ជាតិ
សង្គមជាតិ
ស្ពាន​បណ្តែត​ទឹក​ប្រាសាទ​អង្គរ​ទាក់ទាញ​ភ្ញៀវទេសចរ​
14, Jan 2017 , 3:00 pm        
រូបភាព
​សៀមរាប​៖ អាចជា​រូបភាព​មួយ​ដ៏​ថ្មីស្រឡាង​នៅក្នុង​ប្រាសាទ ដែល​គ្រប់​ច្រកល្ហក​សុទ្ធសឹង​ជា​ថ្ម​។ ធុង​ទឹក​ដែល​គេ​រចនា​ឡើង​ពី​ជ័រ​មាន​ពណ៌​ប្រ​ផះ​បន្តិច ត្រូវបាន​គេ​តម្រៀប​ជា​ស្ពាន​បណ្តែត​ទឹក ដើម្បី​ជំនួស​ការធ្វើ​ចរាចរណ៍​លើ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​។ វត្តមាន​នៃ​ស្ពាន​នេះ កំពុង​ទាញ​ចំណាប់អារម្មណ៍​ដល់​ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​អង្គរ ក្នុងនោះដែរ រូបភាព​នេះ​ក៏មាន​ភាពល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​ផងដែរ​។​

 
​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បានសម្រេច​រៀបចំ​ស្ពាន​បណ្តែត​ទឹក​មួយកន្លែង ដើម្បី​ជំនួស​ស្ពាន​ហាល ដែល​គ្រោង​បិទ​ចរាចរណ៍​ទាំងស្រុង ក្នុង​ដំណើរការ​ជួសជុល​នាពេលខាងមុខ​។ តាម​គម្រោង ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត គ្រោង​នឹង​ដំណើរការ​ជួសជុល​រយៈ​ពេល​៤​ឆ្នាំ​។​
 
​និយាយ​ពី​ស្ពាន​បណ្តែត​ទឹក​វិញ ទោះជា​មិនទាន់​រួចរាល់​ក៏ពិតមែន តែ​រូបភាព​នៃ​ដំណើរការ​សាងសង់ បាននិងកំពុង​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាច្រើន​ចង់​ឆ្លងកាត់​។ ស្ពាន​នេះ​ត្រូវបាន​សង់​ឡើង​កម្ពស់​ពី​ទឹក​ប្រមាណ​៥​តឹក និង​មាន​រចនា​ជា​បង្កាន់ដៃ​សងខាង​ផងដែរ​។ ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ចេញផ្សាយ​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៦ ស្ពាន​នេះ​គ្រោង​នឹង​សង់​រួចរាល់​នៅ​ចុងខែ ឧសភា ឆ្នាំ​២០១៧៕
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ខ្លះៗ​នៃ​ស្ពាន​បណ្តែត​ទឹក​នៅ​ខាងលិច​ប្រាសាទអង្គរវត្ត ដែល​បាន​ថត​នៅ​ព្រឹក​ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៧​។

សូម​អញ្ជើញ​ទស្សនា​ដូតតទៅ៖
 









































Tag:
 ស្ពាន​បណ្តែត​ទឹក​
  ស្ពាន​ហាល​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com