ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
​អ្នក​ដាំ​បន្លែ​នៅ​បឹងទំពុន​បន្ថយ​ប្រើ​ថ្នាំពុល​គីមី ព្រោះ​«​ត្រកួន​-​កញ្ឆែត​»​ចុះថោក​
14, Jun 2019 , 4:22 pm        
រូបភាព
​ភ្នំពេញ​៖ រដូវ​ធ្លាក់ភ្លៀង​ចូល​មកដល់​បានធ្វើ​ឲ្យ​តម្លៃ​ត្រកួន និង​កញ្ឆែត​នៅ​បឹងទំពុន​ធ្លាក់​ថ្លៃ​មក​ត្រឹមតែ ៦០០​ទៅ​១៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែលជា​តម្លៃ​ប្រជាកសិករ​បោះ​ដុំ​ទៅ​ឲ្យ​ឈ្មួញ​នៅ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស​ជាដើម​។ បើ​ធៀប​ទៅនឹង​រដូវប្រាំង គឺ​ពួកគាត់​អាច​លក់បាន​ថ្លៃ​ពី ២៥០០​ទៅ​៣៥០០​រៀល​។ តម្លៃ​បន្លែ​ពីរ​ប្រភេទ​ដែល​ធ្លាក់ចុះ​នៅលើ​ទីផ្សារ​នេះ បានធ្វើ​ឲ្យ​អ្នក​ដាំ​ដុះ​បន្លែ​នៅលើ​ផ្ទៃ​ទឹក​បឹងទំពុន ប្រប​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល​គីមី​រហូតដល់​៥០​ភាគរយ ទៅលើ​ការ​ច​ម្ចា​ត់​សត្វល្អិត​ចង្រៃ និង​ថ្នាំ​បំប៉ន​ដើម​ឲ្យ​លូតលាស់​បានល្អ​។​

 
​ដូច​រាល់​ឆ្នាំ នា​រដូវភ្លៀង​ធ្លាក់ចូល​មកដល់ បន្លែ​កញ្ឆែត​និង​ត្រកួន​ចាប់ផ្តើម​ធ្លាក់​ថ្លៃ​។ កសិករ​លោក សុខ គីម​ហៀ​ង និង​ភរិយា ដែល​បាន​ប្រកប​របរ​ដាំ​បន្លែ​ប្រភេទ​នេះ​នៅលើ​ផ្ទៃ​ទឹក​បឹងទំពុន​ជាង​១០​ឆ្នាំ​មកនេះ បាន​កាត់បន្ថយ​ប្រើប្រាស់​ថ្នាំពុល​គីមី​សម្រាប់​សម្លាប់​ដង្កូវ មេអំបៅ និង​ថ្នាំ​បំប៉ន​ដើម រហូតដល់​ទៅ​ពាក់កណ្តាល​នៃ​ដំណាំ​របស់គាត់ ដែលមាន​ទំហំ​៧០​ម៉ែត្រ​៤​ជ្រុង​។​
 
«​ក្នុង​មួយខែ ខ្ញុំ​បាញ់​ថ្នាំពុល​តែ​១​ទៅ​២​ដង​ប៉ុណ្ណោះ​។ ខ្ញុំ​គ្មាន​លទ្ធភាព​ទិញ​ថ្នាំពុល​បាញ់​ទេ ព្រោះ​វា​ថ្លៃ​ណាស់​។ ក្នុ​អំឡុង​ខែ​កញ្ឆែត​ធ្លាក់​ថ្លៃ​អីចឹង ទាល់តែ​ចាំបាច់​ណាស់​(​ដង្កូវ​ស៊ី​ខ្លាំង​) ទើប​ខ្ញុំ​បាញ់​ថ្នាំពុល​»​។ នេះ​ជាការ​រៀបរាប់​របស់លោក គីម​ហៀ​ង នៅ​ច្រាំង​បឹងទំពុន​កន្លែង​ដែល​គេ​ដឹក​បន្លែ​ចេញទៅ​ដាក់​ឲ្យ​ម៉ូយ ដោយ​កសិករ​វ័យ​ជិត​៥០​ឆ្នាំ​រូបនេះ រៀបរាប់​ប្រាប់ ThmeyThmey25 បន្ថែមថា ថ្នាំពុល​គីមី​យើង​ពិបាក​ប្រើ ព្រោះ​កញ្ឆែត​ខ្ញុំ​ឥឡូវ​លក់បាន​មួយ​គីឡូ ៦០០​ទៅ​៧០០​រៀល ហើយ​ឈ្នួល​ថ្លៃ​កាត់​កញ្ឆែត​អស់ ៣៥០​រៀល​ក្នុង​មួយ​គីឡូ​។ គ្រាន់តែ​ខ្ញុំ​ទូទាត់​ឱ្យ​ថ្លៃ​កាត់ ទិញ​ថ្នាំ និង​ចំណាយ​តិចតួច​ផ្សេងទៀត គឺ​អត់​បាត់ទៅហើយ​»​។​


