ពីនេះ ពីនោះ
តើ​ក្រមុំ​ចូល​ម្លប់​ត្រូវមាន​«​ត្រណម​»​អ្វីខ្លះ​?
17, Jan 2017 , 2:21 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនមាន​ឯកសារ​ណាមួយ​ដែល​អាច​បញ្ជាក់​ច្បាស់​ថា តើ​ទំនៀម​ចូល​ម្លប់​បានចាប់ផ្តើម​តាំងពី​សតវត្ស​រ៍ណា ឬ​សម័យ​កាលណា​មក​នោះទេ​។ យើង​គ្រាន់តែ​ដឹង​តាមរយៈ​រឿង​ទុំ​ទាវ ដែលជា​រឿង​ពិត​កើតឡើង​នៅ​សតវត្សរ៍​ទី​១៦ (​ក្នុងសម័យ​លង្វែក​) ដែល​បញ្ជាក់ថា សង្គម​ខ្មែរ​ជំនាន់​នោះ បាន​កាន់​ទំនៀមទម្លាប់​ចូល​ម្លប់ (​នាង​ទាវ​ចូល​ម្លប់​)​។ តើ​អ្វីខ្លះ​ជា​ត្រណម​របស់​ក្រមុំ​ចូល​ម្លប់​?



​ក​/ មិន​បញ្ចេញ​ខ្លួន​ឲ្យ​ប្រុស​ឃើញ


​ការចូល​ម្លប់​របស់​ស្រី​ក្រមុំ ដំបូង​បំផុត​គឺជា​ការលាក់ខ្លួន​បំពួន​អាត្មា​ឲ្យ​ផុតពី​ភ្នែក​ប្រុសៗ​ផងទាំងពួង ក្នុង​រយៈពេល​មួយ​ជា​កំណត់​។ កាល​ពេលមុន​ចូល​ម្លប់ នាង​តែង​បាន​ចូលរួម​ការងារ​ដក​ស្ទូង​ច្រូតកាត់​ជាមួយ​មនុស្ស​ប្រុស​ក្នុងភូមិ​។ នេះ​គឺជា​រឿង​ធម្មតា​នៃ​ជីវិត​នៅក្នុង​ស្រុកស្រែ​ចម្ការ​។ ប៉ុន្តែ​នៅពេលនេះ ប្រពៃណី​តម្រូវ​ឲ្យ​នាង​ដកខ្លួន​ចេញពី​សង្គម ក្នុង​គោលបំណង​បង្កើត​ការភ្ញាក់ផ្អើល​មួយ​នៅពេល​ក្រោយ​។​

​តាម​ធម្មតា របស់​អ្វីដែល​គេ​លាក់​មិន​ឲ្យ​ឃើញ តែងតែ​បង្កើន​ចំណង់​ឲ្យ​ចង់ឃើញ មិន​ខុសពី​អាថ៌កំបាំង ឬ​ពាក្យ​ខ្សឹបខ្សៀវ​ដែល​តែងតែ​នាំ​ឲ្យ​មនុស្ស​ចង់​ឮ ចង់ដឹង​ដូច្នោះ​ដែរ​។ គេ​តែងតែ​កត់សម្គាល់ថា «​អ្វីដែល​បិទបាំង​លាក់​បំពួន សុទ្ធ​តែមាន​លក្ខណៈពិសេស​ទាំងអស់​»​។ ដូច្នេះ​អ្នក​ចូល​ម្លប់ ចង់​ធ្វើ​ខ្លួនគេ​ឲ្យ​ទៅជា​របស់​ពិសេស​។ ដូច​មាន​បទ​ចម្រៀង​បុរាណ​មួយ​ឃ្លា​សរសេរថា​៖«​ផ្កា​អើយ​ផ្កា​ក្រង ផ្កា​ក្នុង​របង ធ្វើ​ម្តេច​បាន​បេះ …»​។ ឱកាស​ដែល​គេ​បញ្ចេញ​ក្រមុំ​ចូល​ម្លប់​ឲ្យ​អ្នកផង​ឃើញ ពេលនោះ មុខជា​មាន​ហេតុ​អស្ចារ្យ​កើតឡើង​មិន​ខាន​។ ពោលគឺ​ការផ្លាស់ប្តូ​រទាំង​សីលធម៌ ទាំង​សមត្ថភាព ទាំង​រូ​បស​ម្ជ​ស្ស សម្រស់ និង​ទាំង​កាយសម្បទា​របស់​ក្រមុំ​ចូល​ម្លប់​។​

