អន្តរជាតិ
ខួប​៥០​ឆ្នាំ​អាស៊ាន នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ឲ្យ​គ្រួសារ​អាស៊ាន​ជួយ​លើកកម្ពស់​យុទ្ធនាការ​ទេសចរណ៍ «VisitASEAN@50»
19, Jan 2017 , 2:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឈាន​មកដល់​អាយុកាល​៥០​ឆ្នាំ​នៃ​ការបង្កើត​និម្មាបនកម្ម​តំបន់​«​អាស៊ាន​» បាន​ក្លាយជា​ឱកាស​ពិ​សេសមួយ​សម្រាប់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។ ដោយ​យល់ឃើញ​ពី​ឱកាស​វិសេសវិសាល​មួយ​នេះ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​ឆ្លៀតឱកាស​ដើម្បី​លើកកម្ពស់​ពី​ស្ថាប័ន និង​ដំណើរ​ទៅមុខ​ដើម្បី​ផលប្រយោជន៍​ឈ្នះ​ទាំងអស់គ្នា ដោយ​លោក បានស្នើ​ឲ្យ​គ្រួសារ​អាស៊ាន​ផ្តោតលើ​វិស័យ​ទេសចរណ៍​ជាសំខាន់​។

សក្តានុពល​របស់​ប្រទេស​អាស៊ាន រួមជាមួយ​នឹង​ការបន្ត​សហការគ្នា​អភិវឌ្ឍ លោក ជឿជាក់ថា នឹងធ្វើ​ឲ្យ​ប្រទេស​ទាំងអស់​ទទួលផល​ប្រយោជន៍​។


​លោកនាយក​រដ្ឋមន្ត្រី លី សៀង​ឡុង នៅ​ថ្ងៃ​១៨ មករា បាន​ថ្លែង​នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​សិង្ហ​បុរី ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ រពឹង​ថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​រហូត​ដល់​១២១​លាន​នាក់​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។ ដោយ​មិន​ត្រឹមតែ​បញ្ជាក់​ការរំពឹង​ប៉ុណ្ណោះ​នោះទេ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​នូវ​មធ្យោបាយ​បី​សំខាន់​ដើម្បី​ជំរុញ និង​លើកកម្ពស់​វិស័យនេះ រួមមាន ការពង្រឹង​ប្រព័ន្ធ​ហោះហើរ បង្កើត​កម្មវិធី​ដំណើរ​ក​ម្សា​ន្ត្ និង​ការអភិវឌ្ឍ​ប្រកប​ភាព​ទាក់ទាញ​។

​លោក លី បាន​យល់ឃើញថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​មួយ​ដែល​អាស៊ាន​អាចធ្វើ​រួមគ្នា ទទួលបាន​ផលប្រយោជន៍​«​ឈ្នះ​-​ឈ្នះ​» តាមរយៈ​ការជួយ​ស្រោចស្រង់​សេដ្ឋកិច្ច បង្កើត​ការងារ​កាន់តែច្រើន និង​ជំរុញ​ឲ្យ​ប្រជាជន​ឲ្យ​ចូលរួម​ទាំងអស់គ្នា​ផងដែរ​។

​លោក បន្តទៀតថា​៖« ក៏​ព្រោះតែ​អាស៊ាន មាន​ក្រុម​កណ្តាល​(​សេដ្ឋកិច្ច​)​ដែលមាន​ការលូតលាស់​ឆាប់រហ័ស ហើយ​ប្រជាជន ក៏​កាន់តែ​ធូរធារ​ទៅ ហើយ មួយចំនួន​នៃ​ពួកគេ ក៏​ចង់​ធ្វើដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​ផងដែរ​។ ទន្ទឹមនឹងនេះ  អាស៊ាន ខ្លួនឯង​ផ្ទាល់ ក៏​អាច​ផ្តល់នូវ​ការទាក់ទាញ​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​មក​ទស្សនា​នៅក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​»​។

​អ្វី​គួរកត់សម្គាល់​នោះ ស្រប​ខួប​នៃ​៥០​ឆ្នាំ​នៃ​ការបង្កើត​អាស៊ាន​នោះ លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អាស៊ាន​ដែលមាន​ជាងគេ​រូបនេះ ក៏បាន​លើក​យុទ្ធនាការ​ទីផ្សារ និង​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​អាស៊ាន ដូចជា «VisitASEAN@50» ជាដើម​។  យុទ្ធនាការ​VisitASEAN@50 គឺជា​យុទ្ធ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​របស់​អាស៊ាន ដោយ​ក្នុងនោះ មានកម្ម​វិធី​ពិសេស​៥០ និង​កន្លែង​បទពិសោធន៍​កម្សាន្ត​៥០ របស់​ប្រទេស​ទាំង​ដប់​របស់​អាស៊ាន ដែល​ទិសដៅ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​។

​សូម​ជម្រាប​ផងដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី​០៨ សីហា ឆ្នាំ​១៩៦៧៕


Tag:
 អាស៊ាន​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com