                 (លោក សុខ គីមហៀង អ្នកដាំកញ្ឆែតនៅបឹងទំពុន ថតដោយលោក ប៉ាន់ បូនី) 
 
​មុខរបរ​ដាំ​ត្រកួន​និង​កញ្ឆែត​នៅ​ផ្ទៃ​ទឹក​បឹង​ដ៏​ធំ​ល្វឹងល្វើយ នា​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ ប្រប​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​នេះ ជា​ប្រភព​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់លោក សុខ គីម​ហៀ​ង ដែលមាន​កូន​ពីរ​នាក់​ក្នុងបន្ទុក​ផង​។ ផ្ទុយ​ពី​រដូវប្រាំង​ដែល​ត្រកួន​និង​កញ្ឆែត​របស់​កសិករ គីម​ហៀ​ង លក់បាន​ថ្លៃ ស្រាប់តែ​រដូវ​ស្សា​ចូល​មកដល់​បន្លែ​ពីរ​ប្រភេទ​នេះ​ចាប់ផ្តើម​ធ្លាក់​ថ្លៃ​ខ្លាំង ដោយ​កសិករ​រូបនេះ​ប្រាប់ ThmeyThmey25 ថា ជា​រៀងរាល់ឆ្នាំ​ក្នុងអំឡុង​ខែមិថុនា ដល់​ខែសីហា កញ្ឆែត មានតម្លៃ​ត្រឹម​៦០០​ទៅ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែលជា​តម្លៃ​បោះ​ដុំ​ឲ្យ​ម៉ូយ​នៅតាម​ផ្ទះ និង​តម្លៃ ១០០០​រៀល គឺ​បោះ​ដុំ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ដើម​គរ ផ្សារ​នាគ​មាស និង​ផ្សារ​តាខ្មៅ​ជាដើម​។​
 
​កសិករ សុខ គីម​ហៀ​ង ដែល​ជួល​ដី​គេ​នៅក្នុង​បឹងទំពុន​ទំហំ​៧០​ម៉ែត្រ​៤​ជ្រុង​ក្នុងតម្លៃ​១​លាន​រៀល​ក្នុង​មួយឆ្នាំ បាន​ពន្យល់​បន្ថែម​ពី​មូលហេតុ​បន្លែ​របស់គាត់​ធ្លាក់​ថ្លៃ​យ៉ាងដូច​ច្នេះ​៖ «​ត្រកួន​និង​កញ្ឆែត ធ្លាក់​ថ្លៃ​ព្រោះ​អំឡុងពេល​ហ្នឹង​បន្លែ​វៀតណាម​នាំចូល​ច្រើន ហើយ​នៅ​ចន្លោះ​ខែមិថុនា​-​សីហា ជា​ខែ​ដែល​ត្រកួន​និង​កញ្ឆែត​នៅ​បណ្តា​ខេត្ត​នានា​ល្អ​និង​សម្បូរ​។ ម្យ៉ាងទៀត គឺ​ផុតពី​រដូវ​រៀបការ តម្រូវការ​កញ្ឆែត​មិនសូវមាន​ច្រើន​ទេ​»​។ បន្លែ​ធ្លាក់​ថ្លៃ​ដូច​សេចក្តីពន្យល់​របស់លោក សុខ គីម​ហៀ​ង ជា​មូលហេតុ​ធំ​បំផុត ដែល​ជំរុញ​ឲ្យ​កសិករ​រូបនេះ កាត់​បន្ថែ​ល​ការប្រើប្រាស់​ថ្នាំពុល​គីមី​លើ​បន្លែ​របស់គាត់​រហូតដល់​ទៅ​ពាក់កណ្តាល​។​


