈកម្មាការ​មួយ​តែងតាំង​ដោយ​រដ្ឋាភិបាល មុននឹង​បញ្ជូន​ទៅកាន់​សភា​ទាំងពីរ​។ សភា​ទាំងពីរ​របស់​ជប៉ុន ក៏​នឹង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​នេះ​ទៀត​ដែរ​។​

​ដោយសារតែ​រដ្ឋធម្មនុញ្ញ​ជប៉ុន​ហាម​អធិរាជ និយាយ ឬ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នយោបាយ​នោះ អធិរាជ​ជប៉ុន ទំនងជា​មិនអាច​កំណត់​កាលបរិច្ឆេទ​ដាក់រាជ្យ​ដោយផ្ទាល់​ព្រះអង្គ​បានឡើយ​។ កាលបរិច្ឆេទ​ដាក់រាជ្យ អាច​នឹងត្រូវ​កំណត់ដោយ​ក្រុមប្រឹក្សា​អធិរាជ និង​ស្ថាប័ន​ផ្សេងទៀត ស្របទៅតាម​សេចក្ដីព្រាងច្បាប់​ពិសេស​។ ដោយឡែក បញ្ហា​ដាក់រាជ្យ​នេះ ក៏​ជា​ប្រធានបទ​ក្នុងចំណោម​អ្នកនយោបាយ​ជប៉ុន  ដោយ​បក្សប្រឆាំង ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​អធិរាជ ជាជាង​ការធ្វើ​ច្បាប់​ពិសេស​។ 

​ដូច​ប្រទេស​កាន់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដទៃទៀត​ដែរ ព្រះ​ចៅ​អធិរាជ អាគី​ហ៊ី​តុ មិនមាន​អំណាច​អ្វី​ដូច​អធិរាជ​មុនៗ​នោះទេ​។ នេះ​ក៏​ដោយសារតែ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​សរសេរ​ដោយ​អាមេរិក មិនបាន​ផ្ដល់​អំណាច​អ្វី​ដល់​អធិរាជ​ឡើយ ព្រោះ​ខ្លាច​ដូច​សម័យ​សង្គ្រាមលោកលើកទី​ពីរ ដែល​ជប៉ុន​បង្ក​សង្គ្រាម និង​វាតទី​លើ​ទឹកដី​ជាច្រើន​។ ជាងនេះទៅទៀត នៅក្រោម​ច្បាប់​ជប៉ុន អធិរាជ​ជប៉ុន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ដាក់រាជ្យ​សម្បត្តិ​ឡើយ ហើយ​វា​ក៏​ជា​កម្រ​ដែល​អធិរាជ​ដាក់រាជ្យ​នោះ​។ អធិរាជ​ជប៉ុន​ចុងក្រោយ​ដែល​ដាក់រាជ្យ គឺ​អធិរាជ Kokaku ក្នុង​ឆ្នាំ​១៨១៧ ៕ 



Tag:
 ជប៉ុន​
  អាគី​ហ៊ី​តុ​
  ណា​រ៉ូ​ហ៊ី​តុ​
© រក្សាសិទ្ធិដោយ thmeythmey.com