English-Français
ជាតិ
ដំរី​ដែល​សម្លាប់​ម្ចាស់​វា មិនត្រូវ​បាន​គេ​សងសឹក​សម្លាប់​ទេ តែ​ត្រូវបាន​ជួយសង្គ្រោះ​(​ភាគ​១)
24, Jan 2017 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖ Bak Mai (​បាក់ ម៉ៃ​) គឺជា​ឈ្មោះ​ដំរី​មួយ​ក្បាល​អាយុ​៣២​ឆ្នាំ ដែល​ធ្លាប់ជា​ដំរី​ស្លូត សុភាព បម្រើ​ការដឹក​ភ្ញៀវទេសចរ​បរទេស​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។ តែ​ក្រោយមក ដំរី​មួយ​ក្បាល​នេះ បែរជា​កាច​សាហាវ ហើយ​ថ្ងៃមួយ​បានសម្លាប់​ម្ចាស់​វា​នៅក្នុង​ព្រៃ​។ ក្រោយ​ការសម្លាប់​ម្ចាស់​វា​រួចហើយ បាក់ ម៉ៃ ត្រូវបាន​គេ​ជម្លៀស​ទៅកាន់​ខេត្ត​រតនគីរី​។ តើ​ហេតុអ្វី​បានជា​សត្វ​ដំរី បាក់ ម៉ៃ សម្លាប់ ម្ចាស់​វា​? សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​បារាំង​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា ដូចតទៅ​៖



​សំឡេង​ជា​ភាសា​បារាំង​





​កាលពី​ដើមឡើយ បាក់ ម៉ៃ ជា​ដំរី​ស្លូត សុភាពរាបសា បម្រើការ​ជា​អ្នក​ដឹក​ភ្ញៀវទេសចរ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។ គ្រប់គ្នា ទាំង​ភ្ញៀវ​បរទេស ទាំង​ពលរដ្ឋ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី តែងតែ​សរសើរ បាក់ ម៉ៃ ថា ជា​ដំរី​ឧស្សាហ៍ ស្លូត​។ បាក់ ម៉ៃ មាន​អាយុ ៣២​ឆ្នាំ​។

​តែ​ថ្ងៃមួយ​កាលពី​បី​ឆ្នាំមុន បាក់ ម៉ៃ បាន​ជាន់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដោយសារតែ​វា​ហក់​ទៅរក​ដំរី​ញី ដែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ស្ត្រី​នោះ​។ សំណាងល្អ ស្ត្រី​នោះ​មិន​ស្លាប់​ទេ​។ ដោយ​ឃើញ បាក់ ម៉ៃ បង្ហាញ​ភាព​សាហាវ​របស់​វា ហ្មដំរី ក៏​ព្រលែង​វា​នៅ​ក្នុងព្រៃ​តែ​ដោយ​បន្ត​ដាក់ច្រវ៉ាក់​វា​។ សកម្មភាព​ដាក់​ឲ្យ បាក់ ម៉ៃ នៅឯ​កាដូ​ច្នេះ បាក់ ម៉ៃ បានក្លាយ​ទៅជា​ដំរី​ដែល​កាច​សាហាវ​។

​កាលពី​ប៉​ន្មា​ន​ខែ​មុន រឿងរ៉ាវ​ថ្មី​មួយទៀត​ក៏​កើតឡើង​។ ពេលនេះ បាក់ ម៉ៃ កាច​ជាង​មុន ហើយ​វា​ក៏បាន​ផ្តាច់​ច្រ​វ៉ា​ក់​ចេញ រួច​រត់​ចូល​ព្រៃ​ជាមួយ​ដំរី​ញី​។ ប៉ុន្តែ​មុន​រត់​ចូល​ព្រៃ វា​បាន​ផ្តួល​កូន​ផ្ទះមួយ​ខ្នង​ឲ្យ​ដួល តែ​ចៃដន្យ នៅពេល បាក់ ម៉ៃ វាយកំទេច​ផ្ទះ​នោះ ដែកគោល​មួយ​ក៏​ចូលទៅក្នុង​ប្រមោយ​របស់​វា​។

​ក្រោយ​កំទេច​ផ្ទះ​រួច បាក់ ម៉ៃ រត់​ចូល​ព្រៃ​។ ងាក​មក ហ្មដំរី ឯណេះ​វិញ ពួកគេ​ខ្វាយខ្វល់​។ បុរស​ម្នាក់​ដែលជា ហ្មដំរី ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ក៏បាន​ធ្វើដំណើរ​ចូល​ព្រៃ​តាមរក បាក់ ម៉ៃ បើទោះបីជា​អ្នកជិតខាង​ឃាត់​មិន​ឲ្យ​តាមរក បាក់ ម៉ៃ ក៏ដោយ​។ យោងតាម​សាក្សី និង​ការសន្និដ្ឋាន ហ្មដំរី រូបនោះ​ត្រូវបាន បាក់ ម៉ៃ សម្លាប់​នៅក្នុង​ព្រៃ​។ តែ​ត្រង់​ថា សម្លាប់​យ៉ាងដូចម្តេច នៅពេលណា គ្មាន​នរណា​ដឹង​ឡើយ​។

​ក្រោយ​ពេលដែល ហ្មដំរី ត្រូវបាន​សម្លាប់ គ្រួសារ​ម្ចាស់​ដំរី ចង់​សងសឹក​សម្លាប់​ដំរី​នោះ​ឲ្យ​បាន​វិញ​។ តែ​អង្គការ​ជាច្រើន​បាន​អង្វរ និង​ស្នើសុំ​គ្រួសារ​កុំ​ឲ្យ​សម្លាប់​។ នៅ​ទីបំផុត ពួកគេ​ក៏​យល់ព្រម ហើយ បាក់ ម៉ៃ ក៏​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា​ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​រតនគីរី​។

​សមាគម​នេះ​បាន​ចំណាយ​ថវិកា​សរុប​ទាំងអស់​ជាង​៣​ម៉ឺន​ដុល្លារ​ដើម្បី​អាច​នាំ បាក់ ម៉ៃ ពី​ខេត្ត​មណ្ឌល​គី​រី ទៅ​ខេត្ត​មណ្ឌល​គី​រី​ដោយ​ប្រើប្រាស់​រយៈពេល​ជិត​សប្តាហ៍​ថ្មើ​ជើង​តាម​ដងព្រៃ​។ បច្ចុប្បន្ន បាក់ ម៉ៃ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា​ជាមួយនឹង​ដំរី​បី​ក្បាល​ផ្សេងទៀត​។

​លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា​បាន​ពន្យល់ថា មូលហេតុ​ដែល​គាត់ ឬ​សមាគម​គាត់​ចង់​ជួយសង្គ្រោះ បាក់ ម៉ៃ ឬ​ដំរី​ដទៃទៀត​នោះ ព្រោះ សត្វ​ដំរី​នៅក្នុង​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ផុត​ពូជ​។ បើ​យោងតាម​លោក Pierre-Yves Clais ជនជាតិ​បារាំង និង​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដែរនោះ ប្រទេស​កម្ពុ​ជាមាន​ដំរី​ស្រុក​៦៩​ក្បាល និង​ដំរីព្រៃ​២៥០​ក្បាល​៕ លេខ​ទំនាក់ទំនង​លោក Pierre-Yves Clais៖ ០១២ ២១៤ ៤៦៨



Tag:
 សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com