អន្តរជាតិ
ក្រៅពីរម្លឹកមរតកនយោបាយ អូបាម៉ា អរគុណនិងលាប្រជាជនអាមេរិកក្នុងសុន្ទរកថាចុងក្រោយ
× ប្រធានាធិបតីជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានផ្តល់សុន្ទរកថាជាលើកចុងក្រោយទៅកាន់ប្រជាជនអាមេរិកមុនលោកផ្ទេរអំណាចនៅថ្ងៃ ២០ មករាខាងមុខ។ ថ្លែងសុន្ទរថាប្រកបដោយមនោសញ្ចេតនា និងអារម្មណ៍ជ្រាលជ្រៅបំផុតនោះ ប្រធានាធិបតីស្បែកខ្មៅដែលអ្នកផងទាំងពួងចូលចិត្តនេះផ្តោតអារម្មណ៍លើបញ្ហាជាច្រើនតាំងពីបញ្ហានយោបាយក្នុងស្រុង ដល់បញ្ហាសន្តិសុខ,បញ្ហាបរិស្ថាន និង សមិទ្ធផលនយោបាយដែលលោកម្រេចបានក្នុងរយៈពេល៨ឆ្នាំមកនេះ។
សូមស្តាប់ពត៌មានលម្អិត
សុន្ទរកថាចុងក្រោយរបស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បានក្លាយជាសារមួយដ៏សំខាន់សម្រាប់ប្រជាជនអាមេរិកនិងប្រជាជនទាំងអស់លើពិភពលោក។ ក្នុងពិធីថ្លែងសុន្ទរកថានេះ ស្ត្រីទីមួយលោកស្រី Michelle Obama, អនុប្រធានាធិបតី Joe Biden, បណ្តាមន្ត្រីដែលបំពេញការងារជាមួយលោក បារ៉ាក់ អូបាម៉ា សុទ្ធតែមានវត្តមាន។ ហើយសុន្ទរកថាចុងក្រោយបង្កប់ដោយមនោសញ្ចេតនា និងអារម្មណ៍ជ្រាលជ្រៅបំផុត ហើយវាបង្ហាញពីភាពអាឡោះអាល័យនៅពេលដែលប្រធានាធិបតីទី ៤៤ ត្រូវចាកចេញនៅប៉ុន្មានថ្ងៃខាងមុខ។
សុន្ទរកថាចុងក្រោយនេះ ក្រៅពីរំលឹកឡើងវិញសមិទ្ធផលទាំងអម្បាលម៉ានដែលលោកសម្រេចបានក្នុងពេល ៨ឆ្នាំ លោកបានទាញយកបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ប៉ុន្តែប្រធានាធិបតីរូបនេះនៅតែបង្ហាញសុទិដ្ឋិនិយមចំពោះសហរដ្ឋអាមេរិកដោយលោកបន្តជំរុញឲ្យប្រជាជនអាមេរិកបន្តចូលរួមឲ្យសកម្មក្នុងរឿងនយោបាយ និងបន្តជឿជាក់លើ«ប្រព័ន្ធប្រជាធិបតេយ្យ»។ លោកបញ្ចប់សុន្ទរកថាដោយប្រើពាក្យស្លោក «Yes we can. Yes we did. Yes we can»។
១.«Chicago» កន្លែងមានអនុស្សាវរីយ៍ច្រើនសម្រាប់លោក អូបាម៉ា
លោក បារ៉ាក់ អូបាម៉ា បានជ្រើសរើសយកទីក្រុង Chicago ដើម្បីផ្តល់សុន្ទរកថាចុងក្រោយ មុនចេញលោកចាកពីតំណែង។ តាមពិតទៅប្រធានាធិបតីរូបនេះបានត្រឡប់ទៅកាន់ទីក្រុង Chicago ជាកន្លែងដែលលោកប្រកាសជ័យជម្នះក្នុងឆ្នាំ ២០០៨។ ហើយអ្វីដែលធ្វើឲ្យ Chicago ជាកន្លែងពិសេសសម្រាប់លោកគឺ វាក៏ជាស្រុកកំណើត, ជាកន្លែងដែលលោកបានជួបលោកស្រី Michelle Obama និងជាកន្លែងដែលចាប់ផ្តើមការងារសាធារណៈមុនឈានទៅក្លាយជាសមាជិកព្រឹទ្ធសភាដែរ។
