អន្តរជាតិ
សភា​ហ្កំ​ប៊ី​ព្រម​ឲ្យ​ជន​ផ្តាច់ការ Jammeh កាន់អំណាច ៣​ខែ​ទៀត ក្រោយ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​
18, Jan 2017 , 4:46 pm        
រូបភាព
​ប្រធានាធិបតី ហ្កំ​ប៊ី  Yahya Jammeh
​ប្រធានាធិបតី ហ្កំ​ប៊ី Yahya Jammeh
ដោយ: ថ្មីៗ
​ប្រធានាធិបតី ហ្កំ​ប៊ី  Yahya Jammeh   បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ក្នុងពេល​ពីរ​ថ្ងៃមុន​ថ្ងៃ​កំណត់​ដែល​លោក​ត្រូវ​ចេញពី​តំណែង​។ មេដឹកនាំ​ផ្តាច់ការ​នេះ​បាន​លើកយក​ការ​លូកលាន់​ពី​បរទេស​ក្នុង​វិបត្តិ​នយោបាយ​ដែល​កើត​ក្រោយ​បោះឆ្នោត ជា​សម្អាង​ដើម្បី​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​នេះ​។ ហើយ​អ្វីដែល​សំខាន់ សភា​ហ្កំ​ប៊ី ក៏​សម្រេច​អនុម័ត​ឲ្យ Jammeh បន្ត​កាន់តំណែង ៣​ខែ ទៀត​ដែរ​។



​ប្រធានាធិបតី​ចាញ់ឆ្នោត​ហ្កំ​ប៊ី​លោក Yahya Jammeh បានសម្រេច​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នៅ​ថ្ងៃ​អង្គារ​ទី ១៧ មករា​នេះ ក្នុង​រយៈពេល​ត្រឹម ២​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​កំណត់​សម្រាប់​លោក​ក្នុង​ការចុះ​ចេញពី​តំណែង​។ មេដឹកនាំ​រូបនេះ​បាន​លើកឡើងថា វិធានការ​នេះ​ដាក់ចេញ​ដើម្បី​ឆ្លើយតប​ការកើនឡើង​នៃ​ការ​លូកលាន់​របស់​បរទេស​ចូលក្នុង​នយោបាយ​ហ្កំ​ប៊ី​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​ផ្តាច់ការ Yahya Jammeh បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​តាម​ទូរទស្សន៍​រដ្ឋ ហើយ​បន្ត​អះអាង​ដូច្នេះ​ថា​៖«​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​កើតឡើង​ដោយសារតែ​វា​មានការ​ជ្រៀតជ្រែក​របស់​បរទេស​ចូលក្នុង​ការបោះឆ្នោត​ថ្ងៃ ១​ធ្នូ និង​កិច្ចការ​ផ្ទៃក្នុង​ហ្កំ​ប៊ី​ផង​»​។​

​មេដឹកនាំ​រូបនេះ​បាន​បន្ថែមថា​បណ្តា​ប្រទេស​មហាអំណាច​តំបន់​បង្កើត​បរិ​យាស​អាប់អួរ​និង​អរិភាព​ដែល​គំរាមកំហែង​អធិបតេយ្យ សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​ប្រទេស​ដែរ​។​ហើយ​លោក​ចាំបាច់​ត្រូវ​ចាត់វិធានការ​។​

​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន សភា​ហ្កំ​ប៊ី​បាននាំគ្នា​បោះឆ្នោត​ចេញ​ដំណោះស្រាយ​មួយ​បន្ថែម​ពេល ៣​ខែ​ទៀត​ឲ្យ Jammeh កាន់អំណាច​ជា​ប្រធានាធិបតី​។ ការបោះឆ្នោត​នៅ​សភា​នេះ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​មួយកម្រិត​ទៀត ដ្បិតថា​ប្រធានាធិបតី​ថ្មី​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​គេ​ឃើញ រដ្ឋាភិបាល​ហូ​ឡង់ អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន​ផ្អាក​ទៅ​កម្សាន្ត​នៅ​ហ្កំ​ប៊ី ហើយ​រដ្ឋាភិបាល​នេះ​ក៏​កំពុង​រៀបចំ​ជម្លៀស​ប្រជាជន​ខ្លួន​រាប់រយ​នាក់​ពី​ហ្កំ​ប៊ី​មកវិញ​ដែរ ឃើញ​ក្រោយពី​ប្រធានាធិបតី​ក្រាញ​អំណាច​នេះ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​។​

