ភ្នំពេញ៖ ហ្វេសប៊ុក បានក្លាយជាប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយមនៅកម្ពុជា។ ប្រជាប្រិយភាពរបស់បណ្តាញសង្គមមួយនេះ បានជំរុញឲ្យសាធារណជន កាន់តែប្រុងប្រយ័ត្នបន្ថែមទៀត។ សាធារណជន គួរពិចារណាចំណុចទាំង១១ខាងក្រោមនេះ មុននឹងបង្ហោះសារ រូបភាព វីដេអូ ឬឯកសារអ្វីនៅលើហ្វេសប៊ុក។
១) បង្ហោះសារ(Post) មួយនៅលើបណ្តាញសង្គមដែលមានសក្តានុភាព៖
សរសេរឲ្យខ្លី និងគួរឲ្យចាប់អារម្មណ៍ ដោយប្រើភាសាបែបសន្ទនា។ កុំគ្រាន់តែសរសេរចំណងជើង ឬសេចក្តីផ្តើមនៃព័ត៌មានឡើងវិញ។ ចូរពិចារណាសួរជាសំណួរ ឬក៏ជ្រើសរើសសម្តីដកស្រង់ណាមួយ ដែលគួរឲ្យចាប់អារម្មណ៍ក្នុងអត្ថបទព័ត៌មាន។ នៅពេលខ្លះ អ្នកក៏អាចសរសេរជាលក្ខណៈកំប្លែងបន្តិចបន្តួច ឬជានិមិត្តសញ្ញាផ្សេងៗ បើគិតថាសមរម្យ។
២) រូបភាពជាចំណុចសំខាន់មួយ ប៉ុន្តែ ចូរប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ
ព្រោះ រូបភាពដែលល្អនឹងជួយឲ្យព័ត៌មានរបស់អ្នកលេចធ្លោនៅក្នុងទំព័រដើមរបស់ហ្វេសប៊ុក។ សូមប្រើរូបភាពដែលទាក់ទងនឹងអ្នកអានរបស់អ្នក និងមើលទៅល្អនៅក្នុងលើអេក្រង់ដែលមានទំហំតូច(ជានិច្ចកាលរូបដែលមានប្លង់កៀកល្អជាងរូបដែលមានប្លង់ទូលាយ)។ ចូរប្រើវីដេអូខ្លីៗ ប្រសិនបើអ្នកអាចធ្វើបាន។ រូបភាពបែបព័ត៌មានជាក្រាហ្វិក (Infographic) គឺល្អសម្រាប់ប្រើដើម្បីពន្យល់ព័ត៌មានជាលក្ខណៈរូបភាព ហើយវាអាចប្រាប់ពីរឿងរ៉ាវច្រើននៅក្នុងរូបភាពតែមួយ។ ប្រសិនបើអ្នកអាចរកឃើញរូបភាពពីលើប្រព័ន្ធអ៊ីនធឺណិត អ្នកត្រូវការសុំការអនុញ្ញាតពីម្ចាស់រូបជាមុនសិន។
៣) ផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកអាន
ចូរឆ្លើយតបទៅនឹងមតិយោបល់ ឬសំណួរនៅពេលណាដែលសមស្រប និងអាចធ្វើទៅបាន។ ទំនាក់ទំនងទៅវិញទៅមកជាមួយអ្នកអាន នឹងបង្កើតអារម្មណ៍ថា យើងជាសហគមន៍មួយ ព្រមទាំងជួយបង្កើននូវការបញ្ចេញគំនិតពិតៗរបស់អ្នកអានមកយើងទៀតផង។
៤) យល់ដឹងថាពេលណាដែលគួរបង្ហោះព័ត៌មាន
ចូរពិនិត្យមើលពីចរាចរណ៍នៃការប្រើប្រាស់បណ្តាញសង្គមនៅក្នុងទំព័ររបស់អ្នក ដើម្បីកំណត់ថា នៅពេលខ្លះ ដែលអ្នកអានរបស់អ្នកប្រើប្រាស់បណ្តាញសង្គម។ ព័ត៌មានទាន់ហេតុការណ៍ គួរតែត្រូវបានបង្ហោះភ្លាមៗ។ ព័ត៌មានផ្សេងៗទៀត អាចបង្ហោះនៅពេលដែលអ្នកដឹងថា នឹងមានអ្នកអានច្រើន។ រឿងដែលមិនសូវសំខាន់ ឬ បន្ទាន់ខ្លាំងអាចត្រូវបានរក្សាទុកសម្រាប់ផ្សាយនៅពេលល្ងាច ឬក៏ចុងសប្តាហ៍។
