ភ្នំពេញ៖ រដ្ឋាភិបាល គួរតែពិចារណាបង្រួមក្រសួងវិញ ដើម្បីបម្រើផលប្រយោន៍ឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ ។ នេះជាការលើកឡើងរបស់អ្នកតាមដានស្ថានការណ៍សង្គម បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកពីបញ្ហាបំពេញការងារជាន់គ្នាជាមួយក្រសួងធនធានទឹក និងឧតុនិយម។
«ការបំពេញការងារជាន់គ្នារបស់ក្រសួងមួយចំនួន បានកើតឡើងជាយូរណាមកហើយ»។ នេះជាការមើលឃើញរបស់លោក សន ជ័យ ដែលបានតាមដានលើប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ហើយរកឃើញថា ការអនុវត្តការងាររបស់ក្រសួងទាំងនោះ មិនសូវផ្ដល់ប្រសិទ្ធភាពដល់ការអភិវឌ្ឍឡើយ។ មិនសូវផ្ដល់ផលវិជ្ជមាននោះ ដោយសារតែក្រសួងពាក់ព័ន្ធនានា មានការទទួលខុសត្រូវប្រហាក់ប្រហែលគ្នា ទើបពួកគេរុញបញ្ហានេះ ដាក់គ្នាទៅវិញទៅមក។
ក្នុងន័យនេះប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានពន្យល់ថា នៅពេលដែលពលរដ្ឋដាក់សំណើពីបញ្ហាប្រព័ន្ធធារាសាស្ត្រ ទៅកាន់មន្ត្រីកសិកម្មនោះ គឺមន្ត្រីកសិកម្ម នឹងរុញបញ្ហានេះ ទៅកាន់ក្រសួងធនធានទឹកវិញ ដោយសម្អាងថា វាមិនមែនស្ថិតនៅក្នុងដែនគម្រោងខ្លួន។ ដោយសារមើលឃើញបែបនេះហើយ ទើបលោក សន ជ័យ យល់ថា ការបែងចែកការងារក្រសួង ដោយនៅមានភាពស្រដៀងគ្នានេះ វាជាឧបសគ្គដល់ការអភិវឌ្ឍ។
សំឡេងលោក សន ជ័យ៖
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពរូបនេះ បាននិយាយដូច្នេះថា៖«សម្រាប់ខ្ញុំ នៅតែយល់ថា ភាពមិនដាច់ស្រេចនៃការទទួលខុសត្រូវ នៅតាមវិស័យរបស់ក្រសួង ដែលមានច្រើនសម្បូរហូរហៀរសព្វថ្ងៃនេះ វាមិនមែនជាវឌ្ឍនភាព ប៉ុន្តែវាក៏ជាឧបសគ្គដល់ការអភិវឌ្ឍ ឬក៏ដល់ការអនុវត្តការងាររបស់ក្រសួងមួយចំនួនដែរ ដែលមានការពាក់ព័ន្ធគ្នា ឬក៏ការជាន់គ្នាទៅដល់ជំនាញប្រហាក់ប្រហែល»។
កាលពីថ្ងៃទី៩ សីហា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងពីបញ្ហាជាន់ការងាររវាងក្រសួងកសិកម្ម និងក្រសួងធនធានទឹក ថា ផ្នែកមួយចំនួននៅក្នុងការងារកសិកម្មនេះ វាមានភាពស្រដៀងគ្នា ដែលលោកក៏ពិបាកនឹងអនុវត្តដែរ ។ ថ្លែងក្នុងកម្មវិធីមហាសន្និបាត និងបោះឆ្នោតអាណត្តិទី៣របស់សហព័ន្ធស្រូវអង្ករកម្ពុជា លោក វេង សាខុន បាននិយាយដូច្នេះថា៖«ខ្ញុំឥឡូវនេះ លែងហ៊ានទៅដល់វាលស្រែហើយ ឱ្យតែដល់វាលស្រែហ្នឹង គឺជាកន្លែងប្រយុទ្ធរបស់គេ (ក្រសួងធនធានទឹក) ថាខ្ញុំទៅលូកលាន់ការងាររបស់គេ មិនអាចទៅមើលស្រូវបានទេឥឡូវនេះ គឺថាវាយប្រហារតែម្ដង ហាក់ដូចជាមិនត្រូវគ្នា»។
លោក វេង សាខុន បានចាត់ទុកផ្នែកធនធានទឹក ឬប្រព័ន្ធធារាសាស្ត្រ ជាគន្លឹះសម្រាប់ជំរុញវិស័យកសិកម្ម តែផ្នែកនេះហាក់មិនសូវរីកចម្រើនឆ្លើយតបនឹងសម័យកាលប្រកួតប្រជែង។ «បញ្ហាទឹកជាបញ្ហាគន្លឹះដ៏ធំ ដែលហាក់បីដូចជានៅទ្រឹង មិនសូវជឿនលឿនប៉ុន្មាន»។ នេះជាការបញ្ជាក់របស់លោក វេង សាខុន។
ត្រង់ចំណុចនេះអ្នកវិភាគ មើលឃើញថា សម្តីរបស់លោក វេង សាខុន បង្ហាញពីភាពអវិជ្ជមាន ឬការមិនយល់ចិត្តគ្នា ក្នុងកិច្ចសហការរបស់អន្តរក្រសួង។ លោក មាស នី បាននិយាយថា ការសហការនៃអន្តរក្រសួងកន្លងមកនេះ វាមិនបានផ្ដល់ផលវិជ្ជមានភ្លាមៗដល់ពលរដ្ឋនោះទេ ពោលគឺទាល់តែមានសម្តីបញ្ជាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សំឡេងលោក មាស នី៖
