ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
​ទោះ​ប៉េស្ត​ជ្រូក​មិន​ឆ្លងទៅ​មនុស្ស តែ​អ្នកលក់​សាច់ជ្រូក​ត្អូញ​ថា «ខាត និង​បាត់​ម៉ូយ​ច្រើន​»
13, Jul 2019 , 8:59 pm        
រូបភាព
កញ្ញា ទឹម មាល័យ ​អ្នកលក់សាច់ជ្រូកនៅផ្សារបឹងត្របែក
កញ្ញា ទឹម មាល័យ ​អ្នកលក់សាច់ជ្រូកនៅផ្សារបឹងត្របែក
​ភ្នំពេញ​៖ អាជីវករ​លក់​សាច់ជ្រូក​នៅតាម​តូប​នីមួយៗ​ក្នុង​ផ្សារ​បឹងត្របែក មាន​អ្នកខ្លះ​លក់បាន​ត្រឹម​ទប់​ទល់នឹង​ថ្លៃដើម​(​មិន​ចំណេញ​) ឯ​អ្នក​ខ្លះទៀត​កំពុង​ខាត​ថ្លៃដើម​ផងដែរ​។ អាជីវករ​លក់​សាច់ជ្រូក​ទាំង​នោះបាន​លើកឡើងថា សព្វថ្ងៃ​សាច់ជ្រូក គឺ​តឹង​លក់​ខ្លាំងណាស់ ដោយសារតែ​ចំនួន​អ្នកប្រើប្រាស់​សាច់ជ្រូក​មានការ​ធា្ល​ក់​ចុះ​ជិត​ពាក់កណ្តាល ហើយ​ការធ្លាក់ចុះ​នៃ​អ្នកប្រើប្រាស់​សាច់ជ្រូក​នេះ បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បន្ទាប់ពី​មានការ​កើតឡើង​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក​ក្នុង​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ដែល​បាន​ឆ្លង​ពី​ប្រទេស​វៀតណាម​។

 
​ម៉ោង​ជិត​៩​ព្រឹក កញ្ញា ទឹម មាល័យ ដែលជា​អ្នកលក់​ជ្រូក​មួយកន្លែង​ក្នុង​បរិវេណ​ផ្សារ​បឹងត្របែក កំពុង​ចុច​ទូរ​សព្ទ​ដោយ​ច្រត់​ដៃ​លើ​ជ្រញ់​កាប់សាច់​ជ្រូក ខណៈដែល​អ្នក​ដែល​លក់​បន្លែ ត្រី សាច់​មួយចំនួនទៀត​កំពុងតែ​មមាញឹក​ក្នុងការ​លក់ទំនិញ​ទៅឱ្យ​អតិថិជន​។ ឆ្លៀត​ពេលដែល​មិនមាន​ភ្ញៀវ​ចូល​ទិញ​អាជីវករ​រូបនេះ បាន​និយាយប្រាប់​សារព័ត៌មាន ThmeyThmey ថា​៖«​សាច់ជ្រូក​ឥឡូវ​លក់​អត់​ដាច់​ទេ ព្រោះ​មួយថ្ងៃ​ខ្ញុំ​លក់បាន​ត្រឹម​៣០​គីឡូ​ក្រោម បើ​ធៀប​នឹង​១-២​ខែ​មុន ខ្ញុំ​បាន​៥០-៦០​គីឡូ​ក្រោម​។ ឥឡូវ ស្ងាត់​អ្នកទិញ​សាច់ជ្រូក​ខ្លាំងណាស់ មិន​ថា​ខ្ញុំ​មិន​ថា​គេ គឺ​នៅសល់​សាច់ជ្រូក​រាល់ថ្ងៃ គ្រាន់តែ​តិច​ឬ​ច្រើន​ទៅតាម​ហ្នឹង​»​។​
 
​បើតាម កញ្ញា ទឹម មាល័យ ទទួល​សាច់ជ្រូក​បោះ​ដុំ​ពី​ក្រុមហ៊ុន​មួយ ក្នុងតម្លៃ​១៣,៨០០​ក្នុង​មួយ​គីឡូ​ក្រោម​។ ហើយ​តម្លៃ​សាច់ជ្រូក​ដែល​កញ្ញា​លក់រាយ​នៅ​លក់​ទីផ្សារ​មាន សាច់​សុទ្ធ និង​ឆ្អឹងជំនី​តម្លៃ​២០,០០០​រៀល សាច់​បី​ជាន់ ឆ្អឹង​ស៊ុប និង​ជើង​ជ្រូក តម្លៃ​១៧,០០០-១៨,០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម​។ 