៥) ត្រូវតែផ្ទៀងផ្ទាត់ព័ត៌មានដែលរកបានពីបណ្តាញសង្គម
រាល់ព័ត៌មាន និងរឿងរ៉ាវ ដែលអ្នកស្វែងរកបានពីបណ្តាញសង្គម ត្រូវតែធ្វើការផ្ទៀងផ្ទាត់សិនមុននឹងអ្នកចែករំលែកទៅឲ្យអ្នកដទៃមើលបន្ត ឬក៏សម្រេចចិត្ត ថា នឹងប្រើសម្រាប់អត្ថបទព័ត៌មានរបស់អ្នក។
៦) ប្រកបដោយជំនាញវិជ្ជាជីវៈ
ការប្រើប្រាស់បណ្តាមសង្គម គួរតែមានស្តង់ដាវិជ្ជាជីវៈ ដូចគ្នាទៅនឹងការធ្វើការលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា ទូរទស្សន៍ ឬ វិទ្យុដែរ។ ចូរអនុវត្តន៍នូវគោលការណ៍របស់អ្នកសារព័ត៌មានដែលមានជំនាញវិជ្ជាជីវៈដូចដែលដាក់ចេញសៀវភៅក្រមសីលធម៌សម្រាប់អ្នកកាសែត។ ចូរគោរពគោលការណ៍នៃភាពមិនលំអៀង និងមានវត្ថុបំណងច្បាស់លាស់ចៀសវាងនូវប្រើព័ត៌មានពេញនិយមដែលគេបំប៉ោង ឬបំផ្លើស ឬក៏ការប្រើនូវយុទ្ធសាស្ត្រទាក់ទាញការចុចដោយប្រើចំណងជើងដែលបញ្ឆោតយកចំណាប់អារម្មណ៍ ឬក៏ចំណងជើងដែលមិនពិតដើម្បីឲ្យតែអ្នកអានចុចចូលមើល)។ ចូរការពារប្រភពព័ត៌មានរបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ រឿងរបស់អ្នកអាចធ្វើឲ្យពួកគេមានហានីភ័យ។
៧) កំណត់ភាពត្រឹមត្រួវជាជាងល្បឿនលឿន
ខណៈពេលដែលយើងដឹងថា វាជាការសំខាន់ដែលគួរតែបង្ហោះព័ត៌មាន ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែយើងមិនគួរណាល្មើសនឹងស្តង់ដាវិជ្ជាជីវៈ ជាងអ្នកកាសែតរបស់យើង ដើម្បីឲ្យតែបង្ហោះបានមុនគេនោះទេ។ វា គឺជាការគាប់ប្រសើរជាង ដែលយើងសរសេរព័ត៌មានដែលត្រឹមត្រូវ ជាជាងក្លាយជាមនុស្សដំបូងដែលបង្ហោះវា។ ព័ត៌មានមិនពិតមួយ អាចបំផ្លាញទំនុកចិត្ត ដែលអ្នកបានសាងឡើងជាមួយអ្នកអានរបស់អ្នកជាយូរមកហើយ។ សូមកុំយកការជឿទុកចិត្តរបស់អ្នកដាក់នៅក្នុងគ្រោះថ្នាក់។
៨) ត្រូវត្រួតនិពិត្យមតិយោបល់
ចូរប្រយ័ត្នចំពោះពាក្យសម្តីនិយាយដោយការស្អប់ ឬក៏ពាក្យដែលបញ្ឆេះជម្លោះនៅក្នុងកន្លែងបញ្ចេញមតិយោបល់ ដែលនៅពីក្រោមអត្ថបទដែលអ្នកអ្នកបង្ហោះចេញ។ បើឃើញពាក្យទាំងនោះអ្នកគួរលុបវាចោល។ អ្នកមិនចង់ឲ្យមានវេទិកាសម្រាប់ញុះញង់មួយនោះទេ។ វត្តមាននៃមតិយោបល់ប្រភេទនេះ អាចត្រូវបានប្រើដើម្បីប្រឆាំង និងអ្នក ដោយក្រុមហ៊ុនណាមួយ គណបក្សនយោបាយ ស្ថាប័ន ឬបុគ្គលណាម្នាក់។
