អន្តរជាតិ
ប្រធានអាស៊ានរំពឹងសម្រេចបាន«ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»នៅឆ្នាំនេះ ស្របពេលចិន ក៏មានកិច្ចសហការល្អ
× ប្រធានវិលជុំអាស៊ាន ហ្វីលីពីន មានសង្ឃឹមថា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (CoC) ដែលមានភាគីពាក់ព័ន្ធជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ័៍ និងចិន អាចនឹងបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំ២០១៧នេះ។ ការហ៊ានអះអាងរបស់រដ្ឋាភិបាលក្រុងម៉ានីលបែបនេះ ក៏ដោយសារ បច្ចុប្បន្នក្រុមការងារតាក់តែង កំពុងតែបន្តការងារនេះទាំងគ្រប់លំដាប់ថ្នាក់ ខណៈក្រុងប៉េកាំង ក៏មានកិច្ចសហការល្អជាមួយផងដែរនោះ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay នៅថ្ងៃទី១១ មករា បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖« ក្នុងពេលដែលយើង កំពុងតែនិយាយ យើង ក៏កំពុងតែបន្តការងារក្នុងការពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់យើង មន្ត្រីថ្នាក់ក្រោម ហើយកិច្ចពិភាក្សានេះ ក៏កំពុងតែទៅមុខផងដែរ។ កត្តានេះហើយ ដែលយើង មានសង្ឃឹមថា យើងអាចទទួលបានក្រមប្រតិបត្តិមួយត្រឹមពាក់កណ្តាលឆ្នាំ២០១៧។» នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters។
នាឱកាសដដែលនោះ លោកប្រមុខការទូត ក៏បានសង្កត់ធ្ងន់ទៀតថា ចិន បានមានកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការជួយជំរុញការងារក្នុងការសម្រេចឲ្យបានក្រមប្រតិបត្តិនេះ។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។
សូមជម្រាបផងដែរថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យដែលមានរដ្ឋពាក់ព័ន្ធដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ កន្លងមក លិខិតូបករណ៍ដែលបញ្ញត្តិពីយន្តការ និងដំណោះស្រាយសមុទ្រចិនខាងត្បូង ដែលធ្វើឡើងដោយអាស៊ាន និងចិន គឺមានតែមួយប៉ុណ្ណោះ។ នោះគឺសេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DoC) ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំអាស៊ាន និងចិន នៅឆ្នាំ២០០២ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ក្នុងពេលនៃការចុះហត្ថលេខាលើសេចក្តថ្លែងការណ៍ DoC មេដឹកនាំអាស៊ាន ក៏ព្រមព្រៀងក្នុងការបន្តកិច្ចប្រឹងប្រែងការចរចាដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិ (CoC) ផងដែរ។ ក្រមប្រតិបត្តិការនេះ ត្រូវបានផ្អាកចរចាជាច្រើនលើកច្រើនសារមកហើយ ដ្បិត ភាគីពាក់ព័ន្ធនៃជម្លោះ មិនមានការឯកភាពគ្នា ជាពិសេសនោះ ការជំទាស់ពីចិន។ បើក្រមប្រតិបត្តិ ពិតជាអាចសម្រេចបានមែននោះ វា ក្លាយជាលិខិតូបករណ៍លក្ខណៈចាប់បង្ខំមួយរវាងអាស៊ាន និងចិន ដែលបញ្ញត្តិពីយន្តការ និងដំណោះស្រាយសមុទ្រចិនខាងត្បួងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
នៅថ្ងៃទី៥ មករា កន្លងទៅ អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ក៏បានអះអាងដែរថា បញ្ហាសមុទ្រចិនខាងត្បូង មាននៅក្នុងរបៀបវារៈរបស់អាស៊ាន ហើយ អាស៊ាន នឹងបន្តធ្វើការជាមួយនឹងគ្នានៅក្នុងឆ្នាំនេះដោយផ្តោតសំខាន់លើ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលមិនទាន់បញ្ចប់នៅឡើយនោះ និងសេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងគោលការណ៍នៃក្រមប្រតិបត្តិ៕
Tag:
ហ្វីលីពីន
ចិន
អាស៊ាន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com