កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូ Manu, Barca, Ajax និងហូឡង់ លោក van Gaal ប្រកាសចូលនិវត្តន៍
×
អតីតអ្នកចាត់ការទូទៅក្រុម Manchester United លោក Louis van Gaal បានចូលនិវត្តន៍ពីអាជីពជាគ្រូបង្វឹកបាល់ទាត់ហើយ បន្ទាប់ពីប្រកបក្នុងវិស័យនេះ២៦ ឆ្នាំ។ ក្រៅពីក្រុមអង់គ្លេស លោក van Gaal ក៏មានប្រវត្តិជោគជ័យដឹកនាំក្រុម Barcelona របស់អេស្ប៉ាញ និង Ajax Amsterdam និង AZ Alkmaar ផងដែរ។
បើយោងតាមការចុះផ្សាយរបស់ BBC លោក Louis van Gaal ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ និងក្រុមបិសាចក្រហម Man Utd បានប្រកាសចូលនិវត្តន៍ពីអាជីពដឹកនាំបាល់ទាត់ត្រឹមវ័យ៦៥ឆ្នាំ។ លោក ធ្លាប់ដឹកនាំក្រុមជាច្រើនដូចជាក្រុមមកពី ហូឡង់ អេស្ប៉ាញ និងចុងក្រោយនៅអង់គ្លេស។ ក្លឹបដែលលោកគ្រប់គ្រងចុងក្រោយ គឺក្លឹប Manchester United ក្រោយដឹកនាំជម្រើសជាតិហូឡង់បានលេខ៣ នៅWorld Cup ២០១៤ នៅប្រស៊ីល។
ប៉ុន្តែអ្នកចាត់ការពោរពេញដោយបទពិសោធន៍រូបនេះ ត្រូវបានក្រុម Manchester United បញ្ឈប់ពីតំណែងអ្នកចាត់ការទូទៅបន្ទាប់ពីដឹកនាំមិនបានល្អ។ រយៈពេលពីររដូវកាលនៅក្រុង Manchester លោកឈ្នះបានតែពាន FA Cup មួយប៉ុណ្ណោះកាលពីខែឧសភារដូលកាលមុន។
ជាមួយនឹងការសម្រេចចិត្តចូលនិវត្តន៍នេះ អ្នកដឹកនាំសញ្ជាតិហូឡង់បានប្រាប់កាសែត De Telegraaf ថា៖«ខ្ញុំគិតថាប្រហែលជាខ្ញុំត្រូវដល់ពេលឈប់ពីបាល់ទាត់ ហើយក៏មិនគិតថាខ្ញុំនឹងត្រឡប់ទៅដឹកនាំក្រុមណាទៀតដែរ»។
សូមបញ្ជាក់ថា van Gaal ធ្លាប់ដឹកនាំក្រុមជោគជ័យបំផុតនៅក្នុងអាជីពជាច្រើននៅតំបន់អឺរ៉ុប បើទោះជាលោកមិនសូវជោគជ័យពេលទៅដឹកនាំក្រុម Manchester United ក៏ដោយ។ ហើយកាលពីថ្ងៃចន្ទម្សិលមិញ Van Gaal ក៏ទទួលបានពានរង្វាន់សមិទ្ធផលមួយជីវិតពីរដ្ឋាភិបាលនៃប្រទេសហូឡង់ផងដែរ សម្រាប់ការចូលរួមចំណែករបស់លោកក្នុងវិស័យបាល់ទាត់៕
Tag:
Manchester United
Louis van Gaal
© រក្សាសិទ្ធិដោយ thmeythmey.com