៩) ចូរចាត់តាំងអ្នកកែសម្រួលម្នាក់ដើម្បីធ្វើការនៅលើបណ្តាញសង្គម
សូមព្យាយាមទំនួលខុសត្រូវក្នុងការបង្ហោះព័ត៌មានលើបណ្តាញសង្គមឲ្យទៅមនុស្សម្នាក់ ឬមនុស្សមួយក្រុមតូច ដែលធ្លាប់មានបទពិសោធន៍ជាអ្នកកាសែត។ ការធ្វើដូចនេះ នឹងផ្តល់ភាពងាយស្រួលដល់ស្ថាប័នរបស់អ្នក ដើម្បីតាមដានមើលពីទំនោរនៃការការប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាអនុវត្តន៍យុទ្ធសាស្ត្របណ្តាញសង្គមប្រកបដោយភាពស៊ីចង្វាក់ល្អ។ អ្នកកែសម្រួលខាងបណ្តាញសង្គម គួរតែរក្សាទំនាក់ទំនងធ្វើការយ៉ាងជិតស្និទ្ធជាមួយ អ្នកបោះពុម្ភផ្សាយទាំងមូល។
១០) សកម្មភាពជាឯកជន និងសកម្មភាពតាមជំនាញវិជ្ជាជីវៈនៅលើបណ្តាញសង្គម
អ្នកត្រូវដឹងថាគណនីបណ្តាញសង្គមរបស់អ្នក និងសកម្មភាពផ្សេងៗ ដែលអ្នកចែករំលែកនៅលើនោះ លាតត្រដាងនូវព័ត៌មានយ៉ាងច្រើនអំពីអ្នក។ វាជាការសំខាន់ណាស់ ដែលស្ថាប័នសារព័ត៌មានរបស់អ្នកពិភាក្សាអំពីគោលការណ៍នៃការប្រើគណនីឯកជនរបស់បុគ្គលិក ថាសកម្មភាពណាខ្លះ ដែលគេអាចធ្វើបាន ឬមិនបាននៅលើបណ្តាញសង្គម។ ត្រូវដឹងថា សកម្មភាពមួយយចំនួន ដូចជា ការចូលចិត្ត (Like) តែទៅលើគណបក្សនយោបាយណាមួយ អាចធ្វើឲ្យគេគិត ថា ការធ្វើរបាយការណ៍នយោបាយរបស់អ្នកមានភាពលំអៀង។ ការចែករំលែកព័ត៌មាន (Share)និងបញ្ចេញមតិ (Comment) គួរមានអព្យាក្រឹតភាព។ ចូរចងចាំថា គណនីបណ្តាញសង្គមឯកជនរបស់អ្នក និងការប្រើប្រាស់នៅលើនោះ នឹងតែតែឆ្លុះបញ្ចាំងពីការងាររបស់អ្នក។
១១) ពិចារណាអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក
ដោយសារតែបណ្តាញសង្គម អាចបង្ហាញអំពីសកម្មភាពយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ្នក ចូរប្រាកដថា អ្នកមិនបង្ហោះព័ត៌មានណា ដែលអាចធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់។ ជៀសវាងការបង្ហោះអំពីទីកន្លែងដែលអ្នករស់នៅ និងព័ត៌មានដែលកំពុងសរសេរ។ ចូរមើលកំណត់ភាពឯកជន(Privacy Sitting) ជាញឹកញាប់នៅលើបណ្តាញសង្គមរបស់អ្នក ហើយឧស្សាហ៍ផ្លាស់ប្តូរលេខសម្ញាត់ ដែលអាចប្រើប្រាស់បណ្តាញសង្គមរបស់ស្ថាប័នរបស់អ្នកបាន ហើយគាត់ឈប់ធ្វើការនៅទីនោះ អ្នកត្រូវតែប្តូរលេខសម្ងាត់ទាំងនោះចេញ។ ចូរកុំបើកគណនីរបស់អ្នកទុកចោលនៅពេលដែលអ្នកមិននៅក្បែរកុំព្យូទ័ររបស់អ្នក៕
ប្រភព៖ Politics on the Web! ផ្តល់ដោយ DW Akademie