នយោបាយ គឺជាពាក្យតែមួយម៉ាត់តែមានទស្សនៈ និងនិយមន័យច្រើនរាប់មិនអស់ទៅតាម កម្រិតនៃការយល់ដឹង និងបទពិសោធន៍ជីវិតឆ្លងកាត់ក្នុងសង្គម ព្រមទាំងអារម្មណ៍ពីធម្មជាតិ របស់មនុស្សគ្រប់រូប ។ ទស្សទនយោបាយកើតចេញពីប្រភេទមនុស្សផ្សេងៗគ្នា ដូចជា៖អ្នកនយោបាយ ទស្សនវិទូនយោបាយ អ្នកវិទ្យាសាស្ត្រនយោបាយ អ្នកវិភាគនយោបាយ សាស្ត្រាចារ្យនយោបាយ អ្នកសិក្សាវិទ្យានយោបាយ អ្នកគាំទ្រនយោបាយ អ្នកដើរតាមនយោបាយ អ្នកបម្រើនយោបាយ អ្នកមិនខ្វល់ពីនយោបាយ ។
ថ្ងៃនេះសារព័ត៌ថ្មីៗសូមលើកយកជ្រុងនៃគំនិតដ៏តូចមួយ ក្នុងចំណោមទស្សនៈនយោបាយរាប់មិនអស់ ទាំងនោះ មកចែកជូនដល់ប្រិយមិត្តជាទីរាបអាន ទុកជាមាគ៌ាមួយក្នុងការវិភាគនិងការគិតពីនយោបាយក្នុសង្គមកម្ពុជាយើង។
នយោបាយក្នុងទីនេះ មិននិយាយពីទម្រង់ដែនដីនៃរដ្ឋ (រដ្ឋឯកភូត រដ្ឋសហព័ន្ឋ រដ្ឋសហសម្ព័ន្ឋ) មិននិយាយពីទម្រង់នៃការដឹកនាំរដ្ឋ (រាជានិយម ឬសាធារណរដ្ឋ) មិននិយាយពីរបបនយោបាយ (ប្រជាធិបតេយ្យ ឬកុម្មុយនីស្ត) តែនយោបាយ«គឺជាសិល្បៈនៃការដឹកនាំរដ្ឋប្រកបដោយភាពភ្លឺស្វាង»ដើម្បីឈានទៅដល់គោលដៅនៃភាពរីកចម្រើន ទាំងផ្នែកលោកសម្ភារ និងសីលធម៌របស់មនុស្ស ដែលជាផលនាំមកនូវសុភមង្គលដល់ប្រជាជនទាំងអស់ក្នុងសង្គម។
ចុះដូចម្តេចដែលហៅថា សិល្បៈនៃការដឹកនាំរដ្ឋប្រកបដោយភាពភ្លឺស្វាង ? ហើយកត្តាអ្វីខ្លះដែលអាចនាំឲ្យមាន«ការដឹកនាំរដ្ឋប្រកបដោយភាពភ្លឺស្វាង» ?
សិល្បៈនៃការដឹកនាំរដ្ឋប្រកបដោយភាពភ្លឺស្វាងគឺជារបៀបនៃការដឹកនាំប្រទេសតាមមាគ៌ាដ៏ត្រឹមត្រូវប្រកបទៅដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់និងទស្សនវិស័យដ៏ភ្លឺថ្លា ដែលក្នុងនាមជាអ្នកដឹកនាំដឹងយ៉ាងច្បាស់ថា ផ្ទៃដីប្រទេសមានទំហំប៉ុណ្ណឹង ប្រជាជនមានចំនួនប៉ុណ្ណឹង តើត្រូវរៀបចំការអភិវឌ្ឍយ៉ាងដូចម្តេច?តើអ្វីជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដើម្បីអភិវឌ្ឍប្រទេស? សង្គមបច្ចុប្បន្នមានស្ថានភាពបែបនេះ អត្តចរិតនិងវប្បធម៌នៃការគិតក្នុងរឿងនយោបាយរបស់ប្រជាពលរដ្ឋបែបនេះ ហើយកម្រិតនៃការអប់រំរបស់ប្រជាជនប៉ុណ្ណឹង តើត្រូវរៀបចំប្រព័ន្ឋច្បាប់និងគោលនយោបាយយ៉ាងដូចម្តេចដើម្បីឲ្យមានការផ្លាស់ប្តូរទៅរកភាពរីចម្រើន?
ដើម្បីឲ្យមាន «ការដឹកនាំរដ្ឋប្រកបដោយភាពភ្លឺស្វាង»គឺត្រូវទាមទារធាតុមួយចំនួនដូចជា៖
• អ្នកដឹកនាំត្រូវតែជាមនុស្សមានភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋខ្លួន ហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ជាបុគ្គលមានចំណេះដឹងខ្ពស់ខ្ពស់ មានអត្តចរិតបែបទស្សនវិទូ។
• ប្រជាពលរដ្ឋមានការអប់រំខ្ពស់ ចេះខ្វល់ខ្វាយ និងចូលរួមគិតគូរយ៉ាងសកម្មក្នុងរឿងនយោបាយ។
• រៀបចំប្រព័ន្ឋច្បាប់ឲ្យមានប្រសិទ្ឋភាពដើម្បីឲ្យមាននីតិរដ្ឋ ដែលជាហេតុនាំឲ្យមនុស្សគ្រប់វណ្ណៈក្នុងសង្គមរស់នៅក្រោមច្បាប់ទាំងអស់គ្នា មានភាពស្មើគ្នាក្នុងនាមជាមនុស្សជាតិ រស់នៅមានសេរីភាព និងទទួលបានយុត្តិធម៌ទាំងអស់គ្នា។
• រៀបចំស្ថាប័ននយោបាយកំពូលៗ (ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិវិនិច្ឆ័យ) ឲ្យមានតុល្យភាពអំណាចនយោបាយ ដើម្បីឲ្យមានការគោរព និងការឲ្យតម្លៃគ្នាទៅវិញទៅមករវាងអ្នកនយោបាយ និងមានសិទ្ធិក្នុងការត្រួតពិនិត្យគ្នាទៅវិញទៅមករវាងស្ថាប័នទាំងនេះ ដែលនាំឲ្យការងារនយោបាយមានប្រសិទ្ធភាពខ្ពស់។
• ការរៀបចំគោលនយោបាយ ប្រព័ន្ធនយោបាយ និងការបែងចែកតួនាទីនយោបាយ ក្នុងស្ថាប័នរដ្ឋឲ្យមានសមធម៌ទៅតាមវិធាននៃច្បាប់ដើម្បីឲ្យបុគ្គលគ្រប់រូបដឹងតួនាទីរបស់ខ្លួនយ៉ាងច្បាស់ ហើយអនុវត្តតាមគោលករណ៍របស់ខ្លួនយ៉ាងត្រឹមត្រូវ ។
នយោបាយគឺជារឿងរបស់អ្នក ហើយនិងខ្ញុំ ។ ដើម្បីឲ្យប្រទេសជាតិមាន «ការដឹកនាំ ប្រកបដោយភាពភ្លឺស្វាង»ជាហេតុនាំឲ្យមានការរីកចម្រើន យើងត្រូវតែចូលរួមគិតគូររឿងនយោបាយ និងបញ្ហាសង្គម ដោយការយល់ដឹងទាំងអស់គ្នា ។កុំស្រែករកការរីកចម្រើន ប្រសិនបើអ្នកមិនចូលរួម!