ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP បន្ត​ស្នើ​រដ្ឋាភិបាល​ផ្តល់​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​ដល់​ព្រះសង្ឃ​
11, Jan 2017 , 5:39 pm         3648
រូបភាព
​ភ្នំពេញ​៖ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានស្នើ​រដ្ឋាភិបាល តាមរយៈ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ឲ្យ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ព្រះសង្ឃ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ និង ជ្រើសរើស​អ្នកតំណាងរាស្ត្រ នាពេលខាងមុខ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​ព្រះសង្ឃ ទោះបីជា​ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ត្រូវបាន​បិទ​បញ្ចប់​ក្តី​។​
 
​ដោយ​ច្បាប់បោះឆ្នោត​រារាំង​មិន​ឲ្យ​បុព្វ​ជិត​ប្រឡូក​ចូល​នយោបាយ មន្ត្រី​គណបក្សប្រឆាំង​ដែល​ចង់​ឲ្យ​អ្នកបួស​ចូលរួម​ប្រឡូក​ក្នុង​នយោបាយ​រូបនេះ ចាត់ទុក​ការមិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​បោះឆ្នោត​ជាការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​ជ្រើសរើស​មេឃុំ សង្កាត់ និង​អ្នកតំណាងរាស្ត្រ​ដែរ​។​
 
​លោក យ៉ែម ប៉ុ​ញ្ញា​ឫទ្ធិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ស្តាប់​ការបំភ្លឺ​របស់លោក ហ៊ឹម ឆែម កាលពី​ថ្ងៃទី​១០ មករា​នេះ​ដូច្នេះ​ថា​៖«​ព្រះសង្ឃ​មាន​សិទ្ធិ​ជ្រើសរើស​អ្នកដឹកនាំ​នយោបាយ​មិន​ខុស​ទេ ព្រោះ​ព្រះសង្ឃ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែរ គឺ​មិន​ប៉ះពាល់​តម្លៃ​សាសនា​ទេ​»​។​
 
​លោក​បាន​ជម្រាប​ប្រាប់​រដ្ឋមន្ត្រី​ធម្មការ​ឲ្យ​ស្នើ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​មាន​រូបថត​លើ​អត្តសញ្ញាណ​ខ្មែរ ក្នុងនាម​ជា​អ្នកបួស បន្ថែម​លើ​ព្រះ​ឆាយា​សង្ឃ (​បណ្ណ​សម្គាល់​សង្ឃ​) ដែលមាន​ស្រាប់ បច្ចុប្បន្ន ដើម្បី​ឲ្យ​លោក​អាចបំពេញ​សិទ្ធិ​បោះឆ្នោត​ដូច​ពលរដ្ឋ​ធម្មតា​ដែរ​។​
 
​ជាការ​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បាន​ទទួលយក​សំណើ​រលោក យ៉ែម ប៉ុ​ញ្ញា​ឫទ្ធិ ទៅពិនិត្យ​ពិចារណា​បន្តទៀត​។​
 
​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ និង​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ ២០១៣ កន្លងទៅ មានការ​ប្រទាំង​ប្រទាស់ នឹង​លទ្ធផល​បោះឆ្នោត​រវាង​គ​ណ​បក្ស​ប្រជាប្រិយភាព​ទាំងពីរ ដោយហេតុថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​សំឡេង ៥៥​កៅអី ចំណោម​កៅអី ១២៣ ក្នុង​រដ្ឋសភា​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ឆ្នោត​។ ហេតុ​នាំ​ឲ្យ​មាន​ការតវ៉ា​ទាមទារ​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ដោយ​ព្រះសង្ឃ​ចូលរួម​សកម្មភាព​តវ៉ា​ផង​។ ក្រោយ​ការចរចា គណបក្ស​ប្រជាជន និង គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​សម្រេច​បង្កើត​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី រួមគ្នា ក្នុងនោះ មាន ទាំង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឯករាជ្យ​មួយរូប​ផង​។​
 
​ការបង្កើត​សមាសភាព គ​.​ជ​.​ប រួមគ្នា​ថ្មី​រួម ឈានដល់​ការតាក់តែង​ច្បាប់បោះឆ្នោត​ថ្មី ដែល​បាន​រារាំង​ព្រះសង្ឃ​ដែល​ស្ថិតក្នុង​បាវចនា​កំពូល​ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ មិន​ប្រើប្រាស់​ឆាយ​សង្ឃ​សម្រាប់​បោះឆ្នោត ដូច​មុន​។ មាត្រា ១២ ក្នុង​ជំពូក​ទី ៣ ស្តីពី ការចុះឈ្មោះ​ឆ្នោត និង​បញ្ជី​បោះឆ្នោត នៃ ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី បាន​ចែងថា ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​
 
​ដូចគ្នា​ដែរ មាត្រា ៤៦ នៃ​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ បានចែង​បញ្ជាក់ថា ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ ច្បាប់​ទាំងពីរ​ខាងលើ ពុំ​បានចែង​បញ្ជាក់ថា ព្រះសង្ឃ​អាច​ប្រើ​ឆាយា​សង្ឃ ឬ​អត្តសញ្ញាណ​ប​ណ្ណស​ញ្ញាតិ​ខ្មែរ​សម្រាប់​បោះឆ្នោត​ឡើយ​។​
 
​ប៉ុន្តែ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​បានប្រកាស​ប្រឆាំង​ការបង្កើត​ច្បាប់​រារាំង​សិទ្ធិ​ព្រះសង្ឃ​បោះឆ្នោត​ជា​បន្តបន្ទាប់​។ ព្រះ​តេជគុណ លួ​ន សាវ៉ាត ដែល​តែង​ចេញមុខ​ដឹកនាំ​ការតវ៉ា​ខ្លាំង ចាត់ទុក​ច្បាប់​ខាងលើ ជា​គោលបំណង​របស់​គណបក្ស​កាន់អំណាច​រារាំង​បុព្វ​ជិត ដែល​យល់ដឹង​ជ្រៅជ្រះ​បញ្ហា បញ្ចេញ​សិទ្ធិ​ជំទាស់​នឹង​ទង្វើ​អយុត្តិធម៌​ក្នុងសង្គម​របស់​រដ្ឋាភិបាល​។​
 
«​អតីតកាល​នៃ​បញ្ហា គឺជា​ការចង់បាន​ផលប្រយោជន៍​នយោបាយ និង​សំឡេងឆ្នោត​។ មិនមែន​ធ្វើ​ច្បាប់ ដើម្បី​លើក​តម្លៃ និង​ការពារ​ផលប្រយោជន៍​ពុទ្ធសាសនា​ទេ​។ នេះ​យើង​មើលឃើញ ថា ផុស​នៅលើ​គោក​សុទ្ធសាធ​»​។  ព្រះអង្គ លួ​ន សាវ៉ាត ធ្លាប់មាន​ដីកា​បញ្ជាក់​។​
 
​តាម​លោក យ៉ែម បុញ្ញឫទ្ធិ បច្ចុប្បន្ន កម្ពុ​ជាមាន​ព្រះសង្ឃ​ជាង ៦​ម៉ឺន​អង្គ ចំណោម​ពលរដ្ឋ​ប្រមាណ ១៥​លាន​នាក់​៕
Tag:
 យ៉ែម បុញ្ញឫទ្ធិ​
  អត្តសញ្ញាណ​បណ្ណ​
  ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង