ជាតិ
កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ស្វាគមន៍​ជនបរទេស​ជាងគេ
18, Jan 2017 , 9:19 pm        
រូបភាព
រូបភាព៖ ភិរុណ ឧត្តម
រូបភាព៖ ភិរុណ ឧត្តម
​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង​១៣ ដែលមាន​ចំណាត់​ថ្នាក់លើ​គេ​នៃ​តារាង​ប្រទេស​ដែល​ស្វាគមន៍​ជនបរទេស​ជាងគេ​។ មានន័យថា ប្រទេស​ទាំង​១៣ មិនបាន​តម្រូវ​ឲ្យ​ជនបរទេស​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​មុននឹង​មកដល់​ទឹកដី​ប្រទេស​នីមួយៗ​ឡើយ​។ នេះ​បើ​យោង​ស​ន្ទ​ស្សន៍​នៃ​អំណាច​លិខិតឆ្លងដែន​របស់​ប្រទេស​លើ​ពិភពលោក ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Independent ។​



​បើទោះជា​ស្ថិតនៅ​ចំណាត់​ទី​៧៨ នៃ​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ជាងគេ​លើ​ពិភពលោក កម្ពុជា បានទទួល​ចំណាត់ថ្នាក់​ល្អ​ក្នុង​តារាង​នៃ​ប្រទេស​ដែល​ស្វាគមន៍​ជនបរទេស​ជាងគេ​។ ពោល គឺ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង​១៣ ដែល​ស្វាគមន៍​ជនបរទេស​បំផុត​។ នេះ ក៏​ព្រោះ​ជនបរទេស​អាចមក​កាន់​កម្ពុជា​ដោយ​មិនចាំបាច់​សុំ​ទិដ្ឋាការ​ជាមុន​ឡើយ​។

​ក្រៅពី​កម្ពុជា ប្រទេស​ទាំង​១២​ផ្សេងទៀត​មាន កូ​ម័​រ​, ហ្គី​ណេ​ប៊ី​ស្សូ​, ម៉ា​ដា​ហ្គា​ស្កា​, ម៉ូ​រីតា​នី​, មីក្រូ​ណេ​ស៊ី​, ម៉ូ​សំ​ប៊ិក​, សា​ម័​រ​, សិ​ស្ហែ​ល​, ទី​ម័​រ​ខាងកើត​, តូ​ហ្គោ​, ទូ​វ៉ា​លូ​, និង​អ៊ូ​ហ្គ​ង់​ដា​។ ចំណែក​ប្រទេស​ដែល​ស្ថិតនៅ​ចំណាត់​ចុងក្រោយ​គេ​នៃ​តារាង​ប្រ​ទស​ស្វាគមន៍​ជនបរទេស​ជាងគេ គឺ​អា​ហ្វ​ហ្គា​នី​ស្ថាន​, សូ​ម៉ាលី និង​តួ​កមេ​នី​ស្ថាន ដោយ​ប្រទេស​ទាំងបី​តម្រូវ​ឲ្យ​ជនបរទេស​ទាំង​អស់ដា​ក់​ពាក្យស្នើសុំ​ទិដ្ឋាការ​ចូល​ទឹកដី​របស់ខ្លួន​។​

​រដ្ឋ​ឯកោ​កូរ៉េខាងជើង មាន​ចំណាត់ថ្នាក់​ល្អ​ជាង​ប្រទេស​ទាំងបី​ខាងលើ ដោយ​ប្រទេស​នេះ​សម្រេច​លើកលែង​ទិដ្ឋាការ​ឲ្យ​អ្នក​កាន់​លិខិតឆ្លងដែន​មកពី​ស្វ៊ី​ស​, សិង្ហ​បុរី និង​ម៉ាឡេស៊ី​។ ចក្រភព​អង់គ្លេស ស្ថិតនៅ​ចំណាត់​ទី​៥១ នៃ​តារាង​នេះ ដោយ​ប្រទេស​តម្រូវ​ឲ្យ​ប្រទេស​ប្រមាណ​៥០​ភាគរយ​នៃ​ប្រទេស​លើ​ពិភពលោក ស្នើសុំ​ទិដ្ឋាការ​។​

​ដោយឡែក បើតាម​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន​មានអំណាច​ជាងគេ លិខិតឆ្លងដែន​របស់​អាល្លឺម៉ង់ នៅ​រក្សា​ចំណាត់ថ្នាក់​ទី​១ ដដែល ព្រោះ​អ្នក​កាន់​លិខិតឆ្លងដែន​អាល្លឺម៉ង់ អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជាច្រើន​ដោយ​មិនចាំបាច់​ស្នើសុំ​ទិដ្ឋាការ​ឡើយ​។ ស​ន្ទ​ស្សន៍​ដែល​ធ្វើឡើង​ដោយ​ស្ថាប័ន Arton Capital បង្ហាញ​ដែរ​ថា លិខិតឆ្លងដែន​របស់​សិង្ហ​បុរី បាន​ឡើងមក​កាន់​ចំណាត់ថ្នាក់​ទី​២ ទន្ទឹមគ្នា​នឹង​លិខិតឆ្លងដែន​របស់​ស៊ុយអែត​។​

​លិខិតឆ្លងដែន​របស់​ចក្រភព​អង់គ្លេស ស្ថិតនៅ​ចំណាត់​ទី​៣ ជាមួយនឹង​លិខិតឆ្លងដែន​របស់​ដា​ណឺ​ម៉ាក​, ហ្វាំ​ង​ឡង់​, បារាំង​, អេ​ស្ប៉ា​ញ​, ស្វ៊ី​ស​, ន័​រ​វ៉េ​ស និង​អាមេរិក​។ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​ខាងលើ ដែល​បង្ហាញ​ទៀតថា លិខិតឆ្លងដែន​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតនៅ​ចំណាត់​ចុងក្រោយ​គេ​នៃ​តារាង​លិខិតឆ្លងដែន​មាន​ឥទ្ធិពល​ជាងគេ​៕ 


Tag:
 កម្ពុជា​
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com