កីឡាជាតិ
ជាតិ
ការ​ឈរលើ​ឡាវ​ក្នុង​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ជា​ទិសដៅ​ធំ​របស់​កម្ពុជា​
11, Jan 2017 , 5:08 pm        
រូបភាព
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បានចាត់ទុក​ឆ្នាំ​២០១៧ ជា​ឆ្នាំ​ដែល​ត្រូវធ្វើ​ការងារ​ច្រើន​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​។ ដោយ NOCC កំណត់​ទិសដៅ​ធ្វើយ៉ាងណា​បង្កើន​ចំនួន​មេដាយមាស ជាពិសេស​ការ​ឈរ​នៅលើ​ឡាវ​ជា​គោលបំណង​ធំ​របស់​កម្ពុជា​។ ប៉ុន្តែ​បើ​កម្ពុជា​ឈរ​នៅក្រោម​ឡាវ​កិត្តិយស​នឹង​ធ្លាក់ចុះ​។​

 
​កម្ពុជា​ដែល​បាន​ហក់​ឡើងទៅ​ឈរលើ​ឡាវ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៨​នៅ​សិង្ហ​បុរី បានកំណត់​ទិសដៅ​ធ្វើយ៉ាងណា​រក្សា​តំណែង​ឲ្យ​បាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​ឆ្នាំ​២០១៧​នៅ​ម៉ាឡេស៊ី ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា​។ លើសពីនេះ​ធ្វើយ៉ាងណា​បង្កើន​ចំនួន​មេដាយមាស​ឲ្យ​បាន​ច្រើនជាង​លើក​មុន​។​
 
​ការកំណត់​ទិសដៅ​ដោយ​ផ្តោត​សំខាន់​លើ​ការរក្សា​តំណែង​ឈរលើ​ឡាវ​នេះ​ជា​ទិសដៅ​ធំ​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានដាក់​ចេញ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។ ម្យ៉ាងទៀត វា​ជា​រឿង​មុខមាត់ និង​កិត្តិយស​របស់​ជាតិ តែបើ​កម្ពុជា​ធ្លាក់ចុះ​មកក្រោម​ឡាវ​នោះ​កិត្តិយស​ក៏​ធ្លាក់ចុះ​ផងដែរ​។   
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែលជា​ថ្នាក់ដឹកនាំ​កីឡា​បាន​ប្តេ​ជា្ញ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​នៅលើ​ឡាវ​។ ដោយ​លោក​នឹង​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ឲ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរ​នៅ​ឆ្នាំនេះ ហើយ​លោក​រំពឹងថា តេ​ក្វាន់​ដូ និង​ប៉េតង់ នឹង​អាច​ដណ្តើម​មេដាយមាស​ជូន​កម្ពុជា​។​
 
​អ្នកជំនាញ​កីឡា​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ត្រូវ​រក្សា​ចំណាត់ថ្នាក់​របស់​យើង​ឲ្យ​នៅលើ​ឡាវ ហើយ​ត្រូវ​បង្កើន​ចំនួន​មេដាយមាស តែបើ​យើង​ធ្លាក់​មក​នៅក្រោម​ឡាវ យើង​ពិតជា​លំបាក​ហើយ គឺ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​យើង​នឹង​ធ្លាក់ចុះ​។ អ៊ីចឹង​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រក​គ្រប់​មធ្យោបាយ និង​គ្រប់​វិធី​ទាំងអស់​ធ្វើយ៉ាងណា​ឲ្យ​បាន​នៅលើ​ឡាវ ខណៈ​តេ​ក្វាន់​ដូ និង​ប៉េតង់ ជាដើម អាចឈាន​ទៅរក​មេដាយ​មាស​ក្នុង​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​»​។​


 
​គួររំឭកថា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៨ នៅ​សិង្ហ​បុរី កម្ពុជា បាន​ឡើង​មកឈរ​ចំណាត់ថ្នាក់​លេខ​៨ គឺ​លើ​ប្រទេស​ឡាវ​ជា​លើកដំបូង ក្រោយ​ឈ្នះ​បាន​មេដាយមាស​១ ប្រាក់​៥ និង​សំរឹទ្ធ​៩ ចំណែក​ឡាវ ដែល​ធ្លាប់​ឈ្នះ​បាន​មេដាយមាស​ច្រើនជាង​កម្ពុជា​នាពេល​កន្លងមក បែរជា​មិន​ដណ្តើមបាន​មេដាយមាស​សូម្បី​តែមួយ គឺ​បានតែ​មេដាយប្រាក់​៤ និង​សំរឹទ្ធ​២៥៕ 

Tag:
 ស៊ី​ហ្គេម​លើក​ទី​២៩
  វ៉ា​ត់ ចំរើន​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com