 
​មិន​ឆ្ងាយ​ពី​ប៉ុន្មាន ពី​តូប​លក់​សាច់ជ្រូក​មួយកន្លែង​ទៀត​ដែលមាន​កញ្ញា ដន ស្រី​និ​ច ជា​អ្នកលក់​ដែល​ធ្លាប់តែ​លក់​ជ្រូក​អស់​៣​ក្បាល បាន​ធា្ល​ក់​ចុះ​នៅត្រឹម​១​ក្បាល​ទៅ​១​ក្បាល​កន្លះ ក្នុង​មួយថ្ងៃ​។ ជ្រូក​មួយ​ក្បាលមាន​ទម្ងន់​ជា​មធ្យម​៦០​គីឡូ​ក្រោម ។ នេះ​ការលើកឡើង​របស់​ស្រី​និ​ច លក់​សាច់ជ្រូក​អស់​រយៈពេល​៣​ឆ្នាំ នៅក្នុង​ផ្សារ​បឹងត្របែក​នេះ​។​
 
​បើតាម ស្រី​និ​ច សាច់ជ្រូក​ដែល​កញ្ញា​ទទួល​បោះ​ដុំ​ពី​ក្រុមហ៊ុន បាន​ឡើងថ្លៃ​តាំងពី​១១,០០០ មក​១៤,០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម ចាប់ពី​ខែមិថុនា​មក​។ ក្រោយ​ទទួល​សាច់ជ្រូក​បោះ​ដុំ​ឡើងថ្លៃ កញ្ញា ដន ស្រី​និ​ច ក៏បាន​តម្លៃ​សាច់ជ្រូក​លក់រាយ​នៅលើ​ទីផ្សារ​ផងដែរ​។ ក្នុងនោះ សាច់​សុទ្ធ​បាន​ឡើង​ពី​១៨០០០​រៀល​ទៅ​២០,០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម​។ សាច់ជ្រូក​បី​ជាន់​បាន​ឡើង​ពី​១៥,០០០​ទៅ​១៨,០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រោម​។ 


 
​ស្របពេល​ជាមួយ​សាច់ជ្រូក​ឡើង​ពី​១០០០​ទៅ​២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ​ក​កំពុង​កើតឡើង​ក្នុង​ទឹកដី​កម្ពុជា នា​រយៈពេល​ជាង​១​ខែ​ចុង​ក្រោយនេះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​ប​ឈ្ឈ​ប់​ឬ​ការផ្អាក់​ការទិញ​សាច់ជ្រូក​សម្រាប់​ធ្វើជា​អាហារ​ប្រចាំថ្ងៃ​។ កញ្ញា ដន ស្រី​និ​ច បាន​និយាយ​ដូច្នេះ​៖« សាច់ជ្រូក​ខ្ញុំ​ទិញ​បោះ​ដុំ​ពី​ក្រុមហ៊ុន​ថ្លៃ​ហើយ លក់​តម្លៃ​ដូច​គេ​នៅលើ​ទីផ្សារ ក៏​មិនសូវមាន​អ្នកមាន​ទិញ​ដែរ​។ ខ្ញុំ​លក់​រាល់ថ្ងៃ​បាន​ប្រាក់​គ្រាន់តែ​ទប់ទល់​នឹង​ថ្លៃដើម​ប៉ុណ្ណោះ គឺ​មិន​ចំណេញ​ឡើយ​។ តាម​ខ្ញុំ​គិត​គេ​មិនសូវ​ហូប​សាច់ជ្រូក​ដូច​មុនៗ មិនមែន​ដោយសារ​សាច់ជ្រូក​ឡើងថ្លៃ​នោះទេ គឺ​ប្រហែល​មកពី​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​ពី​ជ្រូក​(​ប៉េស្ត​អាហ្វ្រិក​)​។ ទាំង​ខ្ញុំ​ទាំង​គេ មានរឿង​បែបនេះ​កើតឡើង​ចង់​ឬ​មិន​ចង់ គឺ​ចេះតែ​ខ្លាច និង​ការពារ ទោះ​មិន​ឆ្លង​ដល់​មនុស្ស​ក៏ដោយ​»​។ 
 
