ជាតិ
សេដ្ឋកិច្ច
ក្រសួង​សាធារណការ ពិន័យ​យានយន្ត​ដឹក​លើស​ទម្ងន់ បាន​ជាង​៣៦៧​លាន​រៀល​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៦
23, Jan 2017 , 7:39 am        
រូបភាព
រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ​
រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ​
ដោយ: ថ្មីៗ
​ក្រសួង​សាធារណការ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៦ ទទួលបាន​ប្រាក់​ពិន័យ​ជាង​៣៦៧​លាន​រៀល សមមូល​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក ពី​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​។ បើតាម​ក្រសួង​សាធារណការ យានយន្ត​ដែល​រកឃើញថា​ល្មើស​ក្នុង​ខែធ្នូ កើនឡើង​ចំនួន​៤២ គ្រឿង ធៀប​នឹង​ខែវិច្ឆិកា​។



​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៦  លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ចំនួន​១៨៦​គ្រឿង ពី​ស្ថានីយ​ចំនួន​២៥ ក្នុង​ខេត្ត​ក្រុង​ចំនួន​១៨ ។  នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំខែ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ​តាម​របាយការណ៍​ដដែល ក្រុមការងារ​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៣៦៧.០៤៥.០០០​រៀល សមមូល​នឹង ៩១,៧៦១​ដុល្លារ​អាមេរិក​។ ចំនួន​រថយន្ត​ដែល​ចាប់បាន កើនឡើង​ចំនួន ៤២ គ្រឿង ធៀប​នឹង​ខែវិច្ឆិកា​ដែលមាន​រថយន្ត​ចំណួន​១៤៤​គ្រឿង បាន​រកឃើញថា​បាន​ល្មើស​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​សាធារណការ​។​

​ទាក់ទង​នឹង​ករណី​យានយន្ត​ដឹក​លើស​ទម្ងន់​នេះដែរ នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ លោក ស៊ុន ចាន់ថុល បាន​អះអាងថា​ក្រសួង​ធ្លាប់​ជួប​ការអន្តរាគមន៍​មួយ​ពីរ​របស់​អ្នកមាន​ឥទ្ធិពល នៅក្នុង​អំឡុង​ពេលធ្វើ​យុទ្ធនាការ​ប​ង្រា្ក​ប​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ និង​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស ប៉ុន្តែ​មន្ត្រីក្រោមឱវាទ​លោក​បាន​បដិសេធ​នឹង​ការអន្តរាគមន៍​ទាំងនោះ​ និង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​ធ្លាប់​លើកឡើង​ដែរ​ថា ទាំង​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ទាំងអស់ ភាគច្រើន​ត្រូវបាន​ខូចខាត​ព្រោះតែ​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ​តែម្ដង ហើយ​ក្រសួង​និង​ចាត់វិធានការ ចំពោះ​រថយន្ត​ដែល​ល្មើសច្បាប់​ទាំងអស់ ទោះបីជា​រថយន្ត​អ្នកតូច​ក្ដី រថយន្ត​របស់​អ្នកធំ​ក្ដី​៕


Tag:
 ពិន័យ​
  ​លើស​ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com