 
«​ត្រកួន​និង​កញ្ឆែត នៅ​បឹងទំពុន គឹ​ជៀស​មិន​ផុតពី​ការប្រើ​ថ្នាំពុល​គីមី​សម្រាប់​កម្ចាត់​សត្វ​ចង្រៃ​នោះទេ គ្រាន់តែ​ប្រើ​ច្រើន​ឬ​តិច​ទៅតាម​រដូវ​កាល​របស់​វា​ប៉ុណ្ណោះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សោម សុវណ្ណ ដែល​ស្ថិតនៅក្នុង​សម្លៀកបំពាក់​ទទឹក ដៃ​កំពុង​កាត់​ដើម​កញ្ឆែត​រៀប​ដាក់​លើ​រ៉ឺម៉ក​យកមក​បោះ​ដុំ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​នាគ​មាស​។ ផុត​រដូវ​កាល​រៀប​អាពាហ៍ពិពាហ៍ និង​បុណ្យទាន​ធំៗ ហើយ​ជា​រដូវភ្លៀង​ធ្លាក់​ដែល​បន្លែ​កញ្ឆែត​និង​ត្រកួន​នៅតាម​ជនបទ​សម្បូរ​ផងដែរ​នោះ ដែល​ធ្វើ​ឲ្យ​ប្រភព​បន្លែ​ពីរ​ប្រភេទ​នេះ​នៅក្នុង​បឹងទំពុន​លក់បាន​ថ្លៃ ជា​កត្តា​ជា​កត្តា​ជំរុញ​ឲ្យ​កសិករ​វ័យ​៣៥​ឆ្នាំ សុវណ្ណ ពន្យារពេល​ប្រើប្រាស់​ថ្នាំពុល​គីមី​ទៅលើ​បន្លែ​របស់​អ្នកស្រី ដែល​បាន​ជួល​ដី​បឹង​របស់​ក្រុមហ៊ុន​ក្នុង​ទំហំ​២​ហិកតា​ក្នុងតម្លៃ​២​លាន​រៀល​ក្នុង​មួយឆ្នាំ​។ 


                 (អ្នកស្រី សោម សុវណ្ណ អ្នកកញ្ឆែតនិងត្រកួននៅបឹងទំពុន ថតដោយលោក ប៉ាន់ បូនី)

អ្នកស្រី សោម សុវណ្ណ បាន​បន្ត​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ជា​ទម្លាប់​គឺ​ប្រើប្រាស់​ថ្នាំពុល​គីមី ដើម្បី​កម្ចាត់​ដង្កូវ មេអំបៅ និង​ប្រើ​ថ្នាំ​ជំនួយ​ដល់​ការលូតលាស់​របស់​បន្លែ​ប្រភេទ​នេះ​។ រយៈពេល​១៥​ថ្ងៃ ដែល​អាច​ប្រមូល​ផល​ពី​ដើម​កញ្ឆែត​យកទៅ​លក់បាន ខ្ញុំ​បាន​បាញ់​ថ្នាំពុល​៣​ដង ទោះ​ខែ​កញ្ឆែត​មាន​ថ្លៃ​ខ្ពស់ ឬ​ទាប​ក៏ដោយ គ្រាន់តែ​ខែ​មេឃ​ភ្លៀង​អីចឹង កញ្ឆែត​វា​ល្អ​ស្រាប់ យើង​ពន្យារពេល​ក្នុងការ​បាញ់ថ្នាំ​ប៉ុណ្ណឹង​»​។​
 
​ហាក់​មានសំណាង​ជាង​កសិករ សុខ គីម​ហៀ​ង ដែល​លក់​កញ្ឆែត​បានត្រឹមតែ ៦០០​ទៅ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម កសិករ សោម សុវណ្ណ បាន​បន្ត​ប្រាប់ ThmeyThmey 25 ថា​៖«​កញ្ឆែត​ខ្ញុំ​ល្អ ខ្ញុំ​ដឹកយក​ទៅ​បោះ​ដុំ​នៅ​ផ្សារ​នាគ​មាស​, ឱ្យ​ម៉ូយ​ផ្សេងទៀត​នៅ​ភ្នំពេញ និង​ម៉ូយ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ក្នុងតម្លៃ​ពី​១០០០​ទៅ​១៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ តម្លៃ​នេះ​បើ​ធៀប​នឹង​រដូវ​ដែល​កញ្ឆែត​បាន​ថ្លៃ​ខ្ពស់បំផុត គឺ​ក្នុង​ខែកុម្ភៈ​ដល់​មេសា ខ្ញុំ​លក់បាន​មួយ​គីឡូក្រាម​៣៥០០​រៀល​។ ជា​មធ្យម​ខ្ញុំ​អាច​ផ្គត់ផ្គង់​កញ្ឆែត​បាន​ពី​៤០០​ទៅ​៥០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​»​។​


