កីឡាជាតិ
ជាតិ
កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​នា​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​
16, Jan 2017 , 5:25 pm        
រូបភាព
ដោយ:
​ក្រោយ​ប្រកួតប្រជែង​អស់​រយៈពេល​២​ថ្ងៃ​នៅលើ​ទឹកដី​ខេត្តសៀមរាប​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៧ ក្រោយ​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៧ និង​សំរឹទ្ធ​១១​។ កម្ពុជា​បាន​ឈរលើ​៥​ប្រទេស​ក្នុងចំណោម​៧​ប្រទេស​ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។



​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ក្រោយ​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៧ និង​សំរឹទ្ធ​១១ បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុ​ជាមួយនេះ​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ប្រចាំឆ្នាំ​២០១៧​។ ចំណែក​វៀតណាម​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្រោយ​ដណ្តើមបាន​មេដាយមាស​១២ ប្រាក់​១៣ និង​សំរឹទ្ធ​១ និង​ឡាវ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ដណ្តើមបាន​មាស​៣ និង​សំរឹទ្ធ​១៥​។​

​ដោយឡែក ប្រទេស​មី​យ៉ាន់​ម៉ា ដណ្តើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​៣ រីឯ​ស​ឥណ្ឌូនេស៊ី ឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​៤ ខណៈ​ប្រទេស​ថៃ ទទួលបាន​មេដាយប្រាក់​តែ​១​ប៉ុណ្ណោះ ចំណែក​ហ្វីលីពីន មិន​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៤​នេះ​ទេ​។ 



​ទោះបីជា​យ៉ាងនេះ​ក្តី លោក ទេព ជីវ​សុខុម អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បានចាត់ទុក​លទ្ធផល​នេះ​ជា​លទ្ធផល​មួយ​ដ៏​ល្អ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​២០១៧ បើ​ប្រៀបធៀប​ទៅនឹង​ការធ្វើ​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​២០១១ ឆ្នាំ​២០១៣ និង​ការចូលរួម​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។ ពោលគឺ​ទាំង​៣​លើក​នោះ​កម្ពុជា​ទទួលបាន​មេដាយ​មិន​លើសពី​៤​នោះឡើយ​។

​ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​២ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​រូបនេះ​ទទួល​ថា ទោះបី​សមត្ថភាព​របស់​កីឡា​កម្ពុ​ជាមាន​ការរីក​ចម្រើន​ក៏ដោយ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​កីឡាករ​វៀតណាម​ដែលជា​ម្ចាស់​ក្បាច់គុន គឺ​នៅមានកម្រិត​ទាប​នៅឡើយ​។ ចំណែក​ឡាវ និង​មី​យ៉ាន់​ម៉ា គឺមាន​កម្រិត​ប្រហាក់ប្រហែលគ្នា​។

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ប្រចាំឆ្នាំ​២០១៧ ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ​លើទឹក​ដី​ខេត្តសៀមរាប ដោយមាន​៧​ប្រទេស​ចូលរួម​។ អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​គ្នា​លើ​២៦​វិញ្ញាសា​៕




Tag:
 ​វ៉ូ​វី​ណា​ម​
  ទេព ជីវ​សុខុម​
  វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com