​គេ​ដឹង​ច្បាស់​ថា ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ជា​យុទ្ធសាស្ត្រ​មួយ​របស់​មេដឹកនាំ​ផ្តាច់ការ Yahya Jammeh ដើម្បី​បង្កើត​ឧបសគ្គ​សម្រាប់​ការផ្ទេរអំណាច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែមករា​។ បណ្តា​ប្រទេស​សមាជិក​សហគមន៍​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិក​ខាងលិច (ECOWAS) បាន​បន្ត​បន្ត​ស្នើសុំ​ឲ្យ​ប្រធានាធិបតី Jammeh គោរព​លទ្ធផល​បោះឆ្នោត ហើយ​ផ្ទេរអំណាច​ដល់​ប្រធានាធិបតី​ថ្មី Adama Barrow ដែល​កំពុង​លាក់ខ្លួន​នៅ​ប្រទេស​សេ​ណេ​ហ្កា​ល់​។ ក្រុមប្រឹក្សាសន្តិសុខ និង​សហភាព​អាហ្វ្រិក​សុទ្ធតែ​ទាមទារ​ឲ្យ​មេដឹកនាំ​រូបនេះ​ចុះចេញ​ដូចគ្នា​។​

​ក្រោយ​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​នេះ លទ្ធភាព​នៃ​ការអន្តរាគមន៍​យោធា​នៅ​ហ្កំ​ប៊ី​កើនឡើង​កាន់តែខ្លាំង​។ កន្លងមក​មក ប្រទេស​អាហ្វ្រិក​ខាងលិច ក្នុងនោះ​មាន​នី​ហ្សេ​រី​យ៉ា និង​សេ​ណេ​ហ្កា​ល់​ក៏​ត្រៀមលក្ខណៈ​ដើម្បី​ចូល​អន្តរាគមន៍​ក្នុងប្រទេស​ហ្កំ​ប៊ី​ដើម្បី​ទម្លាក់​លោក Jammeh ពី​តំណែង បើសិនជា​មេដឹកនាំ​រូប​នៅតែ​រឹងទទឹង​។

​មកដល់ពេលនេះ​ប្រជាជន​ហ្កំ​ប៊ី​ជាច្រើន​ម៉ឺន​នាក់​បាន​បន្ត​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​ដើម្បី​គេច​ពី​គ្រោះថ្នាក់​និង​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ហើយ​ចំនួន​ប្រជាជន​ហ្កំ​ប៊ី​ភៀសខ្លួន​កើនឡើង​ច្រើន​ក្រោយ​ពេលដែល​រដ្ឋាភិបាល​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដដែល រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី Jammeh មួយចំនួន​បាន​លាលែង​ពី​តំណែង​រួចរាល់​ហើយ នៅឡើយ​តែ​ប្រធានាធិបតី Jammeh ប៉ុណ្ណោះ​ដែល​នៅ​រឹងទទឹង​មិន​ព្រម​ផ្ទេរអំណាច​។ កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ Jammeh បញ្ជា​ឲ្យ​គេ​ចាប់ខ្លួន​ទាហាន​មួយចំនួន​ដែលមាន​និន្នាការ​គាំទ្រ​ប្រធានាធិបតី​ថ្មី​ផងដែរ​ដើម្បី​ទប់ស្កាត់​ក្រែង​មានការ​ងើប​ប្រឆាំង​លោក​ផង​។​

​គេ​បានទទួល​ដំណឹង​ផងដែរ​ថា ប្រទេស​ម៉ា​រ៉ុ​ក បានប្រកាស​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​មួយ​សម្រាប់​លោក Jammeh ឲ្យ​តែ​លោក​ព្រម​ចុះ​ចេញពី​តំណែង​។ ម៉ា​រ៉ុ​ក​និង​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត អាច​ធានា​ពី​សុវត្ថិភាព និង​ធានា​ឲ្យ Jammeh រស់នៅ​សុខសាន្ត​ក្រោយ​ការចូលនិវត្តន៍​នយោបាយ​ថែម​ទៀតផង​។ ប៉ុន្តែ Jammeh  មិន​ចាប់អារម្មណ៍​នោះឡើយ​៕
 

Tag:
 Yahya Jammeh
  ECOWAS
  Adama Barrow
© រក្សាសិទ្ធិដោយ thmeythmey.com