អង្គការអន្តរជាតិមួយ ស្នើឲ្យសហភាពអឺរ៉ុប ផ្តល់យុត្តិធម៌ដល់កម្ពុជា លើករណី EBA
ជាតិ
សេដ្ឋកិច្ច
អង្គការអន្តរជាតិមួយ ស្នើឲ្យសហភាពអឺរ៉ុប ផ្តល់យុត្តិធម៌ដល់កម្ពុជា លើករណី EBA
14, May 2019 , 8:19 pm        
រូបភាព
លោក Andrés Pastrana Arango អតីតប្រធានាធិបតីកូឡំប៊ី និង បច្ចុប្បន្ន ជាប្រធានអង្គការ IDC-CDI (រូបពី AFP)
លោក Andrés Pastrana Arango អតីតប្រធានាធិបតីកូឡំប៊ី និង បច្ចុប្បន្ន ជាប្រធានអង្គការ IDC-CDI (រូបពី AFP)
អង្គការអ្នកប្រជាធិបតេយ្យអន្តរជាតិ (IDC-CDI) បានស្នើឲ្យសហភាពអឺរ៉ុបពិចារណាឲ្យបានល្អិតល្អន់ និងផ្តល់ភាពយុត្តិធម៌ដល់ប្រទេសកម្ពុជាលើករណីប្រព័ន្ធអនុគ្រោះពន្ធ EBA។ អង្គការមួយនេះ បានមើលឃើញថា រដ្ឋាភិបាលកម្ពុជា បានគោរពទៅតាមលក្ខខណ្ឌ និងការទាមទារបស់សហភាពអឺរ៉ុប រួមទាំងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោកផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះ ដែលចេញកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

 
អង្គការអ្នកប្រជាធិបតេយ្យអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រពន្ធអនុគ្រោះពន្ធ ដែលសហភាពអឺរ៉ុបបានផ្តល់ឲ្យប្រទេសកម្ពុជានាពេលកន្លងមក បានជំរុញដល់ការអភវឌ្ឍជាច្រើនដល់កម្ពុជា ជាពិសេសផ្នែកសេដ្ឋកិច្ច ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ១លាននាក់ ក្នុងវិស័យវាយនភណ្ឌ ជាពិសេសស្ត្រីដែលរស់នៅតាមជនបទ។ 
 
សេក្តីប្រកាសព័ត៌មាន បានសរសេរថា៖«យើងបានកត់សម្គាល់ឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌ និងការទាមទារបស់សហភាពអឺរ៉ុប ដែលរួមបញ្ចូលអនុសញ្ញា១៥ ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោកទាក់ទងនឹងការពង្រីកលើការអភិវឌ្ឍនយោបាយ, សេដ្ឋកិច្ច, សិទ្ធិការងារ និងទំហំសេរីភាពនៅកម្ពុជា»។
 
អង្គការនេះ បានពន្យល់ដល់សហភាពអឺរ៉ុបថា ប្រព័ន្ធអនុគ្រោះពន្ធ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ អង្គការនេះ អះអាងទៀតថា ការកើនឡើងនៃគ្រួសារមានចំណូលកម្រិតមធ្យមនៅកម្ពុជា បានចូលរួមវិភាគទានគួរកត់សម្គាល់ដល់ការពង្រឹងនូវតម្លៃប្រជាធិបតេយ្យ និងការកសាងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ 
 
«យើងសូមស្នើឲ្យសហភាពអឺរ៉ុប ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តលើករណីដក EBA ពីកម្ពុជា។ ពលរដ្ឋកម្ពុជា បានទទួលការឈឺចាប់គ្រប់គ្រាន់ហើយ ពួកគេ គួរតែទទួលបានការរស់នៅប្រកបដោយសុខសន្តិភាព វិបុលភាព និងសុភមង្គល។ យើង ចង់ឃើញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាមានការរីកចម្រើន និងសេដ្ឋកិច្ចរឹងមាំ តាមរយៈការអនុគ្រោះ និងការគាំទ្ររបស់សហគមន៍អន្តរជាតិ»។ នេះជាការស្នើសុំរបស់អង្គការអ្នកប្រជាធិបតេយ្យអន្តរជាតិ៕ 

Tag:
 EBA
  កម្ពុជា
  EU
© រក្សាសិទ្ធិដោយ thmeythmey.com