ជាតិ
សង្គមជាតិ
មេ​ប៉ុស្តិ៍​ត្រូវអស់​តំណែង បើ​ថ្នាក់លើ​ចុះបង្ក្រាប​គ្រឿងញៀន​នៅ​មូលដ្ឋាន​ដល់​ទៅ​២​ដង
19, Jan 2017 , 9:39 pm        
រូបភាព
លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាល​ជាតិ និងជាស្នងការរាជ​ធានីភ្នំពេញ
លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាល​ជាតិ និងជាស្នងការរាជ​ធានីភ្នំពេញ
​លោក ជួន សុវណ្ណ បាន​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​ណា ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​កើតឡើង​ដដែលៗ ក្នុង​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង​។  ក្រៅពី​ព្រមាន​បែបនេះ លោក ជួន សុវណ្ណ ក៏​រំឭក​មន្ត្រី​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​លើក​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ និង​បង្ក្រាប​ល្បែងស៊ីសង​ដែរ​។​



​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ ព្រមាន​ដក​មេ​បុ​ស្តិ៍​ណា ដែល​បណ្តោយ​ឲ្យ​កើតមាន​បទល្មើស​គ្រឿងញៀន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ការព្រមាន​នេះ​ធ្វើឡើង​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​កិ្ត ជូន​ដល់​មន្ត្រី​នគរបាលជាតិ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។   គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​ប្រសាសន៍​លោក ជួន សុវណ្ណ នៅក្នុង​ពិធី​នោះ​ដូច្នេះ​ថា​៖«​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចំណុច​នេះ​យើង​បាន​ឯកភាពគ្នា​ហើយ អត់​មាន​អ្នកណា​ធ្វើ អ្នកណា​អត់​នោះទេ បើ​ថ្នាក់លើ​ចុះបង្ក្រាប​នៅ​ប៉ុ​សិ៍្ត​ណា ហើយ​ដល់​ទៅ​២​ដង នោះ​គឺ​ដក​មេ​ប៉ុ​សិ៍្ត​»​។  

​លោក​ជួន សុវណ្ណ បាន​ក្រើនរំឭក​ទៅ​មន្ត្រី​ប៉ុ​សិ៍្ត​ដែល​ចូលរួម​ក្នុង​ពិធី​បំពាក់​ឋានន្តរ​ស​កិ្ត​នេះ​បន្ថែមថា​៖« ថ្ងៃនេះ​យើង​តម្លើង​ស​កិ្ត តែ​ទន្ទឹមនឹង​តម្លើង​ស​កិ្ត គឺ​យើង​បន្ថែម​ភារកិច្ច​ផងដែរ តែបើ​អត់​បំពេញភារកិច្ច ស​កិ្ត​នឹង​ក៏​វា​ជ្រុះ​ទៅវិញ​ដែរ​»​។

​ក្រៅពី​រំឭក​មន្ត្រី​ខ្លួន​អនុវត្តន៍​ឲ្យ​ម៉ឺងម៉ាត់​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ស្នងការ​រាជធានី​ភ្នំពេញ​រូបនេះ ក៏​ណែនាំ​ឲ្យ​មន្ត្រីនគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល យកចិត្តទុកដាក់​លើ​ការ​គ្រប់​គ្រង មនុស្ស និង​គ្រប់គ្រង​មធ្យោបាយ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ក្នុង​រដ្ឋបាល​របស់ខ្លួន គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​បង្ក្រាប​ល្បែងស៊ីសងផងដែរ​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០១៦ កន្លងទៅ សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៤,១៩១ ករណី ក្នុងនោះ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ជាង​១​ពាន់​ករណី​។ ចាប់ខ្លួន​ជនសង្ស័យ​សរុប​៩,៨០២ នាក់ ក្នុងនោះ​អ្នកប្រើប្រាស់​មាន​គ្រឿងញៀន ៣,៦១១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១៧៥​គីឡូក្រាម​។ ដោយឡែក ពីថ្ងៃ​ទី​ទី​១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧​នេះ នគរបាល​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន​១៨៣​ករណី និង​ឃាត់ខ្លួន​មនុស្ស​៥១៨​នាក់​៕ 
 

Tag:
 ជួន សុវណ្ណ​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com