តម្លៃ​ស្វាយកែវ​រមៀត ខ្ពស់​-​ទាប បណ្ដាលមកពី​បញ្ហា​ស្ដង់ដារ ឈ្មួញ ឬ​កង្វះ​ព័ត៌មាន​ទីផ្សារ​?
ជាតិ
សេដ្ឋកិច្ច
តម្លៃ​ស្វាយកែវ​រមៀត ខ្ពស់​-​ទាប បណ្ដាលមកពី​បញ្ហា​ស្ដង់ដារ ឈ្មួញ ឬ​កង្វះ​ព័ត៌មាន​ទីផ្សារ​?
18, May 2019 , 12:24 pm        
រូបភាព
ប្រភពរូប ៖ បានពីហ្វេសប៊ុក
ប្រភពរូប ៖ បានពីហ្វេសប៊ុក
​ភ្នំពេញ​៖ បញ្ហា​តម្លៃ​ស្វាយ​នៅក្នុង​ទីផ្សារ​កំពុង​ក្លាយជា​ប្រធានបទ ឆ្លើយឆ្លង​គ្នា​ពាក់ព័ន្ធ​ទៅនឹង​ស្ដង់ដារ​។ កសិករ​ខ្លះ​លក់​ស្វាយកែវ​រមៀត បាន​តម្លៃ​ខ្ពស់ ដោយ​អះអាងថា ខ្លួន​ដាំ​ត្រូវ​តាម​បច្ចេកទេស​ស្ដង់ដារ ខណៈ​កសិករ​ខ្លះ លក់បាន​ក្នុងតម្លៃ​ទាប​ពី​ឈ្មួញ ដោយសារ​កសិផល​ស្វាយ​មិន​ស្របតាម​ស្ដង់ដារ​។ សម្រាប់​អ្នកជំនាញ​កសិកម្ម​វិញ យល់ឃើញថា បញ្ហា​តម្លៃ​ស្វាយ​ខ្ពស់​-​ទាប​នេះ គឺ​មិនមែន​មកពី​បញ្ហា​ស្ដង់ដារ​ទេ ប៉ុន្តែ​វា​កើតចេញពី​ឈ្មួញ​ក្រឡុក​តម្លៃ ខណៈដែល​ពលរដ្ឋ​មិនទាន់​យល់​ពី​តម្រូវការ​ទីផ្សារ​ច្បាស់​។​

 
​ជា​កសិករ​ដាំ​ស្វាយកែវ​រមៀត​ចំនួន​២៥០​ដើម នៅលើ​ផ្ទៃដី​មួយ​ហិកតា ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម​លោក ខូវ ឆេង​ហ៊ី បាន​ប្រមូល​ផល​ស្វាយ​លក់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ខែមករា ដល់​ខែឧសភា​នេះ​។ ទោះជា​រដូវ​ស្វាយ ចាប់ផ្ដើម​សម្បូរ​នៅ​ទូទាំងប្រទេស​(​កសិករ​ប្រមូល​ផល​ស្វាយ​លក់​) តាំងពី​ខែមីនា មក​ក្តី ក៏​តម្លៃ​ស្វាយ​របស់លោក ឆេង​ហ៊ី នៅតែ​លក់បាន​តម្លៃ​ខ្ពស់​ពី​ឈ្មួញ​ដដែល​។ ត្រង់ចំណុច​នេះ​លោក ឆេង​ហ៊ី បាន​អះអាងថា មូលហេតុ​ដែល​លោក​លក់​ស្វាយបាន​តម្លៃ​ខ្ពស់​នេះ ដោយសារតែ​លោក​បាន​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ​តាម​ស្ដង់ដារ​ទីផ្សារ និង​មាន​ឈ្មួញ​ចាំ​ទិញ​ត្រឹមត្រូវ​។​
 
​កសិករ​ដាំ​ស្វាយកែវ​រមៀត​ជាង​១០​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey យ៉ាង​ដូច្នេះ​ថា​៖ «​តម្លៃ​ស្វាយ​ឆ្នាំនេះ គឺ​មិន​ថោក​ទេ ព្រោះ​ចាប់ពី​ខែមករា​-​មេសា​ដែល​គេ​ហៅថា​ជាការ​ប្រមូល​ផល​ដើមដៃ ខ្ញុំ​លក់បាន​១៥០០​ក្នុង​មួយ​គីឡូក្រាម ជា​តម្លៃ​ស្វាយ​ក្រៅ​កញ្ចប់ និង​១៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ជា​តម្លៃ​ស្វាយ​ក្នុង​កញ្ចប់​។ តម្លៃ​ទាំងនេះ​ដូចនឹង​ឆ្នាំទៅ​ដែរ​។   ដោយឡែក​ការប្រមូល​ផល​ស្វាយ​ចុងរដូវ នៅ​ដើមខែ​ឧសភា​នេះ ខ្ញុំ​លក់​ស្វាយបាន​តម្លៃ​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ស្វាយ​ទាំងនេះ​ជនជាតិ​វៀតណាម ចុះមក​ទិញ និង​បេះ​ដោយ​ខ្លួនឯង មិន​ពិបាក​អ្វី​ច្រើន​ដល់​ខ្ញុំ​ទេ​»​។​
 
