ជាតិ
​​​ន​យោ​បាយ​ជាតិ​
អភិបាលខេត្ត​កំពង់ធំ​៤​ជំនាន់ ថតរូប​រួមគ្នា​លើកដំបូង​
18, Jan 2017 , 3:52 pm        
រូបភាព
ពី​ឆ្វេងទៅ​ស្តាំ៖ លោក ណាំ ទុំ លោក ឈុន ឈន់ លោក អ៊ុត សំអន និង​លោក សុខ លូ
ពី​ឆ្វេងទៅ​ស្តាំ៖ លោក ណាំ ទុំ លោក ឈុន ឈន់ លោក អ៊ុត សំអន និង​លោក សុខ លូ
ដោយ: រួបរួម
«​ថ្វីត្បិតតែ រូបរាង អាយុ មិន​ដូចគ្នា តែ​មនសិការ​ដូចគ្នា គឺ​ចង់​ឲ្យ​ខេត្តកំពង់ធំ​រីកចម្រើន ប្រជាជនមាន​សេចក្តីសុខ​»​។ នេះ​ជា​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក សុខ លូ ដែល​ទើបតែ​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​កំពង់ធំ ដោយ​ភ្ជាប់​រូបថត​ដែល​លោក​បាន​ថត​ជាមួយ​អតីត​អភិបាលខេត្ត​បី​រូប​ផ្សេងទៀត​។​



​តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ លោក សុខ លូ ត្រូវបានតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ ជំនួស​លោក អ៊ុត សំអន ដែល​ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅ​បម្រើការ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ នា​ពិធី​ពិសារ​សាមគ្គី​ដើម្បី​អបអរសាទរ​ការឡើង​កាន់តំណែង កាលពី​ថ្ងៃទី​៦ ខែមករា លោក សុខ លូ មានឱកាស​ថតរូប​ជាមួយ​អតីត​អភិបាលខេត្ត​មួយ​នេះ បី​រូប​ផ្សេងទៀត គឺ​លោក ណាំ ទុំ (២០០៣-២០០៩) លោក ឈុន ឈន់ (២០០៩-២០១៣) និង​លោក អ៊ុត សំអន (២០១៣-២០១៦) ។​

​លោក សុខ លូ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា លោក​ពិតជា​រីករាយ​ក្នុងការ​ទទួលយក​យោបល់​នានា​ពី​អតីត​អភិបាលខេត្ត​ដើម្បី​អភិវឌ្ឍន៍​ខេត្តកំពង់ធំ​។ លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់​ធ្វើជា​មន្ត្រី ជា​នាយខុទ្ទកាល័យ និង​ជា​អភិបាលខេត្តរង ក្រោម​ការដឹកនាំ​របស់​អតីត​អភិបាលខេត្ត​ទាំងនេះ ខ្ញុំ​បាន​រៀនសូត្រ និង​ដឹង​ពី​ការដឹកនាំ​របស់​ពួកគាត់​»​។​

​លោក សុខ លូ បាន​អះអាងថា លោក​នឹង​អនុវត្តតាម​ចំណុច​ល្អៗ​ដែល​អភិបាលខេត្ត​មុនៗ​បាន​បន្សល់ទុក ដើម្បី​ការរីកចម្រើន​របស់​ខេត្តកំពង់ធំ​។ រូបថត​នេះ អាចជា​គំរូ​នៃ​សាមគ្គីភាព​របស់​ថ្នាក់ដឹកនាំ​ចាស់​-​ថ្មី​....៕

Tag:
 កំពង់ធំ​
  សុខ លូ
© រក្សាសិទ្ធិដោយ thmeythmey.com