ជាតិ
សេដ្ឋកិច្ច
លោក ប្រាក់ សុខុន ស្នើឱ្យម៉ាឡេស៊ីជួយការពារពលករខ្មែរ
× ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីជួយការពារ និងបង្កើនការយកចិត្តទុកដាក់លើសុវត្តិភាពការងារដល់ពលករកម្ពុជា ដែលកំពុងរស់នៅនិងធ្វើការនៅទីនោះ។ ការស្នើសុំនេះបានធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោក ប្រាក់ សុខុន បានស្នើសុំដល់រដ្ឋាភិបាលម៉ាឡេស៊ី ឲ្យជួយការពារ និងយកចិត្តទុកដាក់លើពលករកម្ពុជាបន្ថែមទៀត ព្រោះកន្លងមកពលករកម្ពុជាដែលបានទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី តែងតែជួបបញ្ហាប្រឈមនានា ជាពិសេសសិទ្ធិការងារ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស។
ជាការឆ្លើយតបនឹងការស្នើនេះ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី បានលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ីបានយកចិត្តទុកដាក់លើពលករបរទេសខ្លាំងជាងមុន។ ហើយក្នុងពេលបច្ចុប្បន្ននេះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពលករបរទេសជាអត្ថិភាព ក្នុងការដោះស្រាយបញ្ហានានាដែលកើតមានចំពោះពួកគេផងដែរ។
អ្នកស្រី ទួត បញ្ញា បានស្រង់ប្រសាសន៍របស់ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ក្នុងកិច្ចប្រជុំ ទៅប្រាប់អ្នកកាសែង ដូច្នេះថា៖«លោក សន្យាថា នឹងខិតខំបន្តកិច្ចសហប្រត្តិបត្តការបន្ថែមទៀតជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហានានាដែលកម្មករកម្ពុជាជួបប្រទះក្នុងប្រទេសម៉ាឡេស៊ី»។
អ្នកស្រី ទួត បញ្ញា បានឲ្យដឹងថា បើតាមតួរលេខដែលអ្នកស្រីទទួលបាន ពីនាយកដ្ឋានអន្តោប្រវេសន៍របស់ម៉ាឡេស៊ី ពលករកម្ពុជាដែលបានចុះឈ្មោះស្របច្បាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីមានចំនួនជាង៣ពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្តែបើតាមតួរលេខរបស់ក្រសួងការងារកម្ពុជា ពលករខ្មែរទាំងខុសច្បាប់ និងស្របច្បាប់ ដែលបានទៅធ្វើរការនៅប្រទេសម៉ាឡេស៊ីមានចំនួនជាង៣ម៉ឺននាក់។
គួររម្លឹកថា កាលពីឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានផ្អាកការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ក្រោយពីមានរបាយការណ៍ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរងទារុណកម្ម និងការបៀតបៀនផ្លូវភេទពីសំណាក់ម្ចាស់ផ្ទះជនជាតិម៉ាឡេស៊ីជាដើម។ ហើយរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី បានព្រមព្រៀងគ្នា បញ្ជូននិងទទួលយកពលករខ្មែរ ទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ីឡើងវិញ កាលពីឆ្នាំ២០១៧៕
Tag:
ពលករកម្ពុជា
ម៉ាឡេស៊ី
ក្រសួងការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com