ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP និង CNRP ជួបពិភាក្សា​គ្នា នៅ​ថ្ងៃទី​២៥ មករា​
17, Jan 2017 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ភ្នំពេញ​៖ ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន និង​ប្រធាន​មតិ​ភាគតិច​ក្នុង​រដ្ឋសភា បានកំណត់​ពេល​ជួប​ពិភាក្សាគ្នា នៅ​ថ្ងៃទី​២៥ មករា លើ​របៀបវារៈ​ចំនួន​៤ ដែល​គណបក្ស​ទាំងពីរ​បានដាក់​លិខិត​ឆ្លងឆ្លើយ​គ្នា​ទៅវិញទៅមក កាលពី​ថ្ងៃទី​១៣ និង​១៤ មករា​។​ នេះបើតាមលិខិតរបស់ខុទ្ធកាល័យសម្ដេច ស ខេង ចុះថ្ងៃទី១៦ មករា។


​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា របៀបវារៈ​ចំនួន​៤ ដែល​គណបក្ស​ទាំងពីរ​ឆ្លើយ​ឆ្លងតាម​លិខិត​នោះ គឺ​បានកំណត់​របៀបវារៈ​នៃ​ការចរចា និយាយ​ពី​តួនាទី ការងារ និង​សិទ្ធិអំណាច​របស់​ប្រធាន​ក្រុម​ភាគតិច និង​ប្រធាន​ក្រុម​ភាគច្រើន​នៅក្នុង​សភា​។ ចំណុច​ទាំងពីរ​នេះ​ត្រូវ​បានលើកឡើង​ដោយ​សម្ដេច ស ខេង ។​
 
​ចំណែក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម កឹម សុខា គឺ​ការស្នើ​ចរចា​និយាយ​បន្ថែម​ពីរ​ចំណុច​ទៀត លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ និង​ការស្នើសុំ​ជជែក​ទាក់ទង​នឹង​សភាពការណ៍​មុន​ការបោះឆ្នោត​។ ប៉ុន្តែ​របៀបវារៈ​ទាំងនេះ មិនបាន​និយាយ​ពី​ការដោះលែង​មន្ត្រី​អាដហុក និង​គជប​ឡើយ​។​
 
​សមាសភាព​ចូលរួម​នៅក្នុង​ជំនួប​ពិភាក្សា ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច ស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​។ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។​
 
​ចំណែក​សមាសភាព​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​បក្សប្រឆាំង​ក្នុង​រដ្ឋសភា​។ លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ ជា​សមាជិក​៕
 
 
 

Tag:
 CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com