 
​មិនមែន​មានតែ​កញ្ឆែត​ទេ​ដែល​ធ្លាក់​ថ្លៃ សូម្បីតែ​ត្រកួន​ក៏​ដូចគ្នា​ដែរ​។ កសិករ​វ័យ​ជាង​៥០​ឆ្នាំ ឈឹម វ័​ន្ត បាន​ប្រកបមុខរបរ​ដាំ​ត្រកួន​នៅក្នុង​បឹង​ទំ​ពុ​នេះ​ជិត​៣០​ឆ្នាំ​មកហើយ ដោយ​លោក​បាន​អះ​អាង​ថា ជាធម្មតា​នៅ​រដូវ​ណា​ដែល​ត្រកួន​លក់បាន​ថ្លៃ គឺ​លោក​តែងតែ​ប្រើ​ថ្នាំ​ជំនួយការ​លូតលាស់ និង​ថ្នាំ​ធ្វើ​ឲ្យ​ត្រកួន​នៅ​ខ្ចី​ជាដើម​។ ផ្ទុយទៅវិញ ប្រសិនបើ ដល់​រដូវ​ដែល​សម្បូរ​ត្រកួន ហើយ​លក់បាន​ថោក​ទៀត នោះ​កសិករ ឈឹម វ័​ន្ត មិនសូវ​ប្រើ​ថ្នាំពុល​គីមី​ច្រើន​ឡើយ​។​
 
«​បើ​ខ្ញុំ​ប្រើ​ថ្នាំពុល​ច្រើន​ក្នុង​រដូវ​ត្រកួន​លក់បាន​ថោក ខ្ញុំ​មិនអាច​លក់​សង​ថ្លៃ​ថ្នាំ​គេ​បានទេ ព្រោះ​ថ្នាំពុល​វៀតណាម​ឥឡូវ​ថ្លៃ​ណាស់​។ បច្ចុប្បន្ន ខ្ញុំ​ប្រើ​ថ្នាំពុល​លុះត្រា​តែមាន​ដង្កូវ​ស៊ី​ខ្លាំង ហើយ​ខ្ញុំ​កាត់​មិនទាន់​ឱ្យគេ បាន​ខ្ញុំ​បាញ់​កម្ចាត់​ដង្កូវ​ទាំងនោះ​»​។ បុរស​វ័យ​ចំណាស់​មាឌធំ​មាំ​រូបនេះ​បញ្ជាក់ប្រាប់ ThmeyThmey25 យ៉ាង​ដូច្នេះ មុននឹង​លោក​បន្តទៀតថា​៖ «​ត្រកួន​នៅ​ខែប្រាំង​ខ្ញុំ​ដាក់​ថ្នាំ​គីមី​ឲ្យ​វា​ខ្ចី​ល្អ ឆាប់​លូត​វែង ឆាប់​បាន​កាត់​បោះ​ដុំ​ឲ្យ​គេ គឺ​ខ្ញុំ​ប្រើ​ថ្នាំពុល​អស់​៣០​ម៉ឺន​រៀល​។ ប៉ុន្តែ នៅ​រដូវវស្សា​ចាប់ពី​ខែមិថុនា​ដល់​ខែកញ្ញា គឺ​ត្រកួន​លក់បាន​ថោក ខ្ញុំ​ក៏​បន្ថែម​ការប្រើ​ថ្នាំ​មក​នៅត្រឹមតែ​១៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​»​។ 


                       (លោក ឈឹម វ័ន្ត អ្នកដាំត្រកួននៅបឹងទំពុន ថតដោយលោក ប៉ាន់ បូនី)

លោក ឈឹម វ័​ន្ត ដែល​កំពុង​រអ៊ូ​នឹង​តម្លៃ​ត្រកួន​ចុះថ្លៃ​នេះ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ត្រកួន​បច្ចុប្បន្ន មានតម្លៃ​១០០០​រៀល​ក្នុង​មួយ​ដុំ ដែលមាន​ទម្ងន់​ប្រមាណ​២​គីឡូក្រាម តែបើ​នៅ​ខែប្រាំង​វិញ ត្រ​កូន​មានតម្លៃ​២០០០​ទៅ​២៥០០​រៀល​ក្នុង​ទំហំ​ដូចគ្នា​។​
 
