អន្តរជាតិ
កូរ៉េខាងជើង ប្រាប់ អូ​បា​ម៉ា ឲ្យ​គិតតែ​រៀប​បង្វេច​ចេញពី​សេត​វិមាន​ទៅ កុំ​ខ្វល់​រឿង​សិទ្ធិមនុស្ស​ពេក​
18, Jan 2017 , 7:19 pm        
រូបភាព
​កូរ៉េខាងជើង បាន​រិះគន់​រដ្ឋបាល​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​សម្រេច​ដាក់​ជនជាតិ​កូរ៉េខាងជើង​៦​នាក់ រួមទាំង​ប្អូនស្រី​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​បញ្ជីខ្មៅ​។ តាមរយៈ​សារព័ត៌មាន​រដ្ឋ KCNA កូរ៉េខាងជើង ក៏បាន​ប្រាប់​ប្រធានាធិបតី​ចប់​អាណត្តិ​រូបនេះ ឲ្យ​គិតតែ​រឿង​រៀបចំ​អីវ៉ាន់​របស់ខ្លួន និង​មិនចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ពី​រឿង​កំណត់ត្រា​សិទ្ធិមនុស្ស​របស់ខ្លួន​ឡើយ ដ្បិត​អាមេរិក​ក៏​រំលោភ​សិទ្ធិមនុស្ស​ដែរ​។​



«​អូ​បា​ម៉ា មិនគួរ​ចំណាយពេល​យក​បញ្ហា​មួយ​ទៅ​ភ្ជាប់​នឹង​បញ្ហា​សិទ្ធិមនុស្ស​ឡើយ ប៉ុន្តែ​គួរ​រៀប​បង្វេច​ឲ្យ​ល្អ​ចេញពី​សេត​វិមាន​ទៅ​»​។ នេះ​ជាការ​ណែនាំ​របស់​កូរ៉េខាងជើង​ទៅកាន់​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា តាមរយៈ​សេចក្ដីប្រកាស​របស់​សារព័ត៌មាន​រដ្ឋ KCNA នៅ​យប់​ថ្ងៃទី​១៦ ខែមករា ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN ។ កូរ៉េខាងជើង ក៏​ថែមទាំង​រិះគន់​រដ្ឋបាល​លោក អូ​បា​ម៉ា ដោយ​ហៅ​អាមេរិក​ថា ជា​កន្លែង​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធំ​ទៀតផង​។​

​កាលពី​សប្ដាហ៍​មុន ក្រសួង​រតនាគារ​អាមេរិក បាន​បន្ថែម​បុគ្គល​សំខាន់ៗ​របស់​កូរ៉េ​ខាង​ចំនួន​៦​នាក់ ទៅក្នុង​បញ្ជីខ្មៅ​របស់ខ្លួន​ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ កូរ៉េខាងជើង ទំនងជា​ខឹង​ខ្លាំង​លើ​រឿងនេះ ព្រោះ​សូម្បី​លោកស្រី Yo-jong ជា​ប្អូនស្រី​លោក គីម ជុង​អ៊ុន និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ពលករ​កូរ៉េ ក៏​ជាប់​ឈ្មោះ​ដែរ​។ ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួង​សន្តិសុខ​រដ្ឋ និង​ក្រសួង​សន្តិសុខ​ប្រជាជន ក៏ត្រូវ​ដាក់​ក្នុង​បញ្ជីខ្មៅ​លើក​នេះ​ផងដែរ​។​

​ការបញ្ចូល​ឈ្មោះ​ឥស្សរជន​កូរ៉េខាងជើង​ក្នុង​បញ្ជីខ្មៅ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួងការបរទេស​អាមេរិក បញ្ចេញ​របាយការណ៍​សិទ្ធិមនុស្ស​មួយ ដែល​ចាត់ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​ថា អាក្រក់​ជាងគេ​លើ​ពិភពលោក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស Mark Tone និយាយថា ក្រុង​ព្យុងយ៉ាង បាន​បន្ត​ការ​ទុក្ខ​បុក​ម្នេញ​ប្រជាជន​ដូចជា ការធ្វើ​ទារុណកម្ម បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់ធ្ងរ ចាប់ឃុំខ្លួន​ដោយ​បង្ខំ និង​ការសម្លាប់​ក្រៅច្បាប់​ជាដើម​។​

​ជាការ​ឆ្លើយតប​នឹង​របាយការណ៍​ខាងលើ ក្រុង​ព្យុងយ៉ាង អះអាងថា អាមេរិក មិន​ស័ក្តិសម​នឹង​និយាយ​រឿង​សិទ្ធិមនុស្ស​ឡើយ ដ្បិត​អាមេរិក គឺជា​អ្នករំលោភ​សិទ្ធិមនុស្ស​ធំជាងគេ​លើ​ពិភពលោក និង​ជា​កន្លែង​បំពាន​សិទ្ធិមនុស្ស​ធំជាងគេ​ដែរ​។ សេចក្ដីប្រកាស​របស់ KCNA បន្ថែមថា លោក​អូ​បា​ម៉ា គួរតែ​ទទួលស្គាល់​កំហុស​របស់​ខ្លួន ដែល​នាំ​ការឈឺចាប់ និង​គ្រោះអាក្រក់​មក​ឲ្យ​ប្រជាជន​អាមេរិក ក៏ដូចជា​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​។  

​កូរ៉េខាងជើង បន្ត​បន្ទោស​ប្រធានាធិបតី​ចប់​អាណត្តិ​រូបនេះ​ទៀតថា បាន​បង្កើត​ស្ថានភាព​សិទ្ធិមនុស្ស​យ៉ាង​អាក្រក់​នៅ​អាមេរិក អំឡុងពេល​៨​ឆ្នាំ​នៃ​ការ​កាន់តំណែង​ប្រធានាធិបតី​របស់ខ្លួន​។ ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង មិនល្អ​ឡើយ​ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក អូ​បា​ម៉ា​។ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង ប្រហែលជា​ធូរទ្រូង​បន្តិច ក្រោយ​ការឡើង​កាន់តំណែង​រប​ស់លោក ដូ​ណា​ល់ ត្រាំ ព្រោះ​លោក​អះអាងថា គោលនយោបាយ​របស់លោក អូ​បា​ម៉ា និង​លោក ប៊ូ​ស នឹងមិន​បន្តទៀត​ទេ​៕


Tag:
 កូរ៉េខាងជើង​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com