កម្ពុជា និង​នេ​ប៉ាល់ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម ដែល​ទើប​តែមាន​ត្រឹម​ជាង​២០​ម៉ឺន​ដុល្លារ​
ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​នេ​ប៉ាល់ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម ដែល​ទើប​តែមាន​ត្រឹម​ជាង​២០​ម៉ឺន​ដុល្លារ​
15, May 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ទំនាក់ទំនង​សេដ្ឋកិច្ចកម្ពុជា​-​នេ​ប៉ាល់ នៅមាន​ទំហំ​តូច​នៅឡើយ ដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ប្ដេជ្ញា​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នេះ​បន្ថែមទៀត​ទៅ​ថ្ងៃ​ខាងមុខ​។ 


 
​ក្នុង​កម្មវិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ នៅ​ថ្ងៃទី​១៤​ខែឧសភា ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បន្ទាប់ពី​លើកឡើង​ការធានាបាន​ស្ថិរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង​សក្ដានុពល​វិនិយោគ បាន​អំពាវ​ឲ្យ​វិនិយោគិន​នេ​ប៉ាល់​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ សម្ដេច​បាន​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​អ្នកវិនិយោគ​នេ​ប៉ាល់ អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​ធុរកិច្ច​នៅ​ក​ម្ព​ជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាមួយ​យើងខ្ញុំ និង​ទាញយក​ផលប្រយោជន៍​អតិបរមា​ពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​»​។​


 
​ក្នុង​ពិធី​នោះដែរ លោក ខេ​ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បានបង្ហាញ​ពី​ការប្ដេជ្ញា​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​។ លោក​បាន​ថ្លែង​ដូចនេះ​ថា​៖«​ខ្ញុំ​ប្ដេជ្ញា​បង្កើត​ភាពជា​ដៃគូ​រឹងមាំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​»​។ 
 
​គួរ​បញ្ជាក់ថា វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ធុរកិច្ច​រវាង​កម្ពុជា និង​នេ​ប៉ាល់ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត បន្ទាប់ពី​ប្រទេស​ទាំង​ពីរបាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម និង​វិនិយោគ ព្រមទាំង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃទី​១៣​ខែឧសភា​។​
 
​យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​នេ​ប៉ាល់ សម្រេចបាន​ទឹកប្រាក់ ២១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៧ ធ្លាក់ចុះ ១៧,៦​ភាគរយ បើ​ធៀប​នឹង​ចំនួន ២៥​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ៕



Tag:
 ពាណិជ្ជកម្ម​កម្ពុជា​-​នេ​ប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com