ជាតិ
ព័ត៍មានសុខភាព
ក្រសួង ក្រើនរំលឹក​មន្ទីរ​សុខាភិបាល​ពី​ការពង្រឹង​អនាម័យ និង​ករណី​ពុល​អាហារ​ដល់​ពលរដ្ឋ​
18, Jan 2017 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ចេញ​វិធាន​ការពង្រឹង​ការត្រួតពិនិត្យ​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​។ ការ​ក្រើនរំលឹក​នឹង​ពង្រឹង​សុវត្ថិភាព​បែបនេះ គឺ​ដោយសារ​តែមាន​ករណី​ពុល​ចំណីអាហារ ដែល​បាន​កើតមាន​ជា​ញឹកញាប់​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​មួយចំនួន ជាពិសេស​ក្រសួង​មាន​គោលបំណង​កាត់បន្ថយ​ការផ្ទុះ​ករណី​ពុល​ចំណីអាហារ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ នេះ​បើ​យោងតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១៧ ខែមករា​។



​ដើម្បី​ពង្រឹង​ការងារ​ត្រួតពិនិត្យ​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ ក្រសួង​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ សាធារណជន​ទូទៅ ចូលរួម​ថែរក្សា​អនាម័យ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាមួយគ្នានេះ ក្រសួង​បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​សុខាភិបាល​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​ជំរុញ​ការអនុវត្ត​គោលការណ៍​អនាម័យ​ល្អជា​ប្រចាំ​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ជាពិសេស​អ្នកលក់​ចំណី​តាម​ដងផ្លូវ និង​តាម​ទីសាធារណៈ​។ ក្រសួង មាន​វិធានការ​ឲ្យ​មន្ទីរ​សុខាភិបាល ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន និង​ទីប្រជុំជន ពិសេស​អ្នកលក់​ចំណីអាហារ​គ្រប់​ប្រភេទ​នូវ​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ រួមទាំង​អ្នក​បរិភោគ​ផងដែរ​។

​ក្រសួងសុខាភិបាល នឹង​ជំរុញ​ការត្រួតពិនិត្យ​ចំណីអាហារ​ទៅតាម​បច្ចេកទេស​សុខាភិបាល​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល មាន​វិធានការ ត្រួតពិនិត្យ​វត្ថុធាតុដើម ប្រភព​វត្ថុធាតុដើម ការចុះ​ត្រួតពិនិត្យ​ដល់ទី​កន្លែង​ផលិត កន្លែង​ស្ដុក​ទុក​ចំណីអាហារ រួមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន ដូចជា ជ្រុ​ញ កាំបិត​ជាដើម​។ លើសពីនេះ ក្រសួង  នឹង​បន្ត​ការអប់រំ​សុខភាព​ជាប្រចាំ​ដល់​សហគមន៍ អំពី​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ​ក្នុង​ការរៀបចំ ចម្អិន​ម្ហូ​ម​អាហារ កន្លែង​ផលិត​អាហារ ដើម្បី​ទទួលបាន​ផលិតផល​សម្រេច​មួយ​ប្រកបដោយ​អនាម័យ និង​សុវត្ថិភាព ធ្វើយ៉ាងណា​ឲ្យ​ចៀស​ផុតពី​ករណី​ពុល​អាហារ​។

​ជាពិសេស មន្ទីរ​សុខាភិបាល​គ្រប់​រាជធានី ខេត្ត ត្រូវ​រាយការណ៍​ជាប្រចាំ និង​ទៀងទាត់ ក្នុងការ​អប់រំ​អ្នកលក់ និង​អ្នក​ផលិត ពី​វិធានការ​ទប់ស្កាត់​ការពុល​ចំណីអាហារ  និង​សុវត្ថិភាព​ចំណីអាហារ​មក​ក្រសួងសុខាភិបាល​។ បន្ថែម​លើ​នេះ ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​ត្រូវតែ​សកម្ម​ក្នុងការ​អនុវត្ត​វិធានការ​នានា និង​តាមដាន​កិច្ចការ​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​។ ក្រសួងសុខាភិបាល សង្ឃឹមថា បន្ទាប់ពី​ទទួលបាន​សេចក្ដីណែនាំ​ខាងលើ មន្ទីរ​សុខាភិបាល​នឹង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕


© រក្សាសិទ្ធិដោយ thmeythmey.com