ពីនេះ ពីនោះ
ឯកសារ​សត្វ​៖ ​កំប្រុក​ស្លាប​តូច មាននៅ​ក្បែរ​ព្រះរាជដំណាក់​ខេត្តសៀមរាប
13, Jan 2017 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ កំប្រុក​ស្លាប​តូច មាន​ប្រវែង​ដងខ្លួន​ពី​១៣០-១៨៤​ម​.​ម និង​មាន​ប្រវែង​កន្ទុយ​ពី​១០០-១៤០​ម​.​ម​។ វា​ជា​ប្រភេទ​ដែលមាន​មាឌតូច ដែល​ខ្នង​របស់​វា​មាន​ពណ៌​ក្រហម​ត្នោត និង​ថ្ពាល់​ក្រហម​។ ផ្នែក​ខាងក្រោម​មាន​ពណ៌​ប្រផេះ​ស្រាល​, កន្ទុយ​មាន​រាង​សំប៉ែត និង​មាន​ពណ៌​ទឹកក្រូច​។

 
​ជីវសាស្ត្រ​៖ កំប្រុក​ប្រភេទ​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ព្រៃស្រោង ដែលមាន​រយៈកម្ពស់រ​ហូត​ដល់​ទៅ​១០០០​ម៉ែត្រ​។ វា​ធ្វើ​សម្បុក​នៅក្នុង​ប្រហោង​ឈើ ដែលមាន​កម្ពស់​យ៉ាងហោចណាស់ ៤​ម៉ែត្រ​ពី​ដី​។ 
 
​រប៉ាយ​រស់នៅ​៖ ប្រភេទ​កំប្រុក​ស្លាប​តូច​នេះ ក៏​ជា​ប្រភេទ​សត្វ​រាត្រីចរ និង​រស់នៅក្នុង​ប្រហោង​ឈើ​ដូច​កំប្រុក​ស្លាប​ធំ​ដែរ​។ ប៉ុន្តែ ពេលខ្លះ​យើង​អាច​ឃើញ​ពួកវា​នៅពេល​ព្រលប់​ផងដែរ​។ ពួកវា​មាន​ភាព​ធន់ ឬ​បន្សាំ​ក្នុងការ​រស់នៅ​តាម​ប្រភេទ​ព្រៃ​ដែល​រិច​រិល និង​អាច​ឃើញ​រស់​នៅតាម​ភូមិ និង​ទីប្រជុំជន​មួយចំនួន ដែលមាន​ដើមឈើ​។ កំប្រុក​ប្រភេទ​នេះ គេ​នៅតែ​អាច​មើលឃើញ​វា​បាន​ច្បាស់​នៅតាម​ដើមឈើ​ខ្ពស់ៗ​នៅក្បែរ​ព្រះរាជដំណាក់​ខេត្តសៀមរាប​ផងដែរ​។ 
 
​ស្ថានភាព​អភិរក្ស​៖ ពួកវា​មាន​ដង់ស៊ីតេ​រស់នៅ​ច្រើន​បង្គួរ ទោះបីជា​យ៉ាងណាក៏ដោយ ពួកវា​ក៏​កំពុងតែ​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង​ទៅលើ​ការបាត់បង់​ទីជម្រក និង​រស់នៅ​លាក់ខ្លួន​នៅតាម​តំបន់​ស្ងាត់​ដាច់ស្រយាល​ក្នុងព្រៃ​ប្រទេស​កម្ពុជា​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com