អន្តរជាតិ
បក្ស​កុម្មុយនីស្ត​ចិន ប្រាប់​ប៉ូលិស​និង​មន្ត្រី​តុលាការ​ឲ្យ​ស្មោះត្រង់​បក្ស​ដាច់ខាត​
19, Jan 2017 , 2:43 pm        
រូបភាព
​បក្ស​កុម្មុយនីស្ត​ចិន បានចេញ​សេចក្ដីណែនាំ​ព្រមាន​មួយ​ទៅកាន់​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​ក្រុមមន្ត្រី​តុលាការ ដោយ​ប្រាប់​ឲ្យ​ពួកគេ​ស្មោះត្រង់​នឹង​បក្ស​ឲ្យ​បាន​ដាច់ខាត​។ ការចេញ​សេចក្ដីណែនាំ​នេះ ធ្វើឡើង​ទន្ទឹមនឹង​ការ​បោសសម្អាត​មន្ត្រី​ពុករលួយ​តាំងពី​ថ្នាក់ទាប ដល់​មន្ត្រី​ថ្នាក់ខ្ពស់ ជាពិសេស​ក្រោយ​ការកាត់ទោស​អតីតរដ្ឋមន្ត្រី​សន្តិសុខ Zhou Yong Kang ដែល​ទទួលបន្ទុក​គ្រប់គ្រង​លើ​អង្គភាព​ប៉ូលិស​របស់​ប្រទេស​រួចមក​។​



​ការកាត់ទោស​លោក Zhou Yong Kang អតីត​សមាជិក​ការិយាល័យ​នយោបាយ​ដ៏​មានអំណាច និង​ជា​អតីត​មេ​សន្តិសុខ​ជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន បង្ក​ការ​ជាការ​ព្រួយបារម្ភ​ជាខ្លាំង​ក្នុងចំណោម​មន្ត្រីប៉ូលិស ដែល​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក​។ បក្ស​កុម្មុយនីស្ត​ចិន​ផ្ទាល់ ក៏​ទំនងជា​បារម្ភ​មិនតិច​ដែរ​លើ​រឿងនេះ​។ បក្ស​កុម្មុយនីស្ត​បារម្ភ​ថា មន្ត្រីប៉ូលិស​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​លោក Zhou ឈប់​ស្មោះត្រង់​នឹង​បក្ស​ទៀត​មិន​ខាន​។  

​យ៉ាងណាក្ដី ក្នុង​សេចក្ដីប្រកាស​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua នៅ​ថ្ងៃទី​១៨ ខែមករា​បក្ស​កុម្មុយនីស្ត​ចិន​និយាយថា មន្ត្រី​អនុវត្ត​ច្បាប់ និង​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវមាន​ជំនឿ​នយោបាយ​ឲ្យ​ច្បាស់លាស់​, ធ្វើការ​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ក៏ដូចជា​ធ្វើការ​ដោយមាន​ការតាំង​ចិត្ត និង​មាន​វិន័យ​។ សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា​៖ «​មន្ត្រី​តុលាការ និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវគោរព​តាម​នីតិរដ្ឋ​ក្នុងប្រទេស​, គោរព​តាម​ការណែនាំ​របស់​បក្ស ហើយ​ស្មោះត្រង់​នឹង​បក្ស​មិន​វៀចវេរ​ឡើយ​»​។​

​បន្ថែម​ពីលើ​ការណែនាំ​នេះ បក្ស​កុម្មុយនីស្ត​ចិន ក៏​នឹង​រៀបចំ​ប្រព័ន្ធ​ថ្មី​មួយ​ដើម្បី​បណ្ដុះបណ្ដាល និង​គ្រប់​មន្ត្រី​ទាំងនោះ សំដៅ​ធ្វើយ៉ាងណា​ធានាថា ពួកគេ​នៅតែមាន​ភាពស្មោះត្រង់​ចំពោះ​បក្ស​ដដែល​។ បក្ស​កុម្មុយនីស្ត​ដ៏​ធំ​មួយ​នេះ ក៏​នឹង​រឹតបន្តឹង​ការគ្រប់គ្រង​របស់ខ្លួន ក្នុង​គោលដៅ​ដាក់ពិន័យ​មន្ត្រី​ទាំងឡាយ​ដែល​រំលោភបំពាន​អំណាច និង​ប្រព្រឹត្ត​ពុករលួយ​ទៀតផង​។ សេចក្ដីប្រកាស​នេះ មិនបាន​និយាយ​ចំឈ្មោះ​លោក Zhou ឡើយ តែ​បក្ស​កុម្មុយនីស្ត​ធ្លាប់​ប្រាប់​ឲ្យ​បោសសម្អាត​ឥទ្ធិពល​លោក​ឲ្យ​អស់​។​

​លោក Zhou Yong Kang ជា​អតីតរដ្ឋមន្ត្រី​សន្តិសុខ​សម័យ​ប្រធានាធិបតី ហ៊ូ ជីន​តាវ ត្រូវបាន​កាត់ទោស​ពីបទ​លួច​ស៊ីសំណូក​, ធ្វើ​ឲ្យ​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់ និង​បំពាន​អំណាច​។ លោក Zhou គឺជា​មន្ត្រីជាន់ខ្ពស់​បំផុត​ដែល​ជាប់ទោស​ក្នុង​សំណុំរឿង​ពុករលួយ ចាប់តាំងពី​បក្ស​កុម្មុយនីស្ត​ឡើងកាន់​
​អំណាច​ក្នុង​ឆ្នាំ​១៩៤៩ មក​។

​ក្រោយ​ការឡើង​កាន់អំណាច​ក្នុង​ឆ្នាំ​២០១៣ មក លោក ស៊ី ជិន​ភីង ដែលជា​ប្រធានាធិបតី និង​ជា​អគ្គលេខាបក្ស​កុម្មុយនីស្ត​ផង​នោះ បាន​ប្រមូល​ចាត់វិធានការ​ក្ដោប​អំណាច​យ៉ាង​ពេញដៃ និង​បាន​បើក​យុទ្ធនាការ​បោសសម្អាត​នៅ​ទូទាំងប្រទេស​ដោយ​មិន​លើកលែង​ឡើយ​។ លោក​ធ្លាប់​អះអាងថា មិន​ថា​រុយ ឬ​ខ្លា​ឡើយ ត្រូវតែ​សម្អាត​ឲ្យ​ល្អ​។ នេះ គឺ​លោក​ចង់​សំដៅថា មិន​ថា​មន្ត្រី​ទាប ឬ​មន្ត្រី​ខ្ពស់​ប៉ុណ្ណា​ឡើយ ត្រូវតែ​កាត់ទោស​ជាដាច់ខាត បើ​ធ្វើ​ខុស​មែន​៕


Tag:
 ​ចិន​
  កុម្មុយនីស្ត​
© រក្សាសិទ្ធិដោយ thmeythmey.com