​បើតាម​អាជីវករ​រូបនេះ ថ្វី​ដ្បិត​រយៈពេល​មួយខែ​ចុង​ក្រោយនេះ លក់​សាច់ជ្រូក​មិន​ចំណេញ​ក៏ពិតមែន ប៉ុន្តែ​ស្រី​និ​ច ក៏​គ្មាន​បំណង​ផ្អាក​មុខរបរ​នេះ​ផងដែរ ព្រោះ​ខ្លាច​បាត់បង់​ម៉ូយ​(​អតិថិជន​)​។​
 
«​លក់​សាច់ជ្រូក​រាល់ថ្ងៃ​គឺ​អត់​បាន​ចំណេញ​ទេ ព្រោះ​អី​សាច់ជ្រូក​ដែល​ទទួល​បោះ​ដុំ​ពី​គេ​ឡើងថ្លៃ ហើយ​ការ​ផ្ទះ​ជំងឺប៉េស្ត​ជ្រូក​នោះ​ទៀត ធ្វើឱ្យ​ប្រជាពលរដ្ឋ​យើង​រឹតតែ​ពិបាក​ទិញ​ហូប​។ ក្រោយពី​ឆ្នាំ​ចូលមក​ខ្ញុំ​លក់បាន​ប្រាក់​រួច​ថ្លៃ​ហូប ប៉ុន្តែ​ចាប់​ខែ​៦(​មិថុនា​)​មក​ពេលនេះ​គឺ​ខាត​ខ្លាំង​តែម្តង​។ ក្នុង​មួយ​ថ្លៃ​ខ្ញុំ​ខាត​៤-៥​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​»​។  នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សួន គឹម​នូវ​។ 
 
​បើតាម​ស្ត្រី​លក់​សាច់ជ្រូក​រាយ​នៅក្នុង​ផ្សារ​បឹងត្របែក​រូបនេះ  ក្រោយ​មានការ​ផ្ទះ​ជំងឺ​ជ្រូក​ប៉េស្ត នៅ​វៀតណាម​កន្លងមក អ្នកស្រី​លក់​សាច់ជ្រូក​បានត្រឹមតែ​រួម​ថ្លៃដើម ហើយ​ថ្ងៃ​ខ្លះ​ខាតដើម​ផងដែរ​។ មូល​ហេតុដែល​ធ្វើឱ្យ​អ្នកស្រី​ខាតដើម ព្រោះ​សាច់ជ្រូក​ទិញ​បោះ​ដុំ​ពី​គេ​ថ្លៃ ហើយ​លក់រាយ​នៅ​ផ្សារ​បាន​តម្លៃថោក​។ ទន្ទឹមនឹង​តម្លៃ​សាច់ជ្រូក​លក់រាយ​នៅលើ​ផ្សារ​ថោក​ហើយ មិនសូវមាន​អ្នក​ហូប​ទៀត​។ 
 
​ស្រី្ត​វ័យ​៦០​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​៖«​សាច់ជ្រូក​ខ្ញុំ​លក់​ថោក​ជាងគេ​ហើយ គ្មាន​អ្នកទិញ​ទៀត​។ គេ​លក់​សាច់​បាន​២០,០០០​រៀល សាច់​ល្អ​ដូចគ្នា ខ្ញុំ​លក់​បានតែ​១៨,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ លក់​ថោក​ជាង​គរ​ហើយ គ្មាន​អ្នកទិញ​ទៀត​ឥឡូវ អតិថិជន​ប្រចាំថ្ងៃ​ដែល​ទិញ​ម្តង​មួយ​គីឡូ ធា្ល​ក់នៅ​កន្លះ​គីឡូក្រាម​។ មិន​ពិបាក​រកស៊ី​ខ្លាំងណាស់ ក្រោយ​មាន​ជំងឺ​ជ្រូក​ហ្នឹង​នៅ​កម្ពុជា ដែល​ពីមុខ​ខ្ញុំ​លក់​អស់​ជ្រូក​៧០-៨០​គីឡូ​ក្នុង​មួយថ្ងៃ ឥឡូវ​លក់ដាច់​ខ្លាំង​បំផុត​បាន​៤០​គីឡូ​ក្រោម ក្នុង​មួយថ្ងៃ​»​។​


