អន្តរជាតិ
ក្រៅពី​រម្លឹក​មរតក​ន​យោ​បាយ អូ​បា​ម៉ា អរគុណ​និង​លា​ប្រជាជន​អាមេរិក​ក្នុង​សុន្ទរកថា​ចុងក្រោយ​
11, Jan 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានផ្តល់​សុន្ទរកថា​ជា​លើកចុងក្រោយ​ទៅកាន់​ប្រជាជន​អាមេរិក​មុន​លោក​ផ្ទេរអំណាច​នៅ​ថ្ងៃ ២០  មករា​ខាងមុខ​។ ថ្លែង​សុន្ទរ​ថា​ប្រកបដោយ​មនោសញ្ចេតនា និង​អារម្មណ៍​ជ្រាលជ្រៅ​បំផុត​នោះ ប្រធានាធិបតី​ស្បែក​ខ្មៅ​ដែល​អ្នកផង​ទាំងពួង​ចូលចិត្ត​នេះ​ផ្តោតអារម្មណ៍​លើ​បញ្ហា​ជាច្រើន​តាំងពី​បញ្ហានយោបាយ​ក្នុង​ស្រុង ដល់​បញ្ហា​សន្តិសុខ​,​បញ្ហា​បរិស្ថាន និង សមិទ្ធផល​នយោបាយ​ដែល​លោក​ម្រេច​បាន​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ​។



សូមស្តាប់ពត៌មានលម្អិត




​សុន្ទរកថា​ចុងក្រោយ​របស់​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានក្លាយ​ជា​សារ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​អាមេរិក​និង​ប្រជាជន​ទាំងអស់​លើ​ពិភពលោក​។ ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​នេះ ស្ត្រី​ទីមួយ​លោកស្រី Michelle Obama, អនុ​ប្រធានាធិបតី Joe Biden, បណ្តា​មន្ត្រី​ដែល​បំពេញការងារ​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សុទ្ធ​តែមាន​វត្តមាន​។ ហើយ​សុន្ទរកថា​ចុងក្រោយ​បង្កប់​ដោយ​មនោសញ្ចេតនា និង​អារម្មណ៍​ជ្រាលជ្រៅ​បំផុត ហើយ​វា​បង្ហាញ​ពី​ភាព​អាឡោះអាល័យ​នៅពេលដែល​ប្រធានាធិបតី​ទី ៤៤ ត្រូវ​ចាកចេញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។

​សុន្ទរកថា​ចុងក្រោយ​នេះ ក្រៅពី​រំលឹក​ឡើងវិញ​សមិទ្ធផល​ទាំង​អម្បាលម៉ាន​ដែល​លោក​សម្រេចបាន​ក្នុងពេល ៨​ឆ្នាំ លោក​បាន​ទាញយក​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​។ ប៉ុន្តែ​ប្រធានាធិបតី​រូបនេះ​នៅតែ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​សហរដ្ឋអាមេរិក​ដោយ​លោក​បន្ត​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ចូលរួម​ឲ្យ​សកម្ម​ក្នុង​រឿង​នយោបាយ និង​បន្ត​ជឿជាក់​លើ​«​ប្រព័ន្ធ​ប្រជាធិបតេយ្យ​»​។ លោក​បញ្ចប់​សុន្ទរកថា​ដោយ​ប្រើ​ពាក្យស្លោក «Yes we can. Yes we did. Yes we can»​។

១.«Chicago» កន្លែង​មាន​អនុស្សាវរីយ៍​ច្រើន​សម្រាប់​លោក អូ​បា​ម៉ា​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានជ្រើសរើស​យក​ទីក្រុង Chicago ដើម្បី​ផ្តល់​សុន្ទរកថា​ចុងក្រោយ មុន​ចេញ​លោក​ចាក​ពី​តំណែង​។ តាមពិតទៅ​ប្រធានាធិបតី​រូបនេះ​បាន​ត្រឡប់​ទៅកាន់​ទីក្រុង Chicago ជា​កន្លែង​ដែល​លោក​ប្រកាស​ជ័យជម្នះ​ក្នុង​ឆ្នាំ ២០០៨​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ Chicago ជា​កន្លែង​ពិសេស​សម្រាប់​លោក​គឺ វា​ក៏​ជា​ស្រុកកំណើត​, ជា​កន្លែង​ដែល​លោក​បាន​ជួប​លោកស្រី Michelle Obama និង​ជា​កន្លែង​ដែល​ចាប់ផ្តើម​ការងារ​សាធារណៈ​មុន​ឈានទៅ​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ដែរ​។

