កីឡាជាតិ
លោក ប៉ុល សារឿន ជំរុញ​ឲ្យ​អង្គភាព​កងទ័ព​និង​ស៊ីវិល​បណ្តុះ​ធនធាន​ថ្នាល និង​រចនាសម្ព័ន្ធ​កីឡា​
14, Jan 2017 , 8:30 pm        
រូបភាព
ដោយ:
​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន និង​ដើម្បី​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​បាន​ជំរុញ​ឲ្យ​អង្គភាព​កងទ័ព និង​ស៊ីវិល​ទាំងអស់​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធាន​កី​ឡករ​ថ្នាល និង​គ្រូបង្វឹក ជាពិសេស​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​។

 
​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​លោក ប៉ុល សារឿន ជំរុញ​ឲ្យ​បណ្តា​អង្គភាព​កងយោធពល​ខេមរភូមិន្ទ និង​ស៊ីវិល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​លើ​កីឡាករ និង​គ្រូបង្វឹក​។ លើសពីនេះ​ត្រូវ​បណ្តុះបណ្តាល​ធនធាន​កីឡាករ​ថ្នាល​ប្រចាំ​អង្គភាព​នីមួយៗ​ឲ្យ​បាន​ច្រើន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បម្រើ​ឲ្យ​ការហ្វឹកហាត់​និង​ប្រកួត​កីឡា​។ ទន្ទឹមនឹងនេះ​លោក​ក៏​ជំរុញ​ឲ្យ​គ្រូបង្វឹក និង​កីឡាករ​យកចិត្តទុកដាក់​ក្នុងការ​បង្វឹក និង​ហ្វឹកហាត់​ផងដែរ​។​
 


​ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ព្រោះ​កីឡា​មិន​ត្រឹមតែ​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ និង​បង្កើន​ស្មារតី​ចងចាំ​ឲ្យ​រឹងមាំ​ប៉ុណ្ណោះ​ទេ​។ លើសពីនេះ វា​ជួយ​ឲ្យ​មាន​របៀបរៀបរយ សាមគ្គីភាព មិត្តភាព កិត្យានុភាព និង​មោទនភាព​ប្រទេស​ទៀតផង​។ ម្យ៉ាងវិញទៀត ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 


​នា​ពិធី​បិទ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដើម្បី​អបអរ​ទិវា​ជ័យជម្នះ​៧​មករា​នៅ​សាល​កោះ​ពេជ្រ​កាលពី​ថ្ងៃទី​៨ ខែមករា នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បណ្តា​កងឯកភាព​នៃ​ខេមរភូមិន្ទ​ត្រូវតែ​ខិតខំ​ក្នុងការ​បណ្តុះបណ្តាល​ថ្នាល​កីឡា រៀបចំ​កាលវិភាគ​មួយ​ឲ្យ​បានច្បាស់លាស់ យកចិត្តទុកដាក់​ចំពោះ​គ្រូបង្វឹក ថែទាំ​កីឡាករ​ឲ្យ​បានល្អ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​កីឡា និង​កីឡដ្ឋាន​ប្រកួត​កីឡា​ឲ្យ​បាន​សមស្រប​សំដៅ​ជួយ​លើកស្ទួយ​ជីវភាព​កីឡា​ជាតិ​របស់​យើង​»​។  
 


​មិន​ត្រឹមតែ​ប៉ុណ្ណោះ នាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ជំរុញ​ឲ្យ​កីឡាករ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ស៊ីវិល​ទាំងអស់​ត្រូវខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន និង​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន​។ ហើយ​លោក​ជំរុញ​ឲ្យ​កីឡាករ​ដែល​ទទួលបាន​ជ័យជម្នះ​ពី​ការប្រកួត​កីឡា​កងទ័ព​ត្រូវ​បន្ត​ការខិតខំ​ហ្វឹកហាត់​បន្ថែមទៀត​ដើម្បី​រក្សា​ភាពខ្លាំង​ក្នុងការ​ប្រកួត​លើក​ក្រោយៗ​ទៀត​។ ចំណែក​កីឡាករ​ដែល​មិន​ទទួលបាន​ជ័យជម្នះ​ត្រូវ​បង្កើន​ការហ្វឹកហាត់​បន្ថែម ដើម្បី​ត្រៀម​ប្រជែង​យក​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​៕ 




Tag:
 ប៉ុល សារឿន​
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com