​លោក ឆេង​ហ៊ី បាន​បញ្ជាក់ថា តម្លៃ​ស្វាយ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នេះ ជា​ប្រភេទ​ស្វាយ​ដែល​មិនល្អ មាន​រូបរាង​ក្រិន មាន​ស្នាម​អុច​ខ្មៅ​តូចៗ​ដែល​សត្វល្អិត​ទិច គ្មាន​ការថែទាំ ដែល​មិន​ប្រើ​ថ្នាំ​សម្រាប់​ការពារ​អ្វី​ឡើយ​។  ចំណែក​តម្លៃ​ស្វាយ​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នេះ លោក​មិន​រាប់​ប​ញ្ជូ​ល​ក្នុង​ប្រាក់ចំណេញ​ដែល​ទទួលបាន​ពី​លក់​ស្វាយ​ដើមរដូវ​ទេ​។  បើតាម​លោក ឆេង​ហ៊ី ក្នុង​ស្វាយ​១០០​ដើម បើ​ដាំ​និង​ថែទាំ​បានល្អ​នោះ វា​នឹង​ផ្តល់​ផល​យ៉ាងហោចណាស់​១០​តោន ។​ដូច្នេះ​បើ​លក់បាន​៥០០​រៀល​ក្នុង​មួយ​គីឡូ គឺ​កសិករ​អាច​រួច​ថ្លៃដើម ប៉ុន្តែ​បើ​លក់បាន​១០០០​រៀល​ក្នុង​មួយ​គីឡូ កសិករ​អាចរ​ស់បាន​យ៉ាង​ប្រសើរ​។ 


ប្រភពរូប ៖ បានពីហ្វេសប៊ុក 

​មិន​ខុសពី​លោក ឆេង​ហ៊ី ឡើយ លោក ញឹម ញន ក៏​ទទួលបាន​ប្រាក់ចំណូល​សុទ្ធ​៤​ម៉ឺន​ដុល្លារ ពី​ការប្រមូល​ផល​ស្វាយកែវ​រមៀត​ជាង​១០០០​ដើម នៅក្នុង​រដូវ​ស្វាយ ឆ្នាំ​២០១៩​នេះ ដែល​កើនឡើង​១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ជា​អ្នក​ដាំ​លក់​ផង និង​ជា​អ្នកប្រមូល​ទិញ​ស្វាយ​ក្នុងស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ធំ​ផង លោក ញឹម ញន បាន​និយាយថា ក្រៅពី​មាន​ទីផ្សារ​លក់ស្វា​យ​ឱ្យ​ឈ្មួញ​ជនជាតិ​វៀតណាម​ហើយ ក៏មាន​ខាង​ភាគី​សមាគម​ស្វាយ​ចាំ​ទទួល​ទិញ​ផងដែរ​។​
 
