ជាតិ
នយោបាយជាតិ
បណ្តឹង៨ របស់បក្សកាន់អំណាចហ៊ុមព័ទ្ធឯកឧត្តម សម រង្ស៊ី
× ភ្នំពេញ៖ មកដល់ពេលនេះ ឯកឧត្តម សម រង្ស៊ី បានរងបណ្តឹងចំនួន៨។ បណ្តឹងខ្លះ ត្រូវបានជម្រះរួចហើយ ដែលអាចឲ្យឯកឧត្តម សម រង្ស៊ី ជាប់ពន្ធនាគារដល់ទៅ៥ ឆ្នាំ និងបង់ប្រាក់ប្រហែល៥ម៉ឺនដុល្លារ។ អ្នកវិភាគនយោបាយ ចាត់ទុក បណ្តឹងខាងលើថា ជាសម្ពាធ សម្រាប់ឯកឧត្តម សម រង្ស៊ី ក្នុងការបន្តជីវិតនយោបាយនៅកម្ពុជា។ ប៉ុន្តែ អ្នកនាំពាក្យបក្សអំណាច ធ្លាប់ច្រានចោលជាច្រើនលើកមកហើយ ចំពោះការអះអាងរបស់អ្នកវិភាគ បែបនេះ។
ក្នុងអាណត្តិទី៥នេះ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានរងបណ្តឹងរហូតទៅដល់ចំនួន៨ឯណោះ។ បណ្តឹងទាំងនេះ សុទ្ធតែប្តឹងដោយអ្នកគាំទ្រ និងមន្ត្រី រួមទាំងមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។
អ្វីដែលគួរឲ្យគត់សម្គាល់មួយទៀតនោះ ឯកឧត្តម សម រង្ស៊ី មិនត្រឹមតែហ៊ុមព័ទ្ធទៅដោយបណ្តឹងប៉ុណ្ណោះទេ តែថែមទាំងមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកកម្ពុជាថែមទៀត។ កាលពីប៉ុន្មានខែមុន រដ្ឋាភិបាលបានហាមក្រុមហ៊ុនអាកាសចរណ៍នានា មិនឲ្យដឹកឯកឧត្តម សម រង្ស៊ី ចូលមកក្នុងប្រទេសកម្ពុជា ក្រោមមូលហេតុថា ខ្លាចឯកឧត្តម សម រង្ស៊ី ប្រព្រឹត្តសកម្មភាពណាមួយ ដែលអាចបង្កអសន្តិសុខដល់សង្គម។
បើទោះបីជារងបណ្តឹងយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះក្តី ឯកឧត្តម សម រង្ស៊ី មិនបានព្រួយបារម្ភអ្វីឡើយ។ ផ្ទុយទៅវិញ ឯកឧត្តម សម រង្ស៊ី បែរជាថ្លែងថា នៅពេលដែលមេដឹកនាំបក្សកាន់អំណាច បន្តប្តឹងខ្លួន កាន់តែច្រើនបែបនេះ វាកាន់តែល្អទៅវិញ។ ថ្មីៗនេះ ឯកឧត្តម សម រង្ស៊ី បានប្រាប់វិទ្យុអាស៊ីសេរីថា៖«ខ្ញុំមិនខ្វល់ទេ ដែលគេប្តឹងខ្ញុំ ព្រោះខ្ញុំនិយាយការពិត។ [….] ខ្ញុំសប្បាយចិត្តតើ មែនទែនទៅ។ ខ្ញុំអបអរសាទរ។ ប្តឹងខ្ញុំកាន់តែច្រើនកាន់តែល្អ ពីព្រោះ វា ជាឱកាសឲ្យខ្ញុំបានលាតត្រដាងការពិតកាន់តែច្បាស់លាស់ថែមទៀត»។
លោក សូ ចន្ថា អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានចាត់ទុកបណ្តឹងទាំងនេះ ថាជាសម្ពាធដ៏ធំ ដែលគ្របបដណ្តប់លើជីវិតនយោបាយរបស់ឯកឧត្តម សម រង្ស៊ី បើទោះបីជាឯកឧត្តម សម រង្ស៊ីខ្លួនឯង នៅតែព្យាយាមអះអាងថា មិនខ្វល់ក៏ដោយចុះ។ លោក និយាយថា៖«បើតាមទស្សនៈខ្ញុំ ខ្ញុំគិតថា អ្នកនយោបាយ មិនគួរប្រើតុលាការ ដើម្បីដាក់សម្ពាធគូរប្រកួតនោះទេ»។
អ្នកវិភាគរូបនេះបានបន្តទៀតថា ការប្រើយន្តការតុលាការបែបនេះបង្ហាញថា បក្សកាន់អំណាចហាក់ខ្លាចប្រជាប្រិយភាពរបស់មេបក្សប្រឆាំង។ ម្យ៉ាងទៀត បក្សកាន់អំណាច ទំនងជាចង់ផាត់មេបក្សប្រឆាំង ចេញពីឆាកនយោបាយនៅកម្ពុជា ទើបបន្តប្រើយន្តការតុលាការដូច្នេះ។ នេះជាការបន្ថែមរបស់លោក សូ ចន្ថា។
យ៉ាងណា លោក សូ ចន្ថា សង្ឃឹមថា បណ្តឹងទាំងអម្បាលម៉ាន អាចនឹងរលត់ទៅវិញ ប្រសិនបើស្ថានភាពនយោបាយ វិលទៅរកប្រក្រតីភាពឡើងវិញ នៅថ្ងៃណាមួយ។