​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​ថ្នាំពុល​គីមី​ទៅលើ​ត្រកួន​និង​កញ្ឆែត សម្រាប់​កម្ចាត់​ដង្កូវ និង​ប្រើ​ថ្នាំ​ជំនួយ​ដើម ក្នុង​រយៈពេល​៥​ថ្ងៃ​បាញ់​ម្តង​ គឺ​មិន​ប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ​ឡើយ​។ ថ្នាំពុល​ដែល​កសិករ​ខាងលើ​បាន​ប្រើប្រាស់ ជាធម្មតា​ក្នុង​រយៈពេល​១​ទៅ​២​ថ្ងៃ កម្រិតជាតិពុល​ដែល​ប៉ះពាល់​សុខភាព គឺ​បាន​បាត់​បង់ហើយ​។ នេះ​ជាការ​អះ​អាំង​របស់លោក សុខ សុធា ម​ន្រី្ត​បច្ចេក​ទេសដាំ​បន្លែ​របស់​អង្គការ GRET ប្រាប់​សារព័ត៌មាន​ថ្មី (ThmeyThmey.com) ។​


 
​លោក សុខ សុធា ប្រាប់ថា ការកាត់បន្ថយ​និង​ពន្យារពេល​ប្រើ​ថ្នាំ​គីមី​លើ​បន្លែ​ទាំងនោះ គឺជា​ជម្រើស​ល្អ​សម្រាប់​សេដ្ឋកិច្ច​ពួកគាត់​ក្នុង​បរិបទ ដែល​តម្លៃ​បន្លែ​ទាំងនោះ​ធា្ល​ក់​ថ្លៃ​។ ប៉ុន្តែ ជម្រើស​ដែល​ល្អប្រសើរ​ជាង​នេះ គឺ​ប្រជាកសិករ​ទាំងនោះ គួរតែ​យក​ឱកាស​ដែល​ត្រកួន​និង​កញ្ឆែត​មានតម្លៃ​ទាប​អីចឹង ងាក​មក​ប្រើ​ថ្នាំពុល​ធម្មជាតិ ជំនួស​ដោយ​ការ​ថ្នាំពុល​គីមី​វិញ ព្រោះ​ការប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ អាចជួយ​កាត់បន្ថយ​ថ្លៃដើម​បាន​កាន់តែច្រើន​។​


 
​ម​ន្រី្ត​បច្ចេក​ទេសដាំ​បន្លែ​របស់​អង្គការ GRET រូបនេះ បាន​ពន្យល់​ពី​បច្ចេកទេស​ផលិត​ថ្នាំពុល​ធម្មជាតិ ដើម្បី​ក​ម្ចា​ត់ស​ត្វ​ដង្កូវ​ដែល​ស៊ី​បន្លែ​ប្រភេទ​នេះ យ៉ាង​ដូច្នេះ​៖«​យើង​អាច​ប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ​សម្រាប់​ការពារ​និង​ទប់ស្កាត់បាន ដោយ​យក​ស្លឹក​ស្តៅ ម្ទេស និង​ទ​ន្ទ្រា​ង​ខែត្រ ចិញ្ច្រាំ​ឬ​បុក​បញ្ចូល​គា្ន​ផ្អាប់​ទុក​តែមួយ​យប់ គឺអាច​ប្រើប្រាស់​បាន​ហើយ​។ ការធ្វើ​ដូច្នេះ អាចជួយ​ឱ្យ​ត្រកួន កញ្ឆែត​ល្អ និង​រួច​ផុតពី​ការបំផ្លាញ​នានា​ពីស​ត្វ​ដង្កូវ​ទាំងនោះ​។ ជាពិសេស ការប្រើ​ថ្នាំពុល​ធម្មជាតិ វា​អាចឱ្យ​ប្រជាកសិករ​ជៀសផុត​ឆ្ងាយ​ពី​ការប្រើប្រាស់​ថ្នាំពុល​គីមី ដោយផ្ទាល់​បាន​មួយ​រយៈពេល​ផងដែរ​»​។​