«​ស្វាយ​របស់ខ្ញុំ​ឆ្នាំនេះ​មិនបាន​ផ្គត់ផ្គង់​ឱ្យ​សមាគម​ទេ ព្រោះ​ស្វាយ​ដែល​ខ្ញុំ​ដាំ​បាន​រក​ឱ្យតែ​ឈ្មួញ​វៀតណាម​មិន​គ្រប់​ផង​។  ម្យ៉ាងវិញទៀត ស្វាយ​ដែល​លក់​ឈ្មួញ​វៀតណាម​មក​ទិញ​ដល់​ចម្ការ ក៏មាន​តម្លៃ​ខ្ពស់ជាង​តម្លៃ​ក្នុង​សមាគម​ផងដែរ​។  ខ្ញុំ​ជឿជាក់ថា ស្វាយកែវ​រមៀត យ៉ាងណា​នៅតែមាន​តម្លៃ​ល្អ​នៅលើ​ទីផ្សារ ហើយ​ឈ្មួញ​វៀតណាម​ទាំង​នោះមក​ទិញ​ដល់​ចម្ការ ដ៏​រាប​ណា​ស្វាយ​មាន​ស្តង់ដារ មាន​រូបរាង​និង​ពណ៌​សម្បុរ​ល្អ ត្រូវ​គីឡូ​ដែល​ឈ្មួញ​ចង់បាន និង​រសជាតិ​ល្អ គឺ​មិន​ខ្វះ​អ្នកទិញ​ទេ នៅ​ដល់​ណា​ក៏​គេ​ទៀត​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ញឹម ញន​។​
​បើតាម​លោក ញឹម ញន ស្វាយ​ដែលមាន​តម្លៃ​១៥០​ទៅ​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយសារ​កសិករ​ទាំង​នោះ​ដុះ​ដាំ​មិនត្រូវ​តាម​ស្តង់ដារ និង​ប​ច្ចក​ទេស​នៃ​ការថែទាំ​ត្រឹមត្រូវ​។ លើសពីនេះ​ម្ចាស់​ចម្ការ​ស្វាយ​ទាំងនោះ​មាន​ផ្ទៃដី​ដាំ​ដុះ​តូចៗ ដែល​ឈ្មួញ​គេ​មិន​ចាប់អារម្មណ៍ ពិសេស​មិនបាន​ចូល​ជា​សមាជិក​ក្នុង​សមាគម​អ្នក​ដាំ​ស្វាយ​ទៀត ទើបបាន​ជួប​បញ្ហា​ដូច្នេះ​។​
 
​ក្រៅពី​មាន​កសិករ​លក់​ស្វាយកែវ​រមៀត​បាន​ថ្លៃ​ខ្ពស់​ក្នុងឆ្នាំនេះ ក៏មាន​កសិករ​ខ្លះ​លក់​ស្វាយបាន​តម្លៃថោក​ផងដែរ​។ លោក កប សេង​លី ជា​កសិករ​ដាំ​ស្វាយកែវ​រមៀត​មួយរូប ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​លក់​ស្វាយកែវ​រមៀត​ក្រៅ​កញ្ចប់​កម្រិត​លេខ​មួយ បាន​តម្លៃ​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​កម្រិត​លេខ​ពីរ​លក់បាន​១៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​ស្វាយ​នៅក្នុង​កញ្ចប់​វិញ លោក សេង​លី លក់បាន​ត្រឹមតែ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។ បើតាម​លោក កប សេង​លី ស្វាយកែវ​រមៀត​ជាង​១០០​ដើម​របស់លោក គឺជា​ស្វាយ​ធម្មជាតិ ដែល​ដាំ​ទុកចោល​គ្មាន​ការថែទាំ និង​មិន​បាញ់ថ្នាំ​រក្សា​ឬ​ការពារ​សត្វល្អិត​អ្វី​ឡើយ​។​
 
​កសិករ​ដែល​ប្រមូល​ផល​ស្វាយ​លើកដំបូង លើ​ការដាំ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកនេះ បាន​បន្ថែមថា​៖«​ចម្ការ​ស្វាយ​ដែល​នៅ​ជិត​ចម្ការ​ខ្ញុំ ខ្លះ​គេ​លក់បាន​ថ្លៃ ,​ខ្លះទៀត​ក៏​លក់បាន​តម្លៃថោក​ដូច​ខ្ញុំ​ដែរ​។ ហើយ​ឆ្នាំក្រោយ​ខ្ញុំ នឹង​ដាំ​ស្វាយ​ឱ្យ​ត្រូវ​តាម​បច្ចេកទេស វេច​ខ្ចប់ ការពារ ថែទាំ​ឱ្យ​ល្អ ដើម្បី​លក់បាន​ថ្លៃ​ដូច​ទេ​ដែរ​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ ក៏មាន​វីដេអូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​សកម្មភាព​ប្រជាកសិករ​ដាំ​ស្វាយ​លក់ នៅ​ខេត្តព្រៃវែង និង​ស្វាយរៀង បាន​បេះ និង​ចាក់​ស្វាយ​ចោល​នៅក្នុង​ចម្ការ​ផងដែរ ដោយសារ​គ្មាន​តម្លៃ​ទីផ្សារ​សមរម្យ សម្រាប់​ពួកគេ​។​
 