អ្នកស្រី សួន គឹមនូវ អាជីវករលក់សាច់ជ្រូកក្នុងផ្សារបឹងត្របែក
 
​ពាក់ព័ន្ធ​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ អ្នកស្រី សួន គឹម​នូវ បាន​និយាយថា​វា​មិន​ឆ្លង​ដល់​មនុស្ស​នោះទេ ដោយ​អ្នកស្រី​ធ្លាប់​មើល​ព័ត៌មាន និង​ការចុះផ្សាយ​ក្រសួងសុខាភិបាល​កន្លង​មក​។ ដោយឡែក​ជុំវិញ​ការលក់​សាច់ជ្រូក​មិន​ដាច់​នេះ ព្រោះ​អតិថិជន​ដែលជា​ប្រជាពលរដ្ឋ​មួយចំនួនធំ មិនទាន់​ទទួល​ព័ត៌មាន​មួយ​ច្បាស់លាស់​នៃ​ជំងឺ​នេះ​(​ថា​មិន​ឆ្លង​) ទើប​ធ្វើឱ្យ​ពួកគេ​ខ្លាច និង​ហ៊ាន​បរិភោគ​សាច់ជ្រូក ទោះបី​អះអាងថា​គ្មាន​ផ្ទុកមេរោគ​នៃ​ជំងឺប៉េស្ត​ជ្រូក​នេះ​ក៏ដោយ​។ ជាមួយគ្នានេះ អ្នកស្រី​បាន​អំពាវនាវ​ដល់​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ ឱ្យជួយ ផ្សព្វផ្សាយ​នូវ​ព័ត៌មាន និង​អនុវត្ត​ច្បាប់​ជុំវិញ​ពី​ជំងឺ​ជ្រូក​នេះ​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​អាជីវ​ករលក់​សាច់ជ្រូក​ដែលជា​លក់រាយ នៅលើ​ទីផ្សារ​។​


អ្នកស្រី កើត យ៉េន ជាស្ត្រីមេផ្ទះកំពុងដើរទិញសាច់ នៅផ្សារបឹងត្របែក
 
​ដោយឡែក អ្នកស្រី កើត យ៉េន ដែលជា​ស្ត្រី​មេផ្ទះ​ដើរ​ផ្សារ​ទិញ​ម្ហូប​រាល់ថ្ងៃ បាន​អះអាងថា​ខ្លួន​បាន​ឈប់​ទិញ​សាច់ជ្រូក​បរិភោគ​ជាង​មួយ​សប្តាហ៍​កន្លងមកហើយ ព្រោះ​ខ្លាច​ឆ្លង​ពី​ជំងឺប៉េស្ត​ជ្រូក​។ ស្រី្ត​វ័យ​៦៣​ឆ្នាំ​រូបនេះ ហាក់​ដឹង​មិន​ច្បាស់​នូវ​ព័ត៌មាន​ជុំវិញ​ពី​ជំងឺប៉េស្ត​ជ្រូក​នេះ ថា​វា​ឆ្លង​ឬ​មិន​ឆ្លង​ដល់​មនុស្ស​នោះទេ ដោយ​គ្រាន់តែ​ដឹងថា​មាន​ជំងឺ​ជ្រូក​នេះ​បាន​កើតឡើង​នៅ​កម្ពុជា ក៏បាន​ឈប់​ប្រើប្រាស់​សាច់ជ្រូក​តែម្តង​។  
 
​គិត​ត្រឹម​ដើមឆ្នាំ​២០១៩ កម្ពុជា​បាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្តរតនគិរី ដែល​បណ្តាល​ឲ្យ​ជ្រូក​ងាប់​ជាង​៤០០​ក្បាល​។ កាលពី​ថ្ងៃទី​២ កក្កដា ខេត្ត​ត្បូងឃ្មុំ ក៏មាន​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បណ្តាល​ឲ្យ​ជ្រូក​ងាប់​ចំនួន​៣៣៧​ក្បាល​។ ចំណែក​ខេត្តស្វាយរៀង​មាន​ជ្រូក​ងាប់​ចំនួន​២០​ក្បាល ហើយ​ខេត្តតាកែវ​មាន​ជ្រូក​ងាប់​ចំនួន​២៧​ក្បាល ដោយសារ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​៕ 
 
 

Tag:
 ប៉េស្ត​ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com