ជាតិ
សេដ្ឋកិច្ច
ក្នុង១ឆ្នាំ ស្រូវរបស់កម្ពុជាហូរចេញទៅវៀតណាម និងថៃ ២ទៅ៣លានតោន
× ភ្នំពេញ៖ ខណៈការនាំអង្កររបស់កម្ពុជាកើនតិចតួចតួច ការហូរចេញស្រូវទៅប្រទេសជិតខាងមានចំនួនធំ។ បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្រូវរបស់កម្ពុជាហូរទៅក្រៅយ៉ាងតិច ២ទៅ៣លានតោនក្នុងមួយឆ្នាំ។
ក្នុងសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ខែសីហា លោក វេង សាខុន បានថ្លែងដូច្នេះថា៖«នាំស្រូវពីកម្ពុជាទៅវៀតណាម របាយការណ៍បានសរុបប្រមាណ ១លាននិង៥៧ម៉ឺនតោន ទន្ទឹមនឹងយើងនាំចេញអង្ករបាន ៣០,៨ម៉ឺនតោន ដែលកើនតូចបំផុត ៣,៧ភាគរយនៅរយៈពេល៧ខែឆ្នាំនេះ អ៊ីចឹងពុំមានក្ដីសង្ឃឹមថាកើនខ្ពស់នោះទេ»។
សំឡេងប្រសាសន៍លោក វេង សាខុន ៖
លោក វេង សាខុន លើកឡើងថា នៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ ដើម្បីជំរុញការនាំចេញអង្ករ។ «យើងមានឃ្លាំង មិនប្រាកដថាទទួលបានជោគជ័យនោះទេ។ យើងត្រូវសាមគ្គីជាធ្លុងមួយ គឺដណ្ដើមទីផ្សារ ទី២គឺការផលិតពូជសុទ្ធ ដែលក្រុមហ៊ុននាំចេញត្រូវជួយសហគមន៍ផលិតពូជ ដោយផលិត និងយកទៅលក់ ប្រាកដថាពូជនោះសុទ្ធហើយ»។ នេះជាប្រសាសន៍របស់លោក វេង សាខុន មុននឹងបន្តដូចនេះទៀតថា៖«សួរប្រជាជនថាផលិតពូជអ្វី គាត់អត់ដឹងទេ ដឹងតែយកពូជវៀតណាម ហើយគេយកឡានមកដល់ដីស្រែរបស់គាត់»។
ជុំវិញការហូរចេញស្រូវទៅប្រទេសជិតខាង លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលទើបជាប់ឆ្នោតថ្មី បានឲ្យដឹងថា កសិករដាំស្រូវទៅតាមទីផ្សារប្រមូលទិញ។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១២ខែសីហាដូច្នេះថា៖«នៅពេលមានទីផ្សារប្រមូលទិញពេលប្រមូលផល អ្នកផលិតគឺផលិតពូជនោះហើយ ជាធម្មតាគឺអ៊ីចឹងហើយ ព្រោះសេដ្ឋកិច្ចទីផ្សារសេរីគឺបែបនេះ»។
លោក ហ៊ុន ឡាក់ បន្តទៀតថា ក្នុងរយៈពេលខ្លី ឬបណ្ដោះអាសន្ន ការហូរចេញស្រូវទៅវៀតណាមនេះជួយដោះស្រាយបញ្ហារបស់កសិករ ដែលត្រូវការលក់ស្រូវយកទុនភ្លាមៗ។ ប៉ុន្តែក្នុងរយៈពេលវែង លោក ហ៊ុន ឡាក់ យល់ថា ការជំរុញនាំចេញអង្ករឲ្យបានច្រើន គឺរឿងសំខាន់ ព្រោះចំណេញដល់សេដ្ឋកិច្ច។ លោកប្រាប់ថា បើនាំចេញអង្ករបានច្រើន នោះនឹងចំណេញអនុផលផ្សេងដូចជា អង្កាម ចុងអង្ករ កន្ទក់ សម្រាប់ផលិតជាថាមពល ជី ចំណីសត្វ ព្រមទាំងផ្ដល់ការងារជាដើម។
ដើម្បីជំរុញបរិមាណនាំចេញអង្ករ លោក ហ៊ុន ឡាក់ អះអាងថា កម្ពុជាត្រូវដាំដុះពូជស្រូវត្រូវតាមទីផ្សារ និងផ្ដល់ទិន្នផលខ្ពស់ និងបន្ថយថ្លៃដើមផលិត ដូចជាតម្លៃអគ្គិសនី ការដឹកជញ្ជូន បន្ទាបអត្រាការប្រាក់ធនាគារជាដើម។ បញ្ហាថ្លៃដើមផលិតនៅខ្ពស់នេះ ដែលលោក ហ៊ុន ឡាក់ អះអាងថាជាមូលហេតុកម្ពុជាចាញ់ការដេញថ្លៃលក់អង្ករជាមួយប្រទេសវៀតណាម៕
Tag:
អង្ករ
ស្រូវ
វេង សាខុន
ហ៊ុន ឡាក់
© រក្សាសិទ្ធិដោយ thmeythmey.com