អន្តរជាតិ
បន្ថែមពីកម្ពុជា វៀតណាមនិងថៃ ឡាវត្រៀមលក់ថាមពលអគ្គិសនីឲ្យម៉ាឡេស៊ី និងសិង្ហបុរី នាយករដ្ឋមន្ត្រីឡាវ
× រដ្ឋាភិបាលក្រុងវៀងចន្ទន៍ រំពឹងថានឹងអាចមានលទ្ធភាពក្នុងការនាំចេញថាមពលអគ្គិសនីទំហំ ១០០ មេហ្គាវ៉ាត់ ទៅឲ្យម៉ាឡេស៊ីនៅខែកញ្ញាខាងមុខនេះ។ គម្រោងនាំចេញថាមពលនេះ គឺជាផែនការថ្មីមួយរបស់រដ្ឋអាស៊ានដែលគ្មានព្រំដែនជាប់សមុទ្រមួយសោះបន្ថែមលើការនាំចេញទៅឲ្យប្រទេសជិតខាងដែលរួមមានកម្ពុជា វៀតណាម និងថៃស្រាប់នោះ។
លោក Daovong Phonekeo មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ៃ និងថាមពលឡាវ បានអះអាងថា រដ្ឋាភិបាលឡាវ បានដាក់ដំណើរការផែនការសាកល្បងដំណាក់កាលទីមួយក្នុងការលក់ថាមពលអគ្គិសនី ១០០ មេហ្គាវ៉ាត់ទៅឲ្យម៉ាឡេស៊ីតាមរយៈប្រព័ន្ធភ្លើងជាតិថៃ។ ហើយរដ្ឋាភិបាលឡាវ ក៏គ្រោងនឹងលក់ថាមពលអគ្គិសនីទៅកាន់សិង្ហបុរីតាមរយៈបណ្តាញអគ្គិសនីថៃ និងម៉ាឡេស៊ីនៅក្នុងដំណាក់កាលទីពីររបស់ខ្លួនត្រឹមឆ្នាំ២០២០ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី១៨ មករា។
មន្ត្រីជាន់ខ្ពស់ដដែលនោះ បានឲ្យដឹងដែរថា ក្រសួងរ៉ែ និងថាមពល បាននិងកំពុងតែរៀបចំឯកសារដើម្បីពន្លឿនកិច្ចសន្ទនាជាមួយនឹងអាជ្ញាធរនៅក្នុងប្រទេសថៃ និងម៉ាឡេស៊ីនៅខែមិនានេះដើម្បីចរចាតម្លៃ និងដំណើរការនៃការបញ្ជូនថាមពល។ នេះបើយោងតាមប្រភពព័ត៌មានដដែល ដែលដកស្រង់សម្តីមន្ត្រីដដែលនោះ ដែលបាននិយាយទៀតថា ផែនការនៃការលក់ថាមពលទៅឲ្យម៉ាឡេស៊ីស្ថិតនៅក្នុងផែនការសាកល្បងនៅឡើយនោះទេ ពោលគឺ រដ្ឋាភិបាលឡាវ ត្រូវសិក្សា និងវាយតម្លៃបន្ថែមទៀតពាក់ព័ន្ធផលប្រយោជន៍ និងបញ្ហាប្រឈមជាមួយនឹងសមាជិកអាស៊ាន ហើយ ក៏កំពុងតែរង់ចាំធ្វើពាណិជ្ជកម្មអគ្គិសនីជាសមូហភាពផងដែរ។
បើតាម The Nation ឡាវ រំពឹងថា នឹងអាចផលិតបានថាមពលអគ្គិសនីប្រមាណ មួយម៉ឺន មេហ្គាវ៉ាត់ត្រឹមឆ្នាំ២០២០ ដែលចំនួននេះ ត្រូវបានរពឹងថា នឹងប្រើប្រាស់ក្នុងស្រុកតែ២៥ភាគរយប៉ុណ្ណោះ។ បើទោះបីជាឡាវ ត្រូវបានមើលឃើញថាជាប្រទេសអាស៊ានមួយដែលមិនមានទឹកដីជាប់នឹងសមុទ្រសោះក៏ដោយ ឡាវ ក៏មានសក្តានុពលផ្សេង ដ្បិតប្រទេសនេះ ជាប់នឹងទន្លេមេគង្គដែលផ្តល់លទ្ធភាពក្នុងការផលិតថាមពលអគ្គិសនី ដែលបច្ចុប្បន្ន ឡាវ ក៏កំពុងតែនាំចេញមកកាន់ថៃ វៀតណាម និងកម្ពុជាផងដែរនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com