​ត្រង់ចំណុច​នេះ​លោក ហ៊ាន វណ្ណ​ហន  រដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និយាយថា បញ្ហា​ស្វាយកែវ​រមៀត​ដែលមាន​តម្លៃ​ទាប រហូតដល់​ប្រជាកសិករ បាន​ដឹក​ចាក់ចោល​នេះ ដោយសារ​ស្វាយ​ទាំងនេះ ក្រិន សត្វ​ទិច  គ្មាន​ការ​វេច​ខ្ចប់​ស្វាយ​ត្រឹមត្រូវ ក្នុងអំឡុង​ពេលចេញ​ផ្លែ ដែល​មិនត្រូវ​តាម​ស្តង់ដារ​នៃ​ទីផ្សារ​។ ម្យ៉ាងវិញទៀត​ការផលិត​ស្វាយ​នៅក្នុង​ស្រុក គឺ​លើសពី​តម្រូវ​ទីផ្សារ​។ ដូច្នេះ​ឈ្មួញ មាន​សិទ្ធិ​ជ្រើសរើស​ទំនិញ​ដែលមាន​គុណភាព ដែល​គេ​ចង់បាន​។​
 
​រដ្ឋលេខាធិការ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« តើ​កសិករ​ផលិត​ស្វាយ​៣​ដង​ក្នុង​មួយឆ្នាំ តើ​ផ្គង់​ផ្គង់​ឱ្យ​ទីផ្សារ​ណា​។ ហើយ​ចំពោះ​ស្វាយ​ចំនួន​ដែល​ចាក់ចោល ឬ​លក់បាន​តម្លៃថោក​នោះ គឺ​មិនមែន​ថា​លក់​មិន​ដាច់​ឬ​គ្មាន​ទីផ្សារ​នោះទេ ប៉ុន្តែ​គឺជា​ស្វាយ​ដែល​គេ​រើស​បោះចោល​។ មានន័យថា ជា​ស្វាយ​ទាំងនោះ​មាន​រូបរាង ក្រិន សត្វ​ទិច ស្នាម​ឬ​ជាំ និង​ពណ៌​សម្បុរ​មិនល្អ​ជាដើម​។ ព្រោះ​ទីផ្សារ​មួយចំនួន​មាន​គោលដៅ​ស្តង់ដារ​ច្បាស់លាស់ »​។ 
 
​តែ​យ៉ាងណា​បញ្ហា​នេះ​លោក យង់ សាំង​កុមារ ស្ថាបនិក​អង្គការ​សេ​ដាក យល់ឃើញថា ការធ្លាក់ចុះ ឬ​ឡើង​តម្លៃ​ទីផ្សារ​នេះ មិនមែន​មកពី​បញ្ហា​ស្ដង់ដារ​ទេ ប៉ុន្តែ​វា​កើតចេញពី​ឈ្មួញ​ក្រឡុក​តម្លៃ ខណៈដែល​ពលរដ្ឋ​មិនទាន់​យល់ដឹង​ពី​តម្រូវការ​ទីផ្សារ និង​ខ្វះ​ព័ត៌មាន​ទីផ្សារ​។ ក្នុងន័យនេះ​លោក កុមារ ជំរុញ​ឲ្យ​ពលរដ្ឋ​បង្កើន​ទំនាក់ទំនង​រក​ទីផ្សារ​មុន នឹង​សម្រេច​ដាំ​ដុះ​អ្វីមួយ​។​
 
« អ្នកខ្លះ គាត់​មាន​ទីផ្សារ មាន​ដៃគូរ​ច្បាស់លាស់ ដែល​ទទួល​ទិញ​ទិន្នផល​ពី​គាត់​…​។ ដូច្នេះ​ជារួម​អ្នក​ដែល​ពូកែ​ទំនាក់ទំនង​ទីផ្សារ​ច្រើន គេ​ជោគជ័យ​ច្រើនជាង ។ អ៊ីចឹង​បាន​កសិករ​យើង អ្នកខ្លះ​ត្រូវការ​ឲ្យ​មាន​អ្នកជំនាញ​ជួយ​គាត់​ឲ្យ​ចេះ​ផលិត ដើម្បី​ឲ្យ​ស្របតាម​ទីផ្សារ និង​តាម​ស្ដង់ដារ​មួយ​ដែល​គេ​ចង់បាន​។ ដូច្នេះ​វា​ជា​រឿង​មួយ ដែល​ត្រូវការ​អ្នកជំនាញ​ជួយ​កសិករ​មួយចំនួន​បន្ថែមទៀត ប៉ុន្តែ​កសិករ​ខ្លួនឯង ក៏ត្រូវ​ជួយ​ខ្លួនឯង​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​ស្ថាបនិក​អង្គការ​សេ​ដាក​។ 
 
