ជាតិ
សេដ្ឋកិច្ច
កម្ពុជាគ្រោងនាំចូលអំបិលប្រមាណ ៥ម៉ឺនតោននៅឆ្នាំនេះ
× ភ្នំពេញ៖ ដោយសារភ្លៀងធ្លាក់ញឹកញាប់ ការផលិតអំបិលរបស់កម្ពុជានៅឆ្នាំនេះ មិនអាចបំពេញតម្រូវការក្នុងស្រុកបាននោះទេ។ ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប លោក ប៊ុន បារាំង ឲ្យដឹងថា កម្ពុជានឹងត្រូវនាំចូលអំបិលពីបរទេសប្រមាណ ៥ម៉ឺនតោននៅឆ្នាំ២០១៩នេះ។
បើតាមលោក ប៊ុន បារាំង ឆ្នាំនេះកសិករផលិតអំបិលបាន៣ម៉ឺនតោន ខណៈតម្រូវការក្នុងស្រុកមានប្រមាណ ១០ម៉ឺនតោន។ លោក បារាំង ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជានឹងត្រូវនាំចូលអំបិល៥ម៉ឺនតោនទៀត។ «យើងនឹងសុំគោលការណ៍ទៅរដ្ឋាភិបាល ដើម្បីនាំអំបិលចូល ៥ម៉ឺនតោន ក្នុងពេលឆាប់ៗនេះ»។ នេះជាប្រសាសន៍ លោក ប៊ុន បារាំង ។ លោកបញ្ជាក់ដូច្នេះទៀតថា៖«តែយើងមិននាំចូលម្ដងទាំង៥ម៉ឺនតោននោះទេ យើងនាំចូលរហូតដល់រដូវផលិតអំបិល (ដើមឆ្នាំក្រោយ) ហើយយើងមើលជាក់ស្ដែង បើផលិតបាន យើងនឹងមិននាំទាំងអស់នោះទេ តែយើងសុំឲ្យហើយ ៥ម៉ឺនតោន»។
បើបូកសរុបទាំងការផលិតបាន និងគ្រោងនាំចូល គឺមានទំហំ ៨ម៉ឺនតោន។ មានន័យថាមិនទាន់គ្រប់តម្រូវការ១០ម៉ឺនតោន។ ត្រង់ចំណុចនេះ លោក ប៊ុន បារាំង មានប្រសាសន៍ថា មានការនាំចូលអំបិលតាមច្រករបៀងមួយចំនួនទៀត ដូចនេះលោកនឹងសុំគោលការណ៍តែ ៥ម៉ឺនតោនប៉ុណ្ណោះ។
លោក ប៊ុន បារាំង បកស្រាយថា ការនាំចូលអំបិលប្រមាណ៥ម៉ឺនតោននេះ គឺដើម្បីបំពេញភាពខ្វះខាតក្នុងស្រុក ដោយមិនធ្វើប៉ះពាល់ដល់អ្នកផលិតក្នុងស្រុកនោះទេ។ លោកលើកឡើងដូចនេះថា៖«នៅកំពតចេះតែភ្លៀង យើងផលិតអត់បាន ដូចនេះយើងនាំចូល ដើម្បីបំពេញតម្រូវការ មិនមែននាំចូលធ្វើឲ្យប៉ះពាល់ការផលិតក្នុងស្រុកនោះឡើយ ហើយយើងនាំចូលជាដំណាក់កាលៗ បើក្នុងស្រុកអាចផលិតបាន យើងឈប់នាំត្រឹមនោះសិន»។
ប្រធានសហគមន៍អ្នកផលិតអំបិលរូបនេះ មិនអាចបញ្ជាក់ពីប្រទេសដែលកម្ពុជាទិញអំបិលនោះទេ ដោយសហគមន៍នឹងពិភាក្សាគ្នាបន្ថែមទៀត។ កាលពីអំឡុងដើមឆ្នាំ២០១៨ កម្ពុជាបាននាំចូលអំបិលពីចិន១ម៉ឺនតោន ក្នុងគម្រោង៣ម៉ឺនតោន។ មុន២០១៨ កម្ពុជាកាលកាលពីឆ្នាំ២០០៨ ធ្លាប់នាំចូលអំបិល ៦ម៉ឺនតោន។ នេះបើតាម លោក ប៊ុន បារាំង ៕
© រក្សាសិទ្ធិដោយ thmeythmey.com