សង្គមជាតិ
លោក ឆាយ សុផល ជូនសៀវភៅនិយាយពីសម្តេច ហ៊ុន សែន ១ពាន់ក្បាលដល់សម្តេចកាលពីម្សិលមិញ
× ភ្នំពេញ៖ លោក ឆាយ សុផល សាស្ត្រចារ្យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ម្សិលមិញបានជូនសៀវភៅក្រោមចំណងជើងថា«ហ៊ុន សែន - នយោបាយនិងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង៤០ឆ្នាំ» ចំនួន១ពាន់ច្បាប់ដល់សម្តេច ហ៊ុន សែន តាមរយៈលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីចែកជូនដល់អ្នកចូលរួមក្នុងកម្មវិធីជួបជុំលើកដំបូងរវាងនាយករដ្នមន្ត្រី និងអ្នកសារព័ត៌មាន។
កាលពីយប់ថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ម្សិលមិញ អ្នកសារព័ត៌មាន មន្ត្រីមន្ទីព័ត៌មាន អ្នកនាំពាក្យ និងអ្នកធ្វើការទាក់ទងនឹងទំនាក់ទងព័ត៌មានប្រមាណជា១ពាន់នាក់បានចូលរួមកម្មវិធីជំនួបលើកទី១រវាងអ្នកសារព័ត៌មានក្នុងស្រុក និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ នៅក្នុងជំនួបនោះ ប្រមុខនៃរាជរដ្ឋាភិបាល បានរិះគន់អ្នកសារព័ត៌មានខ្មែរមួយចំនួនដែលធ្វើអត្ថាធិប្បាយលើសពីតួនាទីរបស់ខ្លួន និងរិះគន់ស្ថាប័នព័ត៌មានមួយចំនួនដែលធ្វើព័ត៌មាន«ផ្អូម»ដែលជាប្រការមិនអាចទាក់ទាញអ្នកអាន អ្នកទស្សនាបានច្រើនឡើយ។
ក្រោយពីថ្លែងសុន្ទរកថារួចមក សម្តេច ហ៊ុន សែន បានហៅលោក លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅ «ហ៊ុន សែន - នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង៤០ឆ្នាំ»ឲ្យមកជួបរយៈពេលប្រមាណ ១៥ នាទី។
នៅក្នុងជំនួបជាលក្ខណៈឯកជននោះ សម្តេចបានមានប្រសាសន៍ទៅកាន់លោក ឆាយ សុផល ថា សម្តេចចូលចិត្តអាន ហើយថា សម្តេចធ្វើជានាយករដ្នមន្ត្រីស្តីទីចាប់ពីខែកញ្ញា ឆ្នាំ១៩៨៤ នៅពេលលោក ចាន់ ស៊ី ចូលមន្ទីរពេទ្យ។
សម្តេចថា លោកនឹងផ្ញើឯកសារបន្ថែមខ្លះជូនលោក ឆាយ សុផល។ ចំណែកលោក ឆាយ សុផល វិញ លោកសន្យានឹងបន្ថែមព័ត៌មានមួយចំនួនក្នុងសៀវភៅរបស់លោកសម្រាប់ការបោះពុម្ពលើកទី៣នៅឆ្នាំ២០១៨ខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com