JICA បានបញ្ចប់​ការសិក្សា​គម្រោង​រថភ្លើង​លើ​អាកាស​នៅ​ភ្នំពេញ
ជាតិ
រថយន្ត
សេដ្ឋកិច្ច
JICA បានបញ្ចប់​ការសិក្សា​គម្រោង​រថភ្លើង​លើ​អាកាស​នៅ​ភ្នំពេញ
10, Jul 2019 , 2:44 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​យក​លទ្ធផល​សិក្សា​គម្រោង​រថភ្លើង​ចំនួន​៣ ដែល​សិក្សា​ដោយ​ភាគី​ជប៉ុន និង​ភាគី​ចិន ដាក់ជូន​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ និង​ពិចារណា​ជ្រើសរើស​គម្រោង​ណាមួយ សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ភ្នំពេញ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំខែ​មេសា​និង​ឧសភា នៅ​ថ្ងៃទី​៨​ខែកក្កដា​។​


 
​គម្រោង​ទាំងបី​នេះ រួមមាន គម្រោង​ប្រព័ន្ធ​រថភ្លើង​ស្វ័យប្រវត្តិ (AGT) ដែល​សិក្សា​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA), គម្រោង​រថភ្លើង​ធុន​ស្រាល​លើ​អាកាស Monorail និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ដែល​សិក្សា​ដោយ​ចិន​។​
 
​អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក វ៉ា​ស៊ឹម សុរិយា មិនអាច​បញ្ជាក់បាន​ថា​ពេលណា​គម្រោង​ទាំងនេះ​នឹង​ទៅ​ដល់ដៃ​រដ្ឋាភិបាល​នោះទេ ព្រោះថា AGT ត្រូវ​បានបញ្ចប់​ការសិក្សា​រួចហើយ តែ​គម្រោង​ប្រព័ន្ធ​រថភ្លើង​ពីរ​ទៀត​ស្ថិតក្នុង​ដំណើការ​សិក្សា​របស់​ភាគី​ចិន​នៅឡើយ​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​បញ្ចប់​ការសិក្សា​តែមួយ​គឺ AGT របស់​ជប៉ុន រីឯ​គម្រោង​ពីរ​ទៀត​អត់​ទាន់​ចប់​ទេ ដែល​ចិន​កំពុង​សិក្សា តែ​ប្រហែល​ឆ្នាំក្រោយ​នឹង​បញ្ចប់​»​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១០​ខែកក្កដា លោក វ៉ា​ស៊ឹម សុរិយា មិនទាន់​អាច​បញ្ជាក់​លម្អិត​ពី​រថភ្លើង AGT ដែល​ជប៉ុន​ទើបតែ​បានបញ្ចប់​ការសិក្សា​នេះ​ទេ ដោយ​លោក​អះអាងថា JICA មិនទាន់​ដាក់​លទ្ធផល​សិក្សា​នោះមក​ក្រសួង​នៅឡើយ​។ លោក​គូសបញ្ជាក់​ដូច្នេះ​៖«​បញ្ចប់​ការសិក្សា​ហើយ តែ​ក្រសួង​មិនទាន់​ទទួលបាន​របាយការណ៍​របស់គេ​ទេ ហើយ​យើង​ត្រូវមាន​ប្រជុំ ធ្វើ​សិក្ខាសាលា (​បង្ហាញ​ពី​លទ្ធផល​សិក្សា​)»​។ 
 
​បើតាម​ការលើកឡើងរ​ប​ស់លោក ស៊ុន ចាន់ថុល នាពេល​កន្លងមក ប្រព័ន្ធ​រថភ្លើង AGT នេះ ត្រូវការ​ថវិកា មិនតិចជាង ៨០០​លាន​ដុល្លារ​នោះទេ​។ លោក​បន្ថែមថា ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ មាន​ប្រវែង ១៨​គីឡូម៉ែត្រ ដោយ​ផ្ដើមចេញពី​ម្ដុំ​ផ្សារ​ធំថ្មី ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ចំពោះ​ថវិកា​សាងសង់ រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ ឲ្យ​ដឹងថា រដ្ឋាភិបាល​ល​នឹង​ស្វែងរក​ហិរញ្ញប្បទាន​ពី​ជប៉ុន ក្នុង​ទម្រង់​ជា​ប្រាក់កម្ចី និង​ជំនួយឥតសំណង​ខ្លះ​៕
 

Tag:
 រថភ្លើង​លើ​អាស
© រក្សាសិទ្ធិដោយ thmeythmey.com