២. អូបាម៉ា រំលឹកសមិទ្ធផលសំខាន់ៗ ៨ឆ្នាំ
ប្រធានាធិបតី អូបាម៉ា បានឆ្លៀតលើកឡើងពីសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលលោកសម្រេចក្នុងពេល ៨ឆ្នាំ។ សមិទ្ធផលនេះមិនត្រឹមត្រូវជួយប្រជាជនអាមេរិកឲ្យរួចផុតពីបញ្ហាលំបាកសេដ្ឋកិច្ចនិងសង្គមប៉ុណ្ណោះទេ តែវាជួយរក្សាសន្តិសុខផងដល់ប្រជាជនអាមេរិកដែរ។
រឿងសមិទ្ធផលសេដ្ឋកិច្ច គេចាំបានច្បាស់ថា ប្រធានាធិបតីរូបនេះចូលកាន់តំណែងពេលដែលសេដ្ឋកិច្ចអាមេរិកស្ថិតក្នុងវិបត្តិ។ រដ្ឋបាលលោកបានប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីស្ថារសេដ្ឋកិច្ចនេះឡើងវិញនិងកាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើដ៏ច្រើនសន្ធឹកសន្ធាប់នោះ។
សមិទ្ធផលសំខាន់ផ្សេងទៀត ដែល បារ៉ាក់ អូបាម៉ា បានលើកឡើងដែរនោះមានការភ្ជាប់ទំនាក់ទំនងការទូតជាមួយគុយបាវិញ, ការសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់, គាំទ្រកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស និងការកម្ចាត់ក្រុមភេរវជនក្នុងនោះមានការសម្លាប់មេខ្លោងក្រុមអាល់កៃដា អូសាម៉ា ប៊ិនឡាដិន។
រឿងប្រឆាំងភេរវកម្ម លោកបានឆ្លៀតអួតអាងថា រដ្ឋបាលលោកបានកម្ចាត់ក្រុមភេរវជនរាប់ម៉ឺននាក់ហើយសម្ព័ន្ធអន្តរជាតិប្រឆាំងក្រុមរដ្ឋឥស្លាមបានកម្ចាត់មេខ្លោងក្រុមនេះជាបន្តបន្ទាប់និងបានដណ្តើមទឹកដីបានពាក់កណ្តាលពីនេះ។ លោកប្រកាសប្រាប់អ្នកចូលរួមដោយមានជំនឿចិត្តខ្ពស់ ថាក្រុមនេះនឹងត្រូវកម្ចាត់ចោលឆាប់ៗ ហើយ«រាល់អ្នកដែលគំរាមកំហែងអាមេរិកមិនដែលនៅបានសុខសាន្តឡើយ»។
៣.អូបាម៉ា នៅបារម្ភពីបញ្ហារើសអើងពូជសាសន៍ ពណ៌សម្បុរស្បែកក្នុងសង្គមអាមេរិក
ក្រៅពីការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ រឿងមួយទៀតដែលធ្វើឲ្យលោក អូបាម៉ា ខ្វាយខ្វល់គឺ «ការរើសអើងជាតិសាសន៍និងពណ៌សម្បុរស្បែក»នៅបន្តចាក់ស្រេះក្នុងសង្គមអាមេរិក។
គេធ្លាប់គិតថា សមាជិកព្រឹទ្ធស្បែកខ្មៅ បារ៉ាក់ អូបាម៉ា ជាប់ឆ្នោតជាប្រធានាធិបតីឆ្នាំ ២០០៨ ប្រហែលជាថ្ងៃអវសាន្តនៃការរើសអើងជាតិសាសន៍និងពណ៌សម្បុរស្បែកហើយ។ តែ ៨ឆ្នាំមកនេះ បញ្ហាដ៏ស្មុគស្មាញនេះនៃតែលងបន្លាចអាមេរិកទៀត។
ក្នុងពេលសុន្ទរកថា លោក អូបាម៉ា ទទួលស្គាល់ថា បែកខ្ញែកគ្នារឿងជាតិសាសន៍និងព៌ណសម្បុរស្បែកនេះនៅតែធ្ងន់ធ្ងរក្នុងសង្គមអាមេរិក ដែលចាំបាច់ត្រូវកែប្រែ។