​ជាមួយគ្នានេះ​រដ្ឋលេខាធិកា​រ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហ៊ាន វណ្ណ​ហន  ហាម​ប្រជាកសិករ​ផលិត​កសិកម្ម​ដំណាំ​តាម​គ្នា និង​ត្រូវ​ដឹង​ពី​តម្រូវការ​ទីផ្សារ​ឲ្យ​បាន​ច្បា​ស់សិន ដើម្បី​ចៀសវាង​ហានិភ័យ នៃ​តម្លៃ​ទីផ្សារ​ដែល​ឈ្មួញ​ក្រឡុក​។ ជាពិសេស​ប្រជាកសិករ​គួរ​ចូលក្នុង​សមាគម ឬ​បង្កើត​សមាគម​អ្នក​ផលិត​ស្វាយ ដើម្បី​អនុវត្ត​បច្ចេកទេស​នៃ​ការដាំដុះ​តាម​ស្ដង់ដារ​បច្ចេកទេស​។​
 
​តែ​បញ្ហា​នេះ មិនមែន​ត្រឹមតែ​ណែនាំ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​ទីផ្សារ​ប៉ុណ្ណឹង​ទេ តែ​រដ្ឋាភិបាល​ក៏ត្រូវ​មាន​ចំណែក​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែរ​។ ត្រង់ចំណុច​នេះ​លោក យ៉ង សាំង​កុមារ អតីត​ប្រធាន​អង្គការ​សេ​ដាក បា​នស​ង្គ​ត់​ធ្ងន់​ថា រដ្ឋាភិបាល​គួរតែ​ជួយ​គាំទ្រ​ឲ្យ​មាន​ឧស្សាហ៍កម្ម​កែច្នៃ​ក្នុងស្រុក ,​ផ្ដល់​អ្នកជំនាញ​និង​អ្នក​ប្រឹក្សា​កសិករ​តាម​បណ្ដា​ខេត្ត ជាពិសេស​គាំទ្រ​ឲ្យ​ពាណិជ្ជកម្ម​ខ្មែរ​ពង្រីក​ទីផ្សារ​នាំ​ស្វាយ​ទៅ​ក្រៅប្រទេស​ឲ្យ​បាន​ច្រើន​។ បើតាម​លោក កុមារ រដ្ឋាភិបាល​គួរតែ​ដាក់ចេញ​គោលការណ៍​បែបនេះ លើ​វិស័យ​កសិកម្ម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​លើ​ផ្នែក​នេះ ដោយ​មិនមែន​ត្រឹមតែ​ករណី​កសិផល​ស្វាយ​នោះទេ​។​
 
​លោក អ៊ិន ឆៃ​វ៉ាន់ ប្រធាន​សមាគម​កសិក​ម្ម​ស្វាយកែវ​រមៀត នៅ​ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ThmeyThmey ថា ស្វាយ​នៅក្រៅ​កញ្ចប់​ដែល​សមាគម​ប្រមូល​ទិញ​ពី​សមាជិក​មានតម្លៃ​៨០០​ទៅ​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្វាយ​ក្នុង​កញ្ចប់​មានតម្លៃ​ពី​១២០០​ទៅ​១៥០០​រៀល​។ ចំពោះ​អ្នកលក់​ស្វាយបាន​តម្លៃ​ក្រោម​៥០០​រៀល ដោយសារ​ស្វាយ​ទាំងនោះ គ្មាន​ស្តង់ដារ រូបរាង​មិនល្អ និង​គុណភាព​មិនត្រូវ​នឹង​ទីផ្សារ​របស់គេ​។​
 
​បើតាម​លោក អ៊ិន ឆៃ​វ៉ាន់  ចាប់ពី​ខែតុលា​ឆ្នាំ​២០១៨​មក សមាគម​លោក​បាន​ផ្គត់ផ្គង់​ផ្លែស្វាយ​ឱ្យ​ទីផ្សារ​វៀតណាម​បាន​ជាង​១,១​ម៉ឺន​តោន ហើយនឹង​ព្យាយាម​ឱ្យ​គ្រប់​តម្រូវការ​ទីផ្សារ​ចំនួន​១,២​ម៉ឺន​តោន នៅ​ចុងខែ​ឧសភា​ឆ្នាំ​២០១៩​។ ដោយឡែក​ទីផ្សារ​ប្រទេស​ថៃ​វិញ គឺ​សមាគម​លោក​មិនទាន់បាន​ផ្គត់ផ្គង់​ទេ ព្រោះ​លទ្ធភាព​ផលិត​ស្វាយ​ក្នុង​សមាគម​នៅមានកម្រិត​៕
 
 

Tag:
 ​ជាតិ​
  សេដ្ឋកិច្ច​
  កសិកម្ម​
  ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com