អន្តរជាតិ
រុស្ស៊ីប្រាប់អាមេរិកថា ខ្លួនជួយអស់លទ្ធភាពហើយក្នុងការកម្ទេចក្រុមរដ្ឋឥស្លាមនៅស៊ីរី
× ប្រមុខការពារជាតិរុស្ស៊ី Sergei Shoigu បានប្រតិកម្មខ្លាំងៗទៅនឹងការអធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Ashton Carter លើកឡើងថា យុទ្ធនាការប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាមរបស់រុស្ស៊ីនៅស៊ីរី សឹងតែមិនទទួលបានលទ្ធផលអ្វីទាំងអស់ និងទុកឲ្យអាមេរិកជាអ្នកដោះស្រាយតែម្នាក់ឯង។ លើសពីនោះ ប្រមុខការពារជាតិរុស្ស៊ី ក៏ប្រាប់ឲ្យលោក Carter ត្រូវចេះប្រយ័ត្ន ពេលធ្វើការវាយតម្លៃស្ថានការណ៍ផងដែរ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu បានរិះគន់សមភាគីអាមេរិក Ashton Carter ដែលចាត់ទុកយុទ្ធនាការប្រឆាំងភេវកម្មរបស់រុស្ស៊ីនៅស៊ីរី ថាមិនទទួលបានអ្វីសោះ។ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែមករា លោក Shoigu និយាយថា លោក Carter ច្រឡំប្រទេសហើយ ដែលចាត់ទុករុស្ស៊ីមិនជួយអ្វីសោះនោះ ហើយលោក Carter ផ្ទាល់ត្រូវប្រយ័ត្នប្រយែងពេលនិយាយលើកក្រោយៗ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC នៅថ្ងៃទី៨ ខែមករា រដ្ឋមន្ត្រីការពារជាតិអាមេរិកអះអាងថា រុស្ស៊ី មិនបានជួយអ្វីឡើយ។ ពោល គឺរុស្ស៊ី ចូលមកស៊ីរី និងនិយាយថា ពួកគេនឹងប្រយុទ្ធក្រុមជ្រុលនិយមរដ្ឋឥស្លាម និងជួយដោះស្រាយជម្លោះនៅស៊ីរី។ ប៉ុន្តែរុស្ស៊ី មិនបានធ្វើអ្វីទេ ហើយចុងក្រោយនោះ អាមេរិកត្រូវប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមតែម្នាក់ឯង។ ហើយរុស្ស៊ី វាយប្រហារតែគោលដៅក្រុមឧទ្ទាមប្រឆាំងមួយចំនួន ដែលរុស្ស៊ីចាត់ទុកជាក្រុមរដ្ឋឥស្លាម ឬជាប់ពាក់ព័ន្ធក្រុមនេះប៉ុណ្ណោះ។
ប្រមុខការពារជាតិរុស្ស៊ី Sergei Shoigu បានទាត់ចោលការលើកឡើងខាងលើនេះ និងបានគូសបញ្ជាក់ថា កងទ័ពអាកាសរុស្ស៊ី បានបំពេញតាមបទបញ្ជាដែលទទួលបាន ខណៈដែលសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំមុខដោយអាមេរិក បានត្រឹមធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ លោក ក៏បានលើកឡើងពីការប្រឹងប្រែងរបស់កងទ័ពរុស្ស៊ីទាំងអស់ ដែលព្យាយាមកម្ចាត់ក្រុមជ្រុលនិយមរដ្ឋឥស្លាម។
«យើងសម្រេចបានគោលដៅ ដែលអគ្គមេបញ្ជាការកំពូលកំណត់កាលពីឆ្នាំមុន។ បើទោះជានេះជារឿងលំបាកសម្រាប់យើង ហើយយើងត្រូវការជំនួយពីអន្តរជាតិក៏ដោយ យើងមិនដែលទទួលជំនួយឡើយ។ ម្យ៉ាងទៀត ប្រតិបត្តិការនេះ តម្រូវឲ្យយើងបញ្ចេញគ្រប់កម្លាំងទាំងអស់រួមទាំងការបញ្ជូននាវាមួយក្រុមធំទៅកាន់ស៊ីរី ពង្រាយកងកម្លាំងអាកាស និងមន្ត្រីប៉ូលិសយោធាទៀតផង»។ នេះជាការលើកឡើងរបស់លោក Shoigu ទាក់ទងនឹងការព្យាយាមរបស់រុស្ស៊ីដែលចេញផ្សាយក្នុងសារព័ត៌មាន RT ។
តាំងពីដើមទីមក ក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន មានទស្សនៈ និងគោលដៅផ្ទុយគ្នាលើទាំងជម្លោះនៅស៊ីរី និងការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាម។ អាមេរិក ចោទរុស្ស៊ីថា គិតតែជួយការពាររបបប្រធានាធិបតីអាសាដ និងវាយប្រហារតែគោលដៅក្រុមឧទ្ទាមប្រឆាំង។ ឯរុស្ស៊ីឆ្លើយវិញថា អាមេរិកមិនជួយសហការដើម្បីកំណត់មុខសញ្ញាក្រុមឧទ្ទាម ឬក្រុមជ្រុលនិយមឲ្យច្បាស់ឡើយ គឺគិតតែរឿងទម្លាក់លោក អាសាដ ពីតំណែងប្រធានាធិបតីប៉ុណ្ណោះ៕
Tag:
អាមេរិក
រុស្ស៊ី
ក្រុមរដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com