ជាតិ
លោក ផៃ ស៊ីផាន ថា Global Witness ប្រឌិតរឿងញុះញង់អន្តរជាតិ ដើម្បីបំផ្លាញក្តីសុខកម្ពុជា
× ភ្នំពេញ៖ អង្គការGlobal Witness បានលើកឡើងថា អង្គប្រជុំសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Davos ប្រទេសស្វីស មិនគួរផ្ដល់វេទិការឲ្យមេដឹកនាំផ្ដាច់ការកម្ពុជា ចូលរួមស្វែងរកដៃគូរវិនិយោគអន្តរជាតិថ្មីនោះទេ។ មន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុកសម្តីរបស់អង្គការ Global Witness ថា ជាការញុះញង់អន្តរជាតិ ដើម្បីបំផ្លាញសេចក្ដីសុខប្រទេសកម្ពុជា ។
អ្នកនាំពាក្យប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រតិកម្មចំពោះសម្តីរបស់អង្គការGlobal Witness ថា អង្គការអន្តរជាតិមួយនេះ កំពុងប្រឌិតរឿង ដើម្បីបំផុសបំផុលដល់អន្តរជាតិ ក្នុងគោលបំណងបំផ្លាញភាពជោគជ័យរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេសជាង៣០ឆ្នាំនេះ។ លោក ផៃ ស៊ីផាន បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ជារួមគឺខ្មែរទទួលបានជោគជ័យ ដែលទទួលស្គាល់ដោយអន្តរជាតិ ជាពិសេសគឺសម្តេចនាយករដ្ឋមន្ត្រី ដែលកើតចេញពីប្រជារាស្ត្រខ្មែរ ដែលលោកទទួលបានការគោរព និងកោតសរសើរ ពីសំណាក់អន្តរជាតិ ចំពោះការដឹកនាំដ៏រស់រវើក និងចំទិសដៅ គឺសន្តិភាព ស្ថេរភាព និងវិបុលភាព។ ដូចនេះ ការលើកឡើងរបស់អង្គការប្រតិកិរិយា បិសាចអន្តរជាតិ គ្មានអ្វីក្រៅពីការប្រឆាំង និងភាពសុខក្សេមក្សាន្ត ព្រមជាមួយនិងជោគជ័យរបស់ខ្មែរតែប៉ុណ្ណោះ»។
សេចក្ដីថ្លែងការណ៍របស់អង្គការGlobal Witness បានលើកឡើងកាលពីថ្ងៃទី១៨ មករាថា កិច្ចប្រជុំសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Davos ប្រទេសស្វីស មិនគួរផ្ដល់វេទិការឲ្យមដឹកនាំផ្ដាច់ការកម្ពុជា ចូលរួមស្វែងរកដៃគូរវិនិយោគអន្តរជាតិថ្មីនោះទេ។ ការលើកឡើងរបស់Global Witness នេះដោយភ្ជាប់ជាមួយទស្សនៈថា ទិសដៅដឹកនាំប្រទេសរបស់សម្ដេច ហ៊ុន សែន គឺមានគោលបំណងស្ថិតនៅឆ្ងាយពីវេទិការសេដ្ឋកិច្ចពិភពលោកនេះ ព្រោះប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាល ជាង៣០ឆ្នាំនេះ បានធ្វើទុកបុកម្នេញទៅលើគណបក្សប្រឆាំង ក្នុងនោះរួមទាំងមានការប្រព្រឹត្តអំពើឃាតកម្ម, ការដាក់ទោសទណ្ឌ និងការរំលោភបំពានច្បាប់ ដោយការចាប់ឃុំខ្លួន អ្នកដែលរិះគន់រដ្ឋាភិបាលផងដែរ។
មន្ត្រីអង្គការ Global Witness អ្នកស្រី Alice Harrison បានបញ្ជាក់ដូច្នេះថា៖«វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលលោក ហ៊ុន សែន ព្យាយាមទាក់ទាញអ្នកវិយោគទុនកំពូលៗពីទីក្រុងដាវូសនោះ ព្រោះលោក ហ៊ុន សែន និងគ្រួសាររបស់គាត់កំពុងក្ដោបក្ដាប់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហេតុដូច្នេះរាល់ អ្នកវិនិយោគទុនថ្មីៗទាំងនោះ នឹងអាចធ្លាក់ក្នុងហោប៉ៅរបស់ពួកគេ»។
ជាមួយគ្នានេះ អង្គការ Global Witness លើកឡើងបន្តថា វេទិការសេដ្ឋកិច្ចពិភពក្នុងទីក្រុង Davos នេះ មិនគួរអនុញ្ញាតឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាម្ចាស់ផ្ទះបើកវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅក្នុងខែឧសភាខាងមុខនេះ ដើម្បីទាក់ទាញអ្នកវិនិយោគមកកម្ពុជានោះទេ។
តែយ៉ាងណាលោក ផៃ ស៊ីផាន ចាត់ទុកហេតុផលរបស់អង្គការ Global Witness ទាំងនេះគ្រាន់តែជាទស្សនៈប្រឆាំងរដ្ឋាភិបាលកម្ពុជា ម្ដងហើយម្ដងទៀតប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះ លើកតឹងតាងការពារការដឹកនាំរបស់រដ្ឋាភិបាលយ៉ាងដូច្នេះថា៖«កម្ពុជាទទួលបានការគោរព និងឃើញថាជាខ្លាសេដ្ឋកិច្ចមួយប្រចាំអាស៊ាន ASEAN ដែលមានផលិតផលសរុបក្នុងស្រុកក្នុងរង្វង់ជាង ៧ ភាគរយ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ កម្ពុជា ក៏ជាទិសដៅ ដល់អ្នកបណ្តាក់ទុនអន្តរជាតិ ដែលមានភាពកក់ក្តៅ និងបរិមាណខ្ពស់ប្រចាំតំបន់»៕
Tag:
ផៃ ស៊ីផាន
Global witness
WEF2017
© រក្សាសិទ្ធិដោយ thmeythmey.com