អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រោះ​រវល់​ប្រលង កូនស្រី​ពៅ​លោក​អូ​បា​ម៉ា​អវត្តមាន​ក្នុង​សុន្ទរកថា​ចុងក្រោយ​របស់​ឪពុក​
11, Jan 2017 , 9:33 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្នុងពេល​ថ្លែង​សុន្ទរកថា​ចុងក្រោយ​មុន​ចាក​ចេញពី​តំណែង​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា គេ​ឃើញ​មាន​វត្តមាន​អនុ​ប្រធានាធិបតី Joe Biden និង​ភរិយា រួមជាមួយ​ស្ត្រី​ទីមួយ និង​កូន​ស្ត្រី​ច្បង​របស់លោក Malia​។ គ្មាន​ឡើយ​វត្តមាន​កូនស្រី​ពៅ​របស់លោក Sasha ព្រោះ​នាង​រវល់​ប្រលង​។ 



​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​កោតសរសើរ​កូនស្រី​របស់លោក​ទាំងពី​រ​ក្នុងពេល​លោក​ផ្តល់​សុន្ទរកថា​ចុងក្រោយ​ក្នុងនាម​ជា​ប្រធានាធិបតី ។ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​បាន​លោក​បាន​អះអាងថា​លោក មាន​មោទនភាព​ដែលមាន​កូនស្រី​ទាំងពីរ​។​
 
​យ៉ាងណាក៏ដោយ អ្វីដែល​គេ​ឆ្ងល់​នោះ​គឺ​ក្នុង​ពិធី​ដ៏​សំខាន់​នេះ​មានតែ​កូនស្រី​ច្បង​របស់លោក​នាង Malia ប៉ុណ្ណោះ​ដែល​ចូលរួម​។ កូនស្រី​ពៅ​នាង Sasha មិនមាន​វត្តមាន​ក្នុង​កម្មវិធី​នេះឡើយ​។​
​បើតាម​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​អាមេរិក ដែល​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន CNN កូនស្រី​ពៅ Sasha មិន​អាចមក​ស្តាប់​សុន្ទរកថា​ចុងក្រោយ​របស់​ឪពុក​របស់ខ្លួន​មកពី​នាង​ជាប់រវល់​ប្រលង​នៅពេល​ព្រឹក​។  បច្ចុប្បន្ននេះ Sasha មាន​វ័យ ១៥​ឆ្នាំ​ហើយ​។ នាង​ជា​សិស្ស​ដែល​រៀន​នៅ​សាលា​ឯកជន​មួយ​ក្រុង វ៉ាស៊ីនតោន «Sidwell Friends»​។
​ត្រឡប់មកវិញ លោក​បាន​ថ្លែង​កោតសរសើរ​កូនស្រី​របស់លោក ដូច្នេះ​ថា​៖ «Malia និង Sasha ពេល​រស់នៅ​ក្រោម​ស្ថានភាព​ពិសេស​នេះ អ្នកនឹង​ក្លាយជា​ស្ត្រី​វ័យក្មេង​ដ៏​អស្ចារ្យ​នៅពេល​ខាងមុខ​។ អ្នក​ឆ្លាត​ហើយ​ស្អាត ប៉ុន្តែ​អ្វីដែល​សំខាន់​អ្នកមាន​សណ្តាន​ចិត្ត​និង​គិត​បាន​ជ្រៅជ្រះ​។ ក្នុងចំណោម​អ្វីដែល​ខ្ញុំ​សម្រេចបាន​ក្នុង​ជីវិត គឺ​ខ្ញុំ​មាន​មោទនភាព  ដែលមាន​ធ្វើជា​ឪពុក​របស់​អ្នក​»​។​
 
​ក្រៅពី​សរសើរ​កូនស្រី ក្នុង​សុន្ទរកថា​ចុងក្រោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អរគុណ​មិត្ត​រួមការ​ងារ និង​ភរិយា​របស់លោក​ដែល​ជួយ​គាំទ្រ​និង​ជ្រោមជ្រែង​លោក​គ្រប់​កាលៈទេសៈ​កន្លងមក​។ ហើយ​លោក​ក៏​ឆ្លៀតឱកាស​លា​ប្រជាជន​អាមេរិក​ទាំងអស់គ្នា​ផងដែរ មុនពេល​លោក​ផ្ទេរអំណាច​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com