​ខ​/ មិន​ឲ្យ​និយាយ​ឆ្លងឆ្លើយ​ទៅរក​បុរស​

​ស្ត្រី​ចូល​ម្លប់​មិនមែន​តែ​លាក់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លាក់​វាចា​ពាក្យសម្តី​ទៀតផង​។ អ្នក​ពួន មាន​គោលបំណង​លាក់ខ្លួន​មិន​ឲ្យ​គេ​ឃើញ មិន​និយាយ​រក​គេ និង​មិន​អនុញ្ញាត​ឲ្យ​គេ​និយាយ​រក​ផងដែរ​។ ត្រង់នេះ ប្រពៃណី​ចង់​ហាត់ពត់​ចរិត​កូនស្រី​ឲ្យ​ស្រគត់ស្រគំ សុភាពរាបសា មិនបង្កើត​ទំនាក់ទំនង​ច្រើនពេក​។ ពិសេស​ជាងនេះទៀត ក្រមុំ​ចូល​ម្លប់​ត្រូវ​តម្កល់​អារម្មណ៍​ឲ្យ​ឋិត​ក្នុង​សភាព​ស្ងប់ស្ងៀម គិត​យ៉ាងណា​អនុវត្ត​តែ​ភារកិច្ច ដែល​កម្មវិធី​តម្រូវ​ឲ្យ​នាង​ធ្វើជា​ចាំបាច់​ប៉ុណ្ណោះ មិន​ឲ្យ​បែក​អារម្មណ៍​រាយមាយ គិត​ទៅ​អ្វី​ផ្សេង​ទៀតឡើយ​។​

​គ​/ មិន​ឲ្យ​ធ្វើ​ការងារ​សព្វសារពើ​

​គេ​តែង​តម្រូវ​ឲ្យ​កូនក្រមុំ​ចូល​ម្លប់​បាន​សម្រាកកាយ​គ្រប់គ្រាន់ មិន​ឲ្យ​នឿយហត់​ក្នុង​កិច្ចការ​ផ្សេងៗ​ឡើយ ដើម្បី​ឲ្យ​ម្រាមដៃ​ស្រ​ឡូ​ន រូប​កាយ​មាន​សម្រស់​សោភ័ណ​។ ការងារ​ខ្លះ នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ប៉ះទង្គិច​ដល់​រូបរាងកាយ​។ ប៉ុន្តែ​កិច្ច​ការដាំ​ស្ល​ចាក់​ជុល​ត្បាញ​រវៃ មិនត្រូវ​បាន​ហាម​ឡើយ​។​

​ឃ​/ មិន​ឲ្យ​កាន់​ដែក​

​នៅក្នុង​ផ្ទះ វត្ថុ​ធ្វើ​ពី​ដែក​មាន កាំបិត ពូថៅ ម្ជុល … ជាដើម​។ ការ​បណ្តោយ​ឲ្យ​ក្រមុំ​ចូល​ម្លប់ ប្រើ​របស់​ទាំងនេះ​នឹង​អាចធ្វើ​ឲ្យ​របួស ឬ​អាច​ចាត់ទុកជា​ប្រផ្នូល​អាក្រក់ ធ្វើ​ឲ្យ​សៅហ្មង​ដល់​កម្មវិធី​ចូល​ម្លប់​៕

​ប្រភព​៖ ដកស្រង់​ចេញពី​សៀវភៅ «​ក្រមុំ​ចូល​ម្លប់​» របស់លោក មៀ​ច ប៉ុណ្ណ អតីត​ទីប្រឹក្សា​អម​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​នៃ​វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ដែល​ត្រូវបាន​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ​អង្គរ​៕


Tag:
 ចូល​ម្លប់
  ទុំ​ទាវ
© រក្សាសិទ្ធិដោយ thmeythmey.com