ចំណែកឯលោក មាស នី ដែលជាអ្នកវិភាគមួយរូបទៀតនោះ បានចាត់ទុកសំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី ថាជាបញ្ហានយោបាយ។ លោក និយាយថា វា ជាបំណងរបស់បក្សកាន់អំណាច ដែលមិនចង់ឯកឧត្តម សម រង្ស៊ី វិលមកកម្ពុជាវិញ ទើបព្យាយាមប្រើវិធីនៃការប្តឹងដូច្នេះ។ អ្នកវិភាគរូបនេះ និយាយថា៖«បើចាប់គាត់ (ឯកឧត្តម សម រង្ស៊ី) ក៏មិនកើត តែបើទុកឲ្យគាត់មានសេរីភាពក៏មិនកើត ព្រោះវា អាចមានគ្រោះថា្នក់ដល់ប្រជាប្រិយភាពបក្សកាន់អំណាច។ អ៊ីចឹង មានតែធ្វើយ៉ាងម៉េចកុំឲ្យគាត់ចូលស្រុកតែម្តងទៅ»។
ទាក់ទងនឹងការលើកឡើងខាងលើ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីសុំការឆ្លើយតប បាននោះទេ។ យ៉ាងណា កន្លងមក អ្នកនាំពាក្យបក្សកាន់អំណាច ធ្លាប់បដិសេធជាច្រើនលើកច្រើនសាមកហើយ ថាសំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី រួមទាំងសំណុំរឿងរបស់សកម្មជនបក្សប្រឆាំងផ្សេងទៀត មិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ តែវា ជានីតិវិធីរបស់តុលាការ ដែលត្រូវអនុវត្តចំពោះជនល្មើស។ អ្នកនាំពាក្យបក្សកាន់អំណាច ធ្លាប់និយាយទៀតថា បក្សកាន់អំណាច មិនបានប្រើយន្តការតុលាការ ដើម្បីដាក់សម្ពាធ ទៅលើឯកឧត្តម សម រង្ស៊ី ឡើយ។ បើតាមការអះអាងរបស់អ្នកនាំពាក្យបក្សកាន់អំណាច បញ្ហាខាងលើ គឺបណ្តាលមកពីឯកឧត្តម សម រង្ស៊ី ជាអ្នកប្រព្រឹត្តដោយខ្លួនឯង។
ជុំវិញក្តីក្តាំរបស់ឯកឧត្តម សម រង្ស៊ី នៅតុលាការ បណ្តឹងចំនួន៤ ត្រូវបានកាត់ក្តីរួចរាល់ ហើយបណ្តឹងចំនួន៤ទៀត កំពុងតែដំណើរការ នៅឡើយទេ។ បើសរុបទោសកំហុស ដែលតុលាការ បានសម្រេចនោះ ឯកឧត្តម សម រង្ស៊ី ត្រូវជាប់ពន្ធនាគារ យ៉ាងតិចចំនួន៥ឆ្នាំ និងបង់ប្រាក់ចំនួន ៤៨២៥០ ដុល្លារ។
បណ្តឹងដែលត្រូវបានកាត់ក្តីរួច រួមមាន បណ្តឹងរបស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងបណ្តឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីព្រមទាំងបណ្តឹងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយចុងក្រោយ គឺបណ្តឹង ដែលប្តឹងដោយព្រះរាជអាជ្ញា ផ្តាល់តែម្តង។
ជុំវិញបណ្តឹងរបស់របស់លោក ហោ ណាំហុង តុលាការ បានផ្តន្ទាទោសឯកឧត្តម សម រង្ស៊ីឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល (២០០០ដុល្លារ)ពីបទ «ញុះញង់ឲ្យមានការរើសអើង»។
ចំពោះបណ្តឹងមួយទៀត ដែលព្រះរាជអាជ្ញាដើរតួជាដើមបណ្តឹងនោះ ឯកឧត្តម សម រង្ស៊ី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ តែចៅក្រម សម្រេចឲ្យឯកឧត្តម សម រង្ស៊ី អនុវត្តទោសក្នុងពន្ធនាគារ តែ៣ឆ្នាំប៉ុណ្ណោះ ហើយ២ឆ្នាំទៀត ត្រូវបានព្យួរ។ ក្នុងសំណុំរឿងនេះ តុលាការ បានចោទឯកឧត្តម សម រង្ស៊ី ពីបទ «សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