«ក្រោយពេលខ្ញុំជាប់ឆ្នោត វាមានការជជែកគ្នាពីការប្រែប្រួលបញ្ហាជាតិសាសន៍ក្នុងសង្គមអាមេរិក (Post-racial America)។ ប៉ុន្តែការយល់ឃើញនេះមិនកើតឡើងពិតប្រាកដឡើយ។ បញ្ហាពូជសាសន៍នៅតែជាកម្លាំងដ៏ខ្លាំងបង្កឲ្យមានការបែកខ្ញែកគ្នាក្នុងសង្គមយើង។ ជារួមខ្ញុំមើលឃើញថា វាមានការប្រសើរឡើងជាង ១០ ឬ២០ឆ្នាំមុន។ ប៉ុន្តែ យើងមិនទាន់ទៅដល់កន្លែងដែលយើងត្រូវទៅឡើយ»។
៤ .អូបាម៉ា ទទូចឲ្យប្រជាជនបន្តជឿជាក់លើ «ប្រជាធិបតេយ្យ» និងប្រឡូកក្នុងនយោបាយ
ក្នុងពេលថ្លែងសុន្ទរកថានេះ ប្រធានាធិបតីជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា បានផ្តាំផ្ញើឲ្យប្រជាជនអាមេរិកបន្តការជឿជាក់លើរបបប្រជាធិបតេយ្យ ដោយបន្តចូលរួមឲ្យបានសកម្មក្នុងបញ្ហានយោបាយនិងឈរឈ្មោះប្រកួតយកតំណែងនយោបាយជាដើម។ ហើយលោកបានអះអាងថា «ឈ្នះឬចាញ់ក្នុងនយោបាយ» ជារឿងធម្មតាក្នុងបរិបទប្រជាធិបតេយ្យ។
លោកក៏ជំរុញឲ្យប្រជាជនអាមេរិកទាំងអស់ចូលរួមប្រកួតប្រជែងដោយឈរឈ្មោះដើម្បីកាន់កាប់មុខងារនយោបាយដើម្បីកែប្រែបញ្ហាប្រឈម បើសិនមិនពេញចិត្តចំពោះមន្ត្រីដែលជាតំណាងរបស់ខ្លួននោះ។
៥. អូបាម៉ា ប្រាប់មន្ត្រីរបស់លោក៖ «អ្នកបានផ្លាស់ប្តូរពិភពលោក»
នៅក្នុងពេលនោះដែរ លោក បារ៉ាក់ អូបាម៉ា បានយកពេលចុងក្រោយនៃសុន្ទរកថាដើម្បីបង្ហាញការដឹងគុណ និងអរគុណដល់មិត្តរួមការងារនិងជាមន្ត្រីក្នុងរដ្ឋបាលលោកជាពិសេសឆ្លៀតឱកាសថ្លែងអំណរគុណអនុប្រធានាធិបតីJoe Bidenផង។ លោកបានប្រាប់ពួកគេដែលមានវត្តមាននៅទីនោះថា ពួកគេបានជួយបានផ្លាស់ប្តូរពិភពលោក។
«អ្នកទាំងអស់គ្នាបានផ្លាស់ប្តូរពិភពលោក»។ លោក អូបាម៉ា ថ្លែងចប់ អ្នកចូលរួមនាំគ្នាជូតទឹកភ្នែក។
បន្តមកទៀតលោកបានអំពាវនាវឲ្យប្រជាជនអាមេរិកជឿជាក់លើប្រទេសជាតិ ហើយលោកបានប្រាប់អ្នកចូលរួមថាលោកមានសុទិដ្ឋិនិយមចំពោះការវិវត្តនៃសហរដ្ឋអាមេរិក។
«ខ្ញុំចាកចេញពីឆាកនៅយប់នេះដោយមានសុទិដ្ឋិនិយមចំពោះសហរដ្ឋអាមេរិកជាងពេលខ្ញុំចាប់ផ្តើមដំបូង។ ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នាជឿជាក់។ មិនមែនលើសមត្ថភាពរបស់ខ្ញុំក្នុងការបង្កើតឲ្យមានការផ្លាស់ប្តូរឡើយ តែជឿជាក់លើសមត្ថភាពរបស់អ្នក»។
លោកបានបញ្ចប់សុន្ទរកថា ដោយលើកយកពាក្យស្លោកដែលលោកធ្លាប់ប្រើក្នុងពេលឃោសនាបោះឆ្នោត។ ដែលពាក្យស្លោកនោះគឹ«Yes we can. Yes we did. Yes we can»៕
© រក្សាសិទ្ធិដោយ thmeythmey.com