«ការត្អូញរបស់រដ្ឋមន្ត្រីកសិកម្មនេះ វាមានទិដ្ឋភាពមួយសំខាន់ គឺទី១ យើងត្រូវទទួលស្គាល់ថា ការធ្វើការអន្តរក្រសួង បានន័យថា កិច្ចសហការរវាងក្រសួងនេះ ឱ្យតែលើសពីមួយ គឺពិបាកគ្រប់គ្នា មិនមែនតែក្រសួងកសិកម្មមួយទេ។ លើកលែងតែក្រសួងមួយហ្នឹង ធ្វើការងារក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រីតែម្ដង បានយើងឃើញស្ទុះស្ទា រត់ផងដើរផង។ ប៉ុន្តែបើឱ្យក្រសួងនីមួយៗធ្វើការរួមគ្នានោះ អ្វីដែលជាការត្អូញដែលខ្ញុំឃើញនោះ មិនមែនតែរដ្ឋមន្ត្រីក្រសួងកសិកម្មទេ គឺនៅខាងក្រសួងដទៃទៀតក៏ដូចគ្នាដែរ គឺថាម្នាក់ៗ(ថ្នាក់ដឹកនាំក្រសួងនីមួយៗ) ហាក់ដូចជាតាំងខ្លួនធ្វើជាស្ដេចត្រាញ់រៀងខ្លួន»។ នេះជាការយល់ឃើញរបស់លោក មាស នី ដែលនិយាយបន្ថែមថា ការបែងចែកក្រសួងកន្លងមកនេះ វាបង្ហាញពីទម្រង់ក្បាលធំជាងខ្លួន ដែលទំនងជារដ្ឋាភិបាលបង្កើតឡើង ដើម្បីចែកកន្លែងគ្នាអង្គុយប៉ុណ្ណោះ។
ទាំងលោក មាស នី ទាំងលោក សន ជ័យ សុទ្ធតែស្នើឱ្យរដ្ឋាភិបាលពិចារណាកែទម្រង់ឡើងវិញ ក្នុងការបង្រួមក្រសួងពាក់ព័ន្ធនានាមកសល់ត្រឹមតែ១៦ ទៅ ១៨ អង្គភាពបានហើយ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តការងារតាមគោលនយោបាយរដ្ឋាភិបាល។ ក្នុងនោះក្រសួងពាក់ព័ន្ធ ដែលអ្នកទាំងពីរមើលឃើញថា គួរតែច្របាច់បញ្ចូលគ្នាតែមួយនោះ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងធនធានទឹក, ក្រសួងអភិវឌ្ឍន៍ជនបទជាដើម។ ចំណែកក្រសួងរ៉ែ និងថាមពល ,ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏រួមបញ្ចូលគ្នាវិញដែរ។
តែយ៉ាងណាអ្នកនាំពាក្យអង្គភាពរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននិយាយថា ការបំពេញការងាររបស់ក្រសួងពាក់ព័ន្ធនានា បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនេះ មានប្រសិទ្ធភាពជាច្រើនមកហើយ តាមរយៈសមិទ្ធផលរបស់រដ្ឋាភិបាល។ «បើយើងពិនិត្យមើលទៅក្នុងច្បាប់នៃការប្រព្រឹត្តិទៅរបស់ក្រសួងនីមួយៗ គេបានចែងច្បាស់លាស់ណាស់ពីកាតព្វកិច្ចនៅក្នុងការបំពេញ ឬក្នុងការទទួលខុសត្រូវដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់លាស់។ ឯការួម(ក្រសួងពាក់ព័ន្ធ)បញ្ចូលគ្នា វាជាភារកិច្ចរបស់នាយករដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ»។ នេះជាការឆ្លើយតបរបស់ អ្នកនាំពាក្យអង្គភាពរដ្ឋាភិបាល ដែលបានអះអាងថា ការបែងចែកក្រសួងកន្លងមក ដើម្បីបង្កើនប្រសិទ្ធភាពការងារ មិនមែនដើម្បីចែកកៅអីគ្នាអង្គុយនោះទេ។
សំឡេងលោក ផៃ ស៊ីផាន៖
បច្ចុប្បន្ននេះ កម្ពុជា មានក្រសួង និងស្ថាប័នធំៗ ចំនួន២៨ ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ ,ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងអភិវឌ្ឍន៍ជនបទ , ក្រសួងពាណិជ្ជកម្ម ,ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ,ក្រសួងផែនការ ,ក្រសួងអប់រំ យុវជន និងកីឡា ,ក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា ,ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ក្រសួងបរិស្ថាន ,ក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងព័ត៌មាន ,ក្រសួងយុត្តិធម៌ ,ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ,ក្រសួងសុខាភិបាល ,ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ,ក្រសួងទេសចរណ៍ ,ក្រសួងធម្មការ និងសាសនា ,ក្រសួងកិច្ចការនារី , ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងព្រះបរមរាជវាំង៕