អន្តរជាតិ
រដ្ឋាភិបាលថៃ ជួយសម្រួលកសិករដោយផ្តល់សម្ភារកសិកម្មទំនើបៗ និងកម្ចីក្នុងអត្រាការប្រាក់ ០.០១ភាគរយ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា (ប្រភពរូបភាព៖ Chiangrai Times)
× រដ្ឋាភិបាលរបបសឹកថៃ បានប្តេជ្ញាចិត្តក្នុងការបង្កើនសកម្មភាពកសិកម្មខ្នាតធំនៅក្នុងឆ្នាំ២០១៧នេះ។ កម្មវិធីបង្កើននេះ នឹងត្រូវអនុវត្តតាមរយៈការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុត ការផ្តល់ម៉ាស៊ីន និងសម្ភារៈកសិកម្មមួយចំនួនផ្សេងទៀតដល់កសិករក្នុងគោលដៅដើម្បីជួយសម្រួលដល់កសិករកាត់បន្ថយការចំណាយលើការផលិត និងបង្កើនផលិតកម្ម។
អនុរដ្ឋមន្ត្រីកសិកម្ម និងសហប្រតិបត្តិការថៃ លោកស្រី Chutima Bunyapraphasara បានបញ្ជាក់ថា កម្មវិធីកសិកម្មខ្នាតធំ នឹងត្រូវបានអភិវឌ្ឍ និងដំណើរការនៅឆ្នាំ២០១៧នេះ ក្នុងទម្រង់បីផ្សេងគ្នា ដោយអាស្រ័យលើទីតាំងភូមិសាស្ត្រខុសៗគ្នា និងតម្រូវការរបស់កសិករដែលចូលរួមនៅក្នុងកម្មវិធី។ កម្មវិធី នឹងផ្តល់លទ្ធភាពដល់កសិករមិនត្រឹមតែនៅក្នុងដំណាក់ការនៃការផលិតប៉ុណ្ណោះនោះទេ តែ ក៏រាប់បញ្ចូលទាំងការជួយស្វែងរកទីផ្សារសម្រាប់លក់ស្រូវទៀតផង។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ទម្រង់ទាំងបីនោះរួមមាន ការទ្រទ្រង់លើកសិកម្មបែបប្រពៃណី, កសិកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ជាមូលដ្ឋាន និងការដាំដុះស្រូវដើម្បីសម្រាប់ជាផលិតផលផ្គត់ផ្គង់ដល់រោងចក្រធំ និងទម្រង់ចុងក្រោយនោះគឺ កសិកម្ម ដែលអនុវត្តតាមបច្ចេកវិទ្យាទំនើបបំផុតដោយត្រូវប្រើប្រាស់ទាំងប្រព័ន្ធផ្កាយរណប GPS និងយន្តហោះ Drone សម្រាប់បាចជី និងកាត់បន្ថយថ្នាំសម្លាប់សត្វល្អិតជាដើមនោះ។
តាមប្រភពព័ត៌មានដដែលនោះ កសិករដែលចូលរួមនៅក្នុងកម្មវិធីកសិកម្មខ្នាតធំនេះ (Megafarm) អាចខ្ចីប្រាក់ចាប់ពី ៥លានបាតឡើងទៅ (ប្រមាណជាង១០ម៉ឺនដុល្លារ) ពីធនាគារសហប្រតិបត្តិការរបស់រដ្ឋាភិបាលថៃក្នុងអត្រាការប្រាក់ ០.០១ ភាគរយ។ ហើយក្រសួងដែលទទួលខុសត្រូវសម្រាប់ទីផ្សារ និងការលក់ស្រូវ និងស្វែងរកអ្នកទិញ គឺក្រសួងការពាណិជ្ជកម្មថៃតែម្តង។
អ្វីគួរកត់សម្គាល់នោះ អនុរដ្ឋមន្ត្រីកសិកម្មថៃ ក៏បានអះអាងដែរថា ទន្ទឹមនឹងការជួយសម្រួលដល់កសិករ និងការបង្កើនផលិតផលកសិកម្មគោលដៅរបស់កម្មវិធីកសិកម្មខ្នាតធំ គឺលើកកម្ពស់សុវត្ថិភាព និងសន្តិសុខអាហារ និងការអនុវត្តលើកសិកម្មឲ្យកាន់តែល្អប្រសើរ។ លោកស្រី សង្កត់ធ្ងន់ទៀតថា៖«នៅពេលសុវត្ថិភាព និងគុណភាពចំណីអាហារអាចសម្រេចបានហើយ នោះ ថៃអាចប្រកាសទៅកាន់ពិភពលោកនាពេលអនាគតថា ថា ថៃ គឺជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មដ៏មានសុវត្ថិភាពទៅកាន់ពិភពលោក»៕
© រក្សាសិទ្ធិដោយ thmeythmey.com