 
​ប្រជាកសិករ​ដែល​ដាំ​ត្រកួន​និង​កញ្ឆែត​នៅ​បឹងទំពុន អាច​បាញ់​ថ្នាំពុល​ធម្មជាតិ​២​ដង​ក្នុង​សប្តាហ៍ ប៉ុន្តែ ត្រូវ​បាញ់​ឱ្យបាន​មុន​ពពួក​ដង្កូវ​ចង្រៃ​ចូលមក​ដល់​។ បើ​ចាំ​សត្វ​ចង្រៃ​នេះ​ចូលក្នុង​ចម្ការ​បន្លែ​ហើយ ថ្នាំពុល​ធម្មជាតិ​នោះ គឺ​ពិបាក​ក្នុងការ​បណ្តេញ ឬ​កម្ចាត់​ណាស់​។ មិន​ថា​រដូវ​ត្រកួន​និង​កញ្ឆែត មានតម្លៃ​ខ្ពស់ ឬ​ទាប​នោះទេ ប្រជាកសិករ​នៅ​បឹងទំពុន​គួរតែ​អនុវត្ត​ការប្រើប្រាស់​ពុល​ធម្មជាតិ​វិញ សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច  និង​សុខភាព​របស់​ពួកគាត់​។ នេះ​ជាការ​ផ្តល់យោបល់​បន្ថែម​របស់លោក សុខ សុធា ម​ន្រី្ត​បច្ចេក​ទេសដាំ​បន្លែ​របស់​អង្គការ GRET ។ 
 
​ទាក់ទិន​នឹង​ការប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ​នេះដែរ កសិករ​ខាងលើ​បាន​អះអាង​ប្រាប់ ThmeyThmey 25 ថា ពួកគាត់​ធ្លាប់បាន​ប្រើ​ថ្នាំពុល​ធម្មជាតិ​នោះ​ហើយ តែ​គ្មាន​ប្រសិទ្ធភាព​សម្រាប់​ប្រភេទ​ដំណាំ​លើទឹក​ទាំង​នោះឡើយ ទើប​ពួកគាត់​នៅ​បន្ត​ប្រើ​ថ្នាំពុល​គីមី​ដដែល​។ តើ​នេះ​មកពី​កសិករ​ទាំងនោះ មិនបាន​ប្រើ​ត្រឹមត្រូវ​តាម​បច្ចេកទេស​នៃ​ផលិត​និង​ប្រើ​ថ្នាំពុល​ធម្មជាតិ​មែនឬ​? ដូច្នេះ កសិករ​នៅ​បឹងទំពុន​នៅតែ​បន្ត​ប្រើប្រាស់​ថ្នាំពុល​គីមី​សម្រាប់​ស្រោច​ដំណាំ​របស់​ពួកគាត់​ទៀត​មែនឬ​? កញ្ឆែត និង​ត្រកួន​នៅ​បឹងទំពុន​ដែល​ពោ​រពេញ​ទៅដោយ​ជាតិគីមី ផ្គង់​ផ្គត់​នៅ​រា​ធានី​ភ្នំពេញ និង​បន្ត​ចែកចាយ​ស្ទើរ​ទូទាំងប្រទេស​នេះ តើ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​បរិភោគ​ទៀត​ឬ​យ៉ាងណា​? 

អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នា​ពិធី​ចែក​សញ្ញាបត្រ​ឲ្យ​និស្សិត​នៅ​រា​ធានី​ភ្នំពេញ សម្តេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ពិនិត្យ​និង​យកចិត្តទុកដាក់​លើ​ការទិញ​ផលិតផល និង​ចំណីអាហារ​គ្រប់មុខ ហើយ​ជៀសវាង​ការទិញ​របស់​ណា​ដែលមាន​ជាតិគីមី​។ មេដឹកនាំ​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​នេះ ជាការ​ចូលរួម​ទាំងអស់​គ្នា ទាំង​អ្នកលក់ ទាំង​អ្នកទិញ ទាំង​អ្នក​ដាំ​ដុះ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង មាន​សុវត្ថិភាព​ចំណីអាហារ​»​។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី​ក៏បាន​ឲ្យ​មន្ត្រី​កាំកុងត្រូល​ត្រួ​ន​ពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់​លើ​ការ​នាំចូល​ម្ហូបអាហារ និង​បន្លែ​ដែលមាន​ជាតិគីមី​ពី​ក្រៅប្រទេស​ផងដែរ​៕

Tag:
 សេដ្ឋកិច្ច​
  កសិកម្ម​
  គីមី​
  បឹងទំពុន
© រក្សាសិទ្ធិដោយ thmeythmey.com