ជាតិ
គជប សម្រេច​រក្សា​ឈ្មោះ​អ្នក​រង​បណ្តឹង​ជាង ២០០​នាក់ ដដែល​
19, Jan 2017 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប បាន​ច្រានចោល​ភស្តុតាង​នៃ​បណ្តឹង​ជំទាស់​របស់​ដើមបណ្តឹង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​លុប ឈ្មោះ​អ្នក​បាន​ចុះ​ក្នុង​បញ្ជី បោះឆ្នោត​ថ្មី​ជាង ២០០​នាក់​ទៀត​ដែលជា​ជនជាតិ​វៀតណាម កាន់​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​។



​ដូច​សំណុំរឿង​មុនៗ​ដែរ តំណាង​ដើមបណ្តឹង មកពី​គណបក្ស​សង្គ្រោះ​ជាតិ  លោក មេធាវី ហែម សុជាតិ អះអាងថា ជន​ទាំងនោះ​ជា​ជនជាតិ វៀតណាម ព្រោះ ពួកគេ និយាយ​ភាសា​ខ្មែរ​ប៉ៃឡាំៗ​។ ប៉ុន្តែ លោក ស៊ិ​ក ប៊ុន​ហុក ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជម្រះ​ពាក្យបណ្តឹង តាម​ការឆ្លើយបំភ្លឺ​រប​ស់​សាក្សី ចុង​ចម្លើយ និង​តំណាង​ក្រុម ប្រឹក្សា​ឃុំ​សង្កាត់​ដែលមាន​វត្តមាន​ជាង ៣០​នាក់ និង​ពិនិត្យ​ឯកសារ​បញ្ជាក់ ពី​ក្រសួងមហាផ្ទៃ អ្នក​ទាំងនោះ​សុទ្ធ​តែមាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​។

​លោក ស៊ិ​ក ប៊ុន​ហុក សម្រេច​បដិសេធ​ភស្តុតាង​របស់​ដើមបណ្តឹង ដោយ​លោក​និយាយថា មិនត្រូវ​តាមច្បាប់ បោះឆ្នោត​ទេ​។ លោក​បាន​លើក​មាត្រា ៥១ នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​អាច​ចុះឈ្មោះ​បោះឆ្នោត​។​

​ដោយ​ពិនិត្យ​ឯកសារ​សញ្ជាតិ​ជាមួយ​ក្រសួងមហាផ្ទៃ​លោក ស៉ិ​ក ប៊ុន​ហុក បញ្ជាក់ថា ចុង​ចម្លើយ​ទាំងអស់ បាន​បំពេញ​តាម ច្បាប់បោះឆ្នោត​ត្រឹមត្រូវ​។ លោក​បានប្រកាស នៅ​រាត្រី​ថ្ងៃទី​១៨ មករា​នេះ បើកផ្លូវ​ឲ្យ​ដើមបណ្តឹង​ទាំងអស់ ប្តឹងតវ៉ា​បន្តទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​រយៈពេល ៥​ថ្ងៃក្រោយ​ទទួល​សេចក្តីសម្រេច គជប តាមច្បាប់​កំណត់​។

​ករណី​ស៊ើបអង្កេត​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​វិញ ប្រធាន​ក្រុមប្រឹក្សា​រូបនេះ បញ្ជាក់​តាមច្បាប់​ថា គជប គ្មាន​សិទ្ធិ​អង្កេត​នោះទេ ដោយសារ​ថា ច្បាប់​អនុញ្ញាត​ឲ្យ​តែ​តុលាការ និង​អាជ្ញាធរ​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ ស៊ើប​រឿងនេះ​។ ជាការ​ឆ្លើយតប លោកស្រី ម៉េង សុភា​រី តំណាង ដើមបណ្តឹង​ពុំទាន់​កំណត់ ពេល​ប្តឹង​ឲ្យ​សើរើ​អត្តសញ្ញាណ​បណ្ណ​នោះទេ ដោយ​លោកស្រី​ថា លោកស្រី​កំពុង​មមាញឹក​រៀបចំ បណ្តឹង​មក គជប​។ ប៉ុន្តែ លោកស្រី បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​ប្តឹងទៅ​អាជ្ញាធរ​ពេល​ក្រោយ​ទៀត​។ នៅ​ថ្ងៃ ១៩​មករា​នេះ គជប នឹង​ពិនិត្យ​បណ្តឹង ២៣​ផ្សេងទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com