ចំណែកបណ្តឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តុលាការ បានចោទឯកឧត្តម សម រង្ស៊ី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» ។ តុលាការ តម្រូវឲ្យឯកឧត្តម សម រង្ស៊ីបង់ប្រាក់ចំនួន១០លានរៀល (២៥០០ដុល្លារ) ចូលរដ្ឋ និង១៥លានរៀល (៣៧៥០ដុល្លារ) ឲ្យទៅដើមបណ្តឹង។បណ្តឹងនេះ កើតឡើងដោយសារតែឯកឧត្តម សម រង្ស៊ី ចោទសម្តេច ហ៊ុន សែន ថា បញ្ជាមន្ត្រីក្រោមឱវាទឲ្យបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីយកទៅចុច Like លើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។
រីឯបណ្តឹងរបស់សម្តេច ហេង សំរិន តុលាការ បានតម្រូវឲ្យឯកឧត្តម សម រង្ស៊ី បង់ប្រាក់ចូលថវិកាជាតិចំនួន១០លានរៀល (២៥០០ដុល្លារ)និងសងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន១៥០លានរៀល (៣៧៥០០ដុល្លារ)។ សម្តេច ហេង សំរិន បានប្តឹងឯកឧត្តម សម រង្ស៊ី ពីបទ «បរិហារកេរិ៍្តជាសាធារណៈ»។
ក្រៅពីបណ្តឹងខាងលើ ដែលតុលាការបានកាត់ក្តីរួច ឯកឧត្តម សម រង្ស៊ី នៅជាប់បណ្តឹងចំនួន៤ទៀត ដែលតុលាការកំពុងតែដំណើរនាពេលបច្ចុប្បន្ននេះ។ បណ្តឹងទាំងនោះរួមមាន បណ្តឹងរបស់សម្តេច ហ៊ុន សែន និងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា រួមទាំងបណ្តឹង ដែលប្តឹងដោយ ព្រះរាជអាជ្ញា ផងដែរ។
តាមរយៈលោកមេធាវី គី តិច សម្តេច ហ៊ុន សែន បានប្តឹងឯកឧត្តម សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការរងបណ្តឹងបែបនេះ គឺដោយសារតែឯកឧត្តម សម រង្ស៊ី ចោទសម្តេច ហ៊ុន សែន ថានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី ដែលជាអ្នកវិភាគនយោបាយដ៏ល្បីនៅកម្ពុជា។
កាលពីប៉ុន្មានថ្ងៃមុន ឯកឧត្តម សម រង្ស៊ី បានរងបណ្តឹងថ្មីមួយទៀត ពីសម្តេច ហ៊ុន សែន។ សម្រាប់បណ្តឹងក្រោយនេះ សម្តេច ហ៊ុន សែន បានប្តឹងឯកឧត្តម សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ដដែល ដោយទារសំណងជំងឺចិត្ត ចំនួន១លានដុលា្លរ។ ការរងបណ្តឹងនេះ គឺដោយសារតែឯកឧត្តម សម រង្ស៊ី ចោទ សម្តេច ហ៊ុន សែន ថា បានសូកប្រាក់ចំនួន១លានដុលា្លរ ដល់កញ្ញា ធី សុវណ្ណថា ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ។ ព្រោះតែការលើកឡើងបែបនេះ កញ្ញា ធី សុវណ្ណថា ក៏បានប្តឹងឯកឧត្តម សម រង្ស៊ី ពីបទ «បរិហារកេរ្ត៍ជាសាធារណៈ» ដូចគ្នា ដោយទារសំណងជំងឺចិត្តចំនួន ២សែន ៥ម៉ឺនដុល្លារ។
រឿងក្តីមួយទៀត គឺពាក់ព័ន្ធនឹងបទ «ញុះញង់ បង្កចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម» ដែលព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាអ្នកដើរតួជាដើមបណ្តឹង។
លោក សំ សុគង់ មេធាវីរបស់ឯកឧត្តម សម រង្ស៊ីធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា ព្រះរាជអាជ្ញាពឹងផ្អែកលើរបាយការណ៍ពីសមត្ថកិច្ចក្នុងការស៊ើបអង្កេតក្នុងរឿងក្តីខាងលើ។ បើតាមលោក សំ សុគង់ អង្គហេតុដែលសមត្ថកិច្ច បញ្ជូនទៅព្រះរាជអាជ្ញាគឺទាក់ទងនឹងសារនយោបាយរបស់ឯកឧត្តម សម រង្ស៊ីដែលបានថ្លែងនៅក្នុងវត្តខ្មែរមួយ ក្នុងប្រទេសបារាំង កាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com