ជាតិ
កម្ពុជា​-​ជប៉ុន បង្កើត HOT LINE ទំនាក់ទំនង​គ្នា ដើម្បី​ធានា​សុវត្ថិភាព​ដល់​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា​
19, Jan 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា​-​ជប៉ុន បាន​ឯកភាពគ្នា​បង្កើត​ប្រព័ន្ធ HOT LINE និង​មន្ត្រី​ទំនាក់ទំនង​មួយ​ដើម្បី​សហកា​ជាមួយគ្នា ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាន់ពេលវេលា ធ្វើ​យ៉ាង​ការពារ​សុវត្ថិភាព សន្តិសុខ ដល់​ជនជាតិ​ជប៉ុន ដែល​រស់នៅ​កម្ពុជា​។ អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បាន​ជួប​ពិភាក្សាគ្នា​ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ មករា​។​



​អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បាន​ប្តេជ្ញា​ទប់ស្កាត់​នូវ​អំពើ​ភេរវកម្ម តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​យ៉ាង​ជិតស្និទ្ធ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ​ជប៉ុន ទាំង​ថ្នាក់ដឹកនាំ អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​។ កម្ពុជា​តែងតែ​យក​ប្រទេស​ជប៉ុន​ធ្វើជា​គំរូ ក្នុងការ​អនុវត្ត​ការងារ គ្រប់គ្រង​ចរាចរណ៍ បរិស្ថាន សន្តិសុខ ។ នេះ​ជាការ​លើកឡើង​របស់លោក នេ​ត សាវឿន​។​

​ជាការ​ឆ្លើយតប​ឯកអគ្គរាជទូត​ជប៉ុន បាន​លើកឡើងថា ភ្ញៀវ​ទេសចរណ៍ អ្នកវិនិយោគ និង​ប្រតិភូ​ជាន់ខ្ពស់​របស់​ប្រទេស​ជប៉ុន ធ្វើដំណើរ​មក​កម្ពុជា​ជា​បន្តបន្ទាប់ ក្រោយពី​ប្រទេស​ទាំងពីរ​បានដាក់​ដំណើការ​ជើងហោះហើរ​ត្រង់​។ លោក បន្ថែមថា ដោយសារតែ​ជនជាតិ​ជប៉ុន​មក​កម្ពុ​ជាច្រើន​នេះ ទើប​តម្រូវ​ឲ្យ​មានការ​សហការ​យ៉ាង​ជិត​សិទ្ធ​ក្នុងការ​ការពារ និង​ផ្លាស់ប្តូរ​ព័ត៌មាន ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ជនជាតិ​ជប៉ុន​។ ឯកអគ្គរាជទូត​ជប៉ុន សន្យាថា​នឹង​ផ្ដល់​សម្ភារៈ​និង​ជំនួយ​បច្ចេកទេស​បន្ថែម​ដល់​នគរបាល​កម្ពុជា​ផងដែរ​៕


Tag:
 កម្ពុជា​
 ​ ជប៉ុន​
  Hotline
© រក្សាសិទ្ធិដោយ thmeythmey.com