២. អូ​បា​ម៉ា រំលឹក​សមិទ្ធផល​សំខាន់ៗ ៨​ឆ្នាំ​

​ប្រធានាធិបតី អូ​បា​ម៉ា បាន​ឆ្លៀត​លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​រដ្ឋបាល​លោក​សម្រេច​ក្នុងពេល ៨​ឆ្នាំ​។ សមិទ្ធផល​នេះ​មិន​ត្រឹមត្រូវ​ជួយ​ប្រជាជន​អាមេរិក​ឲ្យ​រួច​ផុតពី​បញ្ហាលំបាក​សេដ្ឋកិច្ច​និង​សង្គម​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​រក្សា​សន្តិសុខ​ផង​ដល់​ប្រជាជន​អាមេរិក​ដែរ​។​

​រឿង​សមិទ្ធផល​សេដ្ឋកិច្ច គេ​ចាំបាន​ច្បាស់​ថា ប្រធានាធិបតី​រូបនេះ​ចូលកាន់​តំណែង​ពេលដែល​សេដ្ឋកិច្ច​អាមេរិក​ស្ថិតក្នុង​វិបត្តិ​។ រដ្ឋបាល​លោក​បាន​ប្រឹងប្រែង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ស្ថា​រ​សេដ្ឋកិច្ច​នេះ​ឡើងវិញ​និង​កាត់បន្ថយ​អត្រា​អ្នកគ្មានការងារ​ធ្វើ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះ​។

​សមិទ្ធផល​សំខាន់​ផ្សេងទៀត ដែល បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ដែរនោះ​មានការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា​វិញ​,  ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​, គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស និង​ការ​កម្ចាត់​ក្រុម​ភេរវជន​ក្នុងនោះ​មានការ​សម្លាប់​មេខ្លោង​ក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន​។ 

​រឿង​ប្រឆាំង​ភេរវកម្ម លោក​បាន​ឆ្លៀត​អួតអាង​ថា រដ្ឋបាល​លោក​បាន​កម្ចាត់​ក្រុម​ភេរវជន​រាប់ម៉ឺន​នាក់​ហើយ​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​បាន​កម្ចាត់​មេខ្លោង​ក្រុម​នេះ​ជា​បន្តបន្ទាប់​និង​បាន​ដណ្តើម​ទឹកដី​បាន​ពាក់កណ្តាល​ពីនេះ​។ លោក​ប្រកាសប្រាប់​អ្នកចូលរួម​ដោយមាន​ជំនឿ​ចិត្ត​ខ្ពស់ ថា​ក្រុម​នេះ​នឹងត្រូវ​កម្ចាត់​ចោល​ឆាប់ៗ ហើយ​«​រាល់​អ្នក​ដែល​គំរាមកំហែង​អាមេរិក​មិនដែល​នៅបាន​សុខសាន្ត​ឡើយ​»​។​

 ៣.​អូ​បា​ម៉ា នៅ​បារម្ភ​ពី​បញ្ហា​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរស្បែក​ក្នុងសង្គម​អាមេរិក​

​ក្រៅពី​ការជាប់ឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ រឿង​មួយទៀត​ដែល​ធ្វើ​ឲ្យ​លោក អូ​បា​ម៉ា ខ្វាយខ្វល់​គឺ «​ការរើសអើង​ជាតិ​សាសន៍​និង​ពណ៌​សម្បុរស្បែក​»​នៅ​បន្ត​ចាក់ស្រេះ​ក្នុងសង្គម​អាមេរិក​។​

​គេ​ធ្លាប់​គិតថា សមាជិក​ព្រឹទ្ធ​ស្បែក​ខ្មៅ បា​រ៉ា​ក់ អូ​បា​ម៉ា ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឆ្នាំ ២០០៨ ប្រហែលជា​ថ្ងៃ​អ​វ​សាន្ត​នៃ​ការរើសអើង​ជាតិ​សាសន៍​និង​ពណ៌​សម្បុរស្បែក​ហើយ​។ តែ ៨​ឆ្នាំ​មកនេះ បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​នៃ​តែ​លងបន្លាច​អាមេរិក​ទៀត​។​

​ក្នុងពេល​សុន្ទរកថា លោក អូ​បា​ម៉ា ទទួលស្គាល់ថា បែកខ្ញែក​គ្នា​រឿង​ជាតិ​សាសន៍​និង​ព៌​ណ​សម្បុរស្បែក​នេះ​នៅតែ​ធ្ងន់ធ្ងរ​ក្នុងសង្គម​អាមេរិក ដែល​ចាំបាច់​ត្រូវ​កែប្រែ​។​

«​ក្រោយពេល​ខ្ញុំ​ជាប់ឆ្នោត វា​មាន​ការជជែក​គ្នា​ពី​ការប្រែប្រួល​បញ្ហា​ជាតិ​សាសន៍​ក្នុងសង្គម​អាមេរិក (Post-racial America)​។ ប៉ុន្តែ​ការយល់ឃើញ​នេះ​មិន​កើតឡើង​ពិតប្រាកដ​ឡើយ​។ បញ្ហា​ពូជសាសន៍​នៅតែ​ជា​កម្លាំង​ដ៏​ខ្លាំង​បង្ក​ឲ្យ​មានការ​បែកខ្ញែក​គ្នា​ក្នុងសង្គម​យើង​។ ជារួម​ខ្ញុំ​មើលឃើញថា វា​មានការ​ប្រសើរឡើង​ជាង ១០ ឬ​២០​ឆ្នាំមុន​។ ប៉ុន្តែ យើង​មិនទាន់​ទៅដល់​កន្លែង​ដែល​យើង​ត្រូវ​ទៅ​ឡើយ​»​។​

៤ .​អូ​បា​ម៉ា ទទូច​ឲ្យ​ប្រជាជន​បន្ត​ជឿជាក់​លើ «​ប្រជាធិបតេយ្យ​» និង​ប្រឡូក​ក្នុង​នយោបាយ​

​ក្នុងពេល​ថ្លែង​សុន្ទរកថា​នេះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ការជឿជាក់​លើ​របប​ប្រជាធិបតេយ្យ ដោយ​បន្ត​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​បញ្ហានយោបាយ​និង​ឈរឈ្មោះ​ប្រកួត​យក​តំណែង​នយោបាយ​ជាដើម​។ ហើយ​លោក​បាន​អះអាងថា «​ឈ្នះ​ឬ​ចាញ់​ក្នុង​នយោបាយ​» ជា​រឿង​ធម្មតា​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​។

​លោក​ក៏​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ចូលរួម​ប្រកួតប្រជែង​ដោយ​ឈរឈ្មោះ​ដើម្បី​កាន់កាប់​មុខងារ​នយោបាយ​ដើម្បី​កែប្រែ​បញ្ហា​ប្រឈម បើសិន​មិន​ពេញចិត្ត​ចំពោះ​មន្ត្រី​ដែលជា​តំណាង​របស់ខ្លួន​នោះ​។

៥. អូ​បា​ម៉ា ប្រាប់​មន្ត្រី​របស់លោក​៖ «​អ្នក​បាន​ផ្លាស់ប្តូរ​ពិភពលោក​»

​នៅក្នុងពេល​នោះដែរ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​យក​ពេល​ចុងក្រោយ​នៃ​សុន្ទរកថា​ដើម្បី​បង្ហាញ​ការដឹងគុណ និង​អរគុណ​ដល់​មិត្ត​រួមការ​ងារ​និង​ជាម​ន្ត្រី​ក្នុង​រដ្ឋបាល​លោក​ជាពិសេស​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​អនុ​ប្រធានាធិបតី​Joe Biden​ផង​។ លោក​បាន​ប្រាប់​ពួកគេ​ដែលមាន​វត្ត​មាននៅ​ទីនោះ​ថា ពួកគេ​បាន​ជួយ​បាន​ផ្លាស់ប្តូរ​ពិភពលោក​។​

«​អ្នក​ទាំងអស់គ្នា​បាន​ផ្លាស់ប្តូរ​ពិភពលោក​»​។ លោក អូ​បា​ម៉ា ថ្លែង​ចប់ អ្នកចូលរួម​នាំគ្នា​ជូត​ទឹកភ្នែក​។​

​បន្ត​មកទៀត​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ជឿជាក់​លើ​ប្រទេសជាតិ ហើយ​លោក​បាន​ប្រាប់​អ្នកចូលរួម​ថា​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ការវិវត្ត​នៃ​សហរដ្ឋអាមេរិក​។​

«​ខ្ញុំ​ចាក​ចេញពី​ឆាក​នៅ​យប់​នេះ​ដោយមាន​សុទិដ្ឋិនិយម​ចំពោះ​សហរដ្ឋអាមេរិក​ជាង​ពេល​ខ្ញុំ​ចាប់​ផ្តើមដំបូង​។ ខ្ញុំ​សុំ​ឲ្យ​អ្នក​ទាំងអស់គ្នា​ជឿជាក់​។ មិនមែន​លើ​សមត្ថភាព​របស់ខ្ញុំ​ក្នុងការ​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឡើយ តែ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​អ្នក​»​។​

​លោក​បានបញ្ចប់​សុន្ទរកថា ដោយ​លើកយក​ពាក្យស្លោក​ដែល​លោក​ធ្លាប់ប្រើ​ក្នុងពេល​ឃោសនាបោះឆ្នោត​។ ដែល​ពាក្យស្លោក​នោះ​គឹ​«Yes we can. Yes we did. Yes we can»៕


© រក្សាសិទ្ធិដោយ thmeythmey.com