ជាតិ
សង្គមជាតិ
លោក នុត សាវ​នា​៖​មន្ត្រី​ជំនាញ​រកឃើញ​អ្នកទោស​៨​នាក់​មាន​ផ្ទុក​សារធាតុ​ញៀន
19, Jan 2017 , 4:37 pm        
រូបភាព
លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។ រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ
លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។ រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ
​ក្រោយ​ការធ្វើ​តេស្ត រក​សារធាតុ​ញៀន​លើ​អ្នក​ជាប់ឃុំ​ជាង​២​ពាន់​នាក់​រួចមក មន្ត្រី​ជំនាញ​បាន​រកឃើញ​អ្នក​ជាប់ឃុំ​ចំនួន​៨​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា​អ្នកទោស​ទាំងនោះ​ជា​អ្នកញៀន​ថ្មី ឬ​ជា​អ្នក​ដែល​ធ្លាប់ប្រើ​ប្រាស់​សារធាតុ​ញៀន​មុន​ជាប់ឃុំ​នោះទេ ដោយ​ត្រូវ​រង់ចាំ​ការសិក្សា​ជាមុនសិន​។


 
​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​បានចាប់ផ្តើម​ហើយ លើ​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយមាន​ការសហការ​ពី​មន្ត្រី​អគ្គស្នងការ​នគរបាល​ជាតិ និង​មន្ត្រី​ជំនាញ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ យុទ្ធនាការ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ ក្នុង​សប្តាហ៍​នេះ នៅ​មណ្ឌល​កែប្រែ​ទី​១ ឬ​ហៅថា​ពន្ធនាគារ​ព្រៃ​ស មុនគេ​។​

​លោក នុត សាវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចាប់តាំងពី​ថ្ងៃ​អង្គារ​មក មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​អ្នកទោស​បាន​ចំនួន​២០៥២​នាក់ ក្នុងនោះ​រកឃើញ​អ្នកទោស​ចំនួន​៨​នាក់ ដែលមាន​ផ្ទុក​សារធាតុ​ញៀន​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​មន្ត្រី​ជំនាញ​មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា​តើ​អ្នកទោស​ដែល​រកឃើញ​ផ្ទុក​សារធាតុ​ញៀន​ទាំងនោះ ជា​អ្នកទោស​ដែល​ទើប​ជាប់ឃុំ​ថ្មី ឬ​អ្នកទោស​ដែល​ជាប់ឃុំ​យូរ ហើយ​មាន​ផ្ទុក​សារធាតុ​ញៀន​ស្រាប់​។

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏​មិនអាច​និយាយ​ដល់​ការលើកឡើង​របស់​សាធារណជន​កន្លងមក​ដែលថា​មានការ​ជួញដូរ​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ដែរ ផ្ទុយទៅវិញ​លោក នុត សាវ​នា បានចេញ​មុខការ​ពារ​ជុំវិញ​ករណីនេះ ដោយ​សំអាង​លើ​ចំនួន​អ្នកទោស​ដែលមាន​ផ្ទុក​សារធាតុ​ញៀន​មាន​តិចតួច​។ លោក​ពន្យល់​ដូច្នេះ​ថា​៖ «​កន្លងមក​យើង​តែងតែ​ឮ​ហើយ មានការ​ចរាចរណ៍​គ្រឿងញៀន​ក្នុង​ពន្ធនាគារ ប៉ុន្តែ​យើង​មើល​២​ពាន់​នាក់ ឃើញ​អ្នកមាន​សារធាតុ​ញៀន​តែ​៨​នាក់ បើ​ប្រៀបធៀប​តួលេខ ដែល​បានធ្វើ​តេស្ត គឺ​តិចតួច​ណាស់​»​។

​បច្ចុប្បន្ន​អ្នក​កំពុង​ជាប់ឃុំ​នៅក្នុង​មណ្ឌល​កែប្រែ​ទី​១ មាន​ជាង​៤,៨០០​នាក់ ហើយ​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​ក្នុង​មណ្ឌល​កែប្រែ​ទី​១​នេះ នឹងត្រូវ​ចំណាយពេល​ពី​១ ទៅ​២ សប្តាហ៍​។ នេះ​បើតាម​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ខាងលើ ដែល​បន្ត​ឲ្យ​ដឹងថា​យុទ្ធនាការ​នេះ នឹងត្រូវ​ធ្វើជា​បន្តបន្ទាប់​ទៀត​នៅ​ពន្ធនាគារ​ទូទាំងប្រទេស​។

​ឆ្នាំ ២០១៧ ជា​ឆ្នាំ​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដាក់​គោលដៅ​ប្រឆាំង​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស​។ លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ក្នុងពេល​កន្លងមក​ថា ក្រៅពី​សិស្សសាលា​ដែលជា​គោលដៅ​ចម្បង​ដើម្បី​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​នោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏​ជា​មុខសញ្ញា ដែល​ក្រុមការងារ​របស់លោក ត្រូវធ្វើ​តេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​ដែរ នៅក្នុង​ករណី​ចាំបាច់​។

​រហូត​ម​ដល់ពេលនេះ មាន​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​៦​នាក់ និង​មន្ត្រី​អគ្គស្នងការ​នគរបាល​ជាតិ ១​នាក់    ត្រូវបាន​បណ្តេញ​ពី​ក្របខណ្ឌ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ​។ 

​សូមបញ្ជាក់ថា ឆ្នាំ​២០១៦ កន្លងទៅ សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៤,១៩១ ករណី ក្នុងនោះ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ជាង​១​ពាន់​ករណី​។ ចាប់ខ្លួន​ជនសង្ស័យ​សរុប​៩,៨០២ នាក់ ក្នុងនោះ​អ្នកប្រើប្រាស់​មាន​គ្រឿងញៀន ៣,៦១១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១៧៥​គីឡូក្រាម​។ បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តួលេខ​នៃ​ការ​សម្រង់​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ចំនួន​១៨,៥៥៤​នាក់ កើនឡើង​៤,២៤២​នាក់ ស្មើនឹង​២៩,៦៣​ភាគរយ ធៀប​នឹង​ពេលមុន​៕


Tag:
 គ្រឿងញៀន​
 ​អ្នកទោស​
© រក្សាសិទ